Connect with us

ចរាចរណ៍

ក្រសួងការពារជាតិ ព្រមានចាត់វិធានការអ្នកប្រើប្រាស់រថយន្តផ្លាកលេខ (ខ.ម​) ខុសគោលការណ៍

បានផុស

នៅ

ក្រសួងការពារជាតិ ព្រមានចាត់វិធានការចំពោះបុគ្គលណាប្រើប្រាស់រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ (ខ.ម) មិនស្របតាមច្បាប់កំណត់ បង្កបាតុភាពដល់សង្គម សាធារណៈ ដែលធ្វើឱ្យប៉ះពាល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះ បន្ទាប់ពីក្រសួងការពារជាតិ សង្កេតឃើញថា ស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ កើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងសាធារណៈ។ តួយ៉ាងអ្នកប្រើប្រាស់ផ្លាកលេខ (ខ.ម) មួយចំនួនជារឿយៗ​នៅពេលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ តែងតែបញ្ចេញភាពក្រអឺតក្រទមមិនស័ក្ដិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដា្ឋនសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានជម្រាបជូនបណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ញាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ ចុះថ្ងៃទី​៣០ ខែសីហា ឆ្នាំ ២០២៤។

យោងអនុក្រឹត្យចុះថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ ២០០៨ ស្តីពីការចេញផ្លាកលេខសម្គាល់យានជំនិះ អ្នកប្រើប្រាស់ផ្លាកលេខ ខ.ម ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ ក្នុងន័យនេះក្រសួងសង្កត់ធ្ងន់ថា៖‌«ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារ ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន»។

ជុំវិញបញ្ហានេះ អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង សង្កេតឃើញថា រថយន្តរបស់ជនស៊ីវិលមួយចំនួនបានបំពាក់ផ្លាកលេខ ខ.ម. បើទោះបីជាច្បាប់មិនអនុញ្ញាតឱ្យបំពាក់ផ្លាកលេខប្រភេទនេះក៏ដោយ។ ក្នុងន័យនេះ លោកស្នើឱ្យក្រសួងដែលមានសមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់ ហើយការប្រើប្រាស់ផ្លាកលេខ ខ.ម. នេះគួរតែអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែយានយន្តរបស់កងកម្លាំង នាយទាហាន យោធា ឬសម្រាប់បេសកកម្ម ។
លោកថ្លែងថា៖«នៅពេលដែលមានរថយន្តស៊ីវិលពាក់ផ្លាកលេខ ខ.ម ត្រូវបានអ្នកផ្សេងដែលមិនមែនជាកងកម្លាំង នាយទាហានប្រើប្រាស់ គាត់អាចប្រើក្នុងរបៀបមិនគោរពគោលការណ៍ ច្បាប់ និងមិនគោរពវិន័យ ហើយប្រព្រឹត្តិបទល្មើសបើកបរបង្កគ្រោះថ្នាក់ បង្ហាញចរឹតក្រអឺតក្រទម នាំឱ្យប៉ះពាល់ម្ចាស់យាន្តផ្ទាល់ ប៉ះពាល់អង្គភាព​ និងប៉ះពាល់ដល់សង្គមសាធារណៈ»។

សូមរំឭកថា កាលពីខែកុម្ភៈ ឆ្នាំ​ ២០២៤ មាន​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​ម៉ាក LEXUS ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ ទៅ​ប៉ះទង្គិច​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​នៅ​​ខេត្ត​ព្រះសីហនុ​។ រីឯ​ករណី​មួយទៀត ក្នុងខែកុម្ភៈដដែល​ ​បុរស​ជនជាតិ​វៀត​ណា​ម​ម្នា​ក់បាន​បើកបរ​រថយន្ត​ម៉ាក FORD ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ​ បុក​រះ​បណ្តាលឱ្យ​មនុស្ស​របួសធ្ងន់​ស្រាល ​២៩ ​នាក់ នៅតាម​ផ្លូវជាតិ​លេខ​ ២១ ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ អ្នកបើកបរទាំងនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។

ជុំវិញការប្រើប្រាស់ផ្លាកលេខប្រភេទកងកម្លាំងនេះដែរ ក្រសួងមហាផ្ទៃ កាលពីខែមីនា ឆ្នាំ ២០២៤ បានចេញសេចចក្តីណែនាំ ដោយព្រមាន​ជាថ្មី​ហាម​យក​ផ្លាកលេខ​នគរបាលជាតិ ​(​ន​.​ប​)​ ទៅ​បំពាក់​យានយន្ត​ផ្សេងទៀត និង​ហាម​យក​យានយន្ត​ដែល​បំពាក់​ផ្លាក​លេខ​នគរបាលជាតិ​ទៅប្រើ​ប្រាស់ ប្រកប​អាជីវកម្ម​ផ្សេងៗ​មាន​លក្ខ​ណៈ​ជា​ឯកជន មិនមែន​សម្រាប់​បម្រើ​ផលប្រយោជន៍​ក្រសួង ឬ​រដ្ឋ ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​កងក​ម្លាំ​ង​នគរ​បាល​ជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម