ព័ត៌មានជាតិ
បង្វែរពីលើគោក មកស្គាល់តំបន់ទេសចរណ៍លើទឹកល្បីៗទាំង ១០ កន្លែង ជុំវិញបឹងទន្លេសាប
បឹងទន្លេសាបជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ បឹងទន្លេសាបជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិដ៏សំខាន់។
សម្រាប់ពលរដ្ឋកម្ពុជា បានហៅបឹងទន្លេសាបដូចជាកូនសមុទ្រទឹកសាប ដោយសារវិសាលភាពផ្ទៃបឹងដ៏ធំល្វឹងល្វើយមើលឃើញដាច់កន្ទុយភ្នែក។
សក្តានុពលនៃធនធានធម្មជាតិ និងជីវចម្រុះជាច្រើនអនេក បានធ្វើឲ្យបឹងទន្លេសាបក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ មានខេត្តចំនួន ៦ ដែលមានភូមិសាស្រ្តព័ទ្ធជុំវិញបឹងទន្លេសាបមានដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
កម្ពុជាថ្មី សូមបង្ហាញពីតំបន់ទេសចរណ៍ដ៏មានសក្តានុពលជុំវិញបឹងទន្លេសាប ដែលមានភាពទាក់ទាញទេសចរទៅកម្សាន្ត។
ក. ខេត្តសៀមរាប
>កំពង់ឃ្លាំង
សហគមន៍ទេសចរណ៍កំពង់ឃ្លាំងស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ផ្អែកតាមលក្ខណៈភូមិសាស្ត្រសហគមន៍នេះ ក្រៅអំពីសក្តានុពលខាងនេសាទ គឺវិស័យទេសចរណ៍។
សម្រាប់ភ្ញៀវទេសចរ ដែលមានបំណងចង់សិក្សាស្វែងយល់អំពីរបៀបរបបនៃការរស់នៅរបស់ប្រជាជន អំពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនៅតាមមាត់បឹងទន្លេសាបដូចជាធ្វើផ្អក ប្រហុក ត្រីឆ្អើរ អាចធ្វើដំណើរមកទស្សនានៅសហគមន៍កំពង់ឃ្លាំង។
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងក៏មានបម្រើសេវាកម្មដល់ភ្ញៀវទេសចរមានដូចជា៖
-សេវាកម្មកាណូតទេសចរណ៍
-សេវាកម្មទូកអុំទស្សនាក្នុងភូមិ និងក្នុងព្រៃលិចទឹក
-សេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ និងភេសជ្ជះ
>ចុងឃ្នៀស
តំបន់ទេសចរណ៍ចុងឃ្នៀស ជាច្រកទស្សនាបឹងទន្លេសាបក្នុងចំណោមច្រកទាំង ៤ (មានសហគមន៍ទេសចរណ៍ចុងឃ្នៀស សហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍ទេសចរណ៍បឹងពារាំង និងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង) ដើម្បីអាចទស្សនាសត្វស្លាប មច្ឆាជាតិ ព្រៃលិចទឹក ផ្ទះបណ្ដែតទឹក ព្រមទាំងទេសភាពបរិស្ថាននាបឹងដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។
តំបន់ទេសចរណ៍ចុងឃ្នៀសមានទីតាំងស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដោយអាចធ្វើដំណើរចេញពីក្រុងសៀមរាបទៅទិសខាងត្បូងប្រមាណ ២០ គីឡូម៉ែត្រ ពោលគឺតាមបណ្ដោយដងស្ទឹងសៀមរាបឆ្ពោះទៅភ្នំក្រោម។
>កំពង់ភ្លុក
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ដែលមាន ០៣ ភូមិ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម មានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ឆ្ពោះទៅរាជធានីភ្នំពេញ។
សហគមន៍នេះ មានភាពទាក់ទាញដល់អ្នកទេសចរ ដោយសារផ្ទះប្រជាជនសាងសង់ខ្ពស់ៗផុតពីផ្ទៃទឹក អាចទស្សនាភូមិបណ្តែតទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក និងផ្តិតយកនូវរូបភាពស្អាតៗ។ អ្វីដែលកាន់តែពិសេសគឺអាចទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយជាមួយនឹងភោជនីយដ្ឋានបណ្តែតទឹក បែរចិញ្ជឹមត្រី រួមជាមួយនឹងទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹង។
លក្ខណ:ពិសេសប្លែកគេរបស់សហគមន៍ ដែលភ្ញៀវទេសចរជាតិ-អន្តរជាតិពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្តក្នុងភូមិមើលទេសភាព និងព្រៃលិចទឹកដែលមានអ្នកអុំទូកជាស្ត្រីទាំងអស់ក្នុងចំណោមទូកចំនួន ៩៦១។ ក្រុមស្ត្រីអុំទូកនេះ មិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទ្ទេសក៍ទេសចរដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណ:ស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ ស្និទ្ធស្នាល ផ្តល់នូវភាពកក់ក្តៅ។
ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរទៅកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុកបានតាមរយ:រថយន្ត រ៉ឺម៉ក ឬម៉ូតូដោយប្រើរយៈពេលប្រមាណជា ២៥ នាទីពីទីរួមខេត្តទៅកាន់ចំណតកាណូតរបស់សហគមន៍ ហើយបន្ទាប់មកធ្វើដំណើរតាមកាណូតទៅកាន់សហគមន៍ដោយប្រើរយៈពេលប្រមាណ ២០ នាទីទៀត ទើបទៅដល់សហគមន៍កំពង់ភ្លុក។
>បឹងពារាំង
បឹងពារាំង ស្ថិតនៅជាប់មាត់បឹងទន្លេសាប ស្ថិតនៅក្នុងសង្កាត់ជ្រាវ-សង្កាត់សៀមរាប ចម្ងាយ ១៦ គម ខាងត្បូងក្រុងសៀមរាប និង ២ គម ខាងជើងបឹងទន្លេសាប។
បឹងពារាំងជាទីជម្រកមច្ឆាជាតិនិងជីវចម្រុះជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹកដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង ១៧០ ប្រភេទ។ បឹងនេះគ្របដណ្តប់ផ្ទៃទឹក ២៥០ ហិចតានារដូវប្រាំង ហើយបច្ចុប្បន្នត្រូវបានការពារនិងអភិរក្សយ៉ាងយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់បំផុតដោយសហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិ បឹងពារាំង-សង្កាត់ជ្រាវ។
ខ. ខេត្តបាត់ដំបង
>សហគមន៍អេកូទេសចរណ៍ព្រែកទាល់
សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាដែនជំរកសត្វស្លាបដ៏ធំបំផុតនៅកម្ពុជា ដែលមានប្រភេទសត្វបក្សីជាច្រើនប្រភេទកំពុងរស់នៅ។ ព្រែកទាល់ស្ថិតនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ មានទីតាំងនៅទិសពាយព្យ (ខាងជើងឈៀងខាងលិច) ខេត្តបាត់ដំបង ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីក្រុងបាត់ដំបង ដោយធ្វើដំណើរតាមកាណូត។
តំបន់នេះជាកន្លែងមួយ ដែលប្រមូលផ្តុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅយ៉ាងគួរឲ្យចង់ទស្សនា។ នៅរដូវប្រាំង (តុលា-ឧសភា) ប្រភេទសត្វស្លាបកម្រដូចជាទុង ក្រសា និង សត្វជាច្រើនប្រភេទទៀត បានមករស់នៅនិងបង្កាត់ពូជ។
ភ្ញៀវទេសចអាចគយគន់សម្រស់នៃព្រះអាទិត្យលិច និងអាចផ្តិតយកទេសភាពដ៏ស្រស់ស្អាតនៃសហគមន៍ផ្ទះបណ្ដែតទឹកលើក្បូនឫស្សី ឬផ្ទះទឹកដែលផ្លាស់ប្ដូរទៅតាមការឡើងនិងស្រកនៃផ្ទៃទឹកបឹង។ នៅក្នុងសហគមន៍អេកូទេសចរណ៍ព្រែកទាល់ ក៏មានផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរសម្រាក។
គ.ខេត្តកំពង់ធំ
>ផាត់សណ្តាយ
ផាត់សណ្តាយ ជាសហគមន៍អេកូទេសចរណ៍ធម្មជាតិស្ថិតក្នុងខេត្តកំពង់ធំ មានសក្តានុពលទេសចរណ៍ពីធម្មជាតិ។
សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ មានទីតាំងស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពុងធំ បង្កើតឡើងតាំងពីឆ្នាំ២០១៩ ដែលមានទំហំផ្ទៃដីប្រមាណ ២៣,០០០ ហិកតា។
អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ មានសក្តានុពលជាទីចាប់អារម្មណ៍ ដោយសារទីនេះមានព្រៃសហគមន៍ ព្រៃលិចទឹកជាច្រើនហិកតា ទស្សនាសត្វស្លាបចម្រុះជាច្រើនប្រភេទឱ្យចំណី និងទស្សនាត្រីមេពូជ ទស្សនាព្រែកអភិរក្សទាំង ៥ របស់សហគមន៍ សេវាកម្មផ្ទះស្នាក់ បោះតង់ ម្ហូបអាហារ មានកាណូតតូចធំ សម្រាប់ដឹកភ្ញៀវជិះកម្សាន្តតាមព្រៃសហគមន៍ ទស្សនាថ្ងៃរះនិងថ្ងៃលិចនៅផ្ទៃបឹងទន្លេសាបជាដើម។
ភ្ញៀវទេសចរមិនត្រឹមតែអាចសម្រាកលម្ហែកាយយ៉ាងសប្បាយរីករាយជាមួយនឹងទេសភាពធម្មជាតិប៉ុណ្ណោះទេ ភ្ញៀវទេស ចរក៏អាចមើលឃើញផ្ទាល់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍រស់នៅជុំវិញនោះប្រមាណជាង ១ ០០០ គ្រួសារ ដែលភាគច្រើនពឹងអាស្រ័យលើវិស័យទេសចរណ៍។
សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ មានចម្ងាយប្រមាណជាង ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ។ អ្នកទេសចរមានជម្រើសចំនួនពីរ ដើម្បីធ្វើដំណើរមកកាន់សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ ដោយអាចធ្វើដំណើរតាមផ្លូវគោក ប្រើប្រាស់មធ្យោបាយដោយរថយន្តឬម៉ូតូ និងតាមរយៈកាណូតរបស់សហគមន៍ចេញពីទីរួមខេត្តតាមស្ទឹងសែន មកកាន់សហគមន៍បាន។
អេកូទេសចរណ៍ធម្មជាតិនេះ ជាកន្លែងកម្សាន្តសម្រាកលម្ហែកាយបែបធម្មជាតិដ៏ល្អបំផុត ជាមួយនឹងសោភ័ណភាពស្រស់ស្អាត នៃផ្ទះបណ្តែតទឹក ព្រៃលិចទឹករាប់ម៉ឺនហិកតា ដើមស្តី (ប្រភេទឈើព្រៃលិចទឹក) ដែលមានទំហំដ៏ធំ (១២ ឱបមនុស្សពេញវ័យ) និងមានអាយុកាលជាង ២០០ឆ្នាំ។
>បឹងទន្លេឆ្មា
បឹងទន្លេឆ្មា ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ដែលមានចម្ងាយ ៣០គ.ម ពីស្រុកស្ទោងខេត្តកំពង់ធំ។ បឹងទន្លេឆ្មាជាតំបន់ជម្រកបក្សីគ្រប់ប្រភេទគ្របដណ្តប់លើផ្ទៃដី ៤០០ ហិកតា សំបូរទៅដោយព្រៃលិចទឹក និងកន្លែងមួយដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
បឹងទន្លេឆ្មាគឺជាតំបន់សត្វស្លាបដ៏ទាក់ទាញមួយ នៅលើទឹកដីខេត្តកំពង់ធំ ដែលសព្វថ្ងៃបានកំពុងក្លាយជាគោលដៅទេសចរណ៍ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅដល់ទឹកដីខេត្តកំពង់ធំ បន្ទាប់ពីប្រាសាទសំបូព្រៃគុក។
ក្រៅអំពីមានហ្វូងសត្វបក្សីជាច្រើនប្រភេទរស់នៅមានដូចជាកុក ក្អែក ទឹក ប្រវឹក ក្រៀល ស្មោញជាដើម ដែលជាចំណីចក្ខុសម្រាប់អ្នកទេសចរ ភ្ញៀវទេសចរក៏អាចធ្វើការសិក្សាស្វែងយល់អំពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍នេសាទនៅទីនោះផងដែរ។
ប្រសិនបើភ្ញៀវទេសចរមានបំណងចង់ទៅទស្សនា សត្វស្លាបនៅតំបន់បឹងទន្លេឆ្មានោះ ចាំបាច់ត្រូវធ្វើដំណើរចេញពីទីរួមខេត្តដោយការជិះទូកម៉ាស៊ីន ដែលត្រូវចំណាយពេលប្រហែលជា ២ ម៉ោងនៅតាមដងស្ទឹងសែន។ តំបន់បឹងទន្លេឆ្មា មានទីតាំងស្ថិតនៅក្នុងទឹកដីនៃ ឃុំផាត់សណ្តាយ ស្រុកស្ទោង ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ជាមួយនឹងខេត្តកំពង់ឆ្នាំង។
ឃ. ខេត្តពោធិ៍សាត់
>ជំរំសត្វស្លាប បឹងព្រះពន្លៃ
ជំរំសត្វស្លាបបឹងព្រះពន្លៃ គឺជាតំបន់អេកូទេសចរណ៍មួយដែលមានសត្វស្លាបជាច្រើនប្រភេទ ត្រី និងសត្វល្មូន រស់នៅក្នុងបឹងធម្មជាតិទំហំ ២២៤ ហិតា។ បឹងព្រះពន្លៃ ស្ថិតនៅក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ភ្ញៀវទេសចរអាចធ្វើដំណើរត្រឹមតែ ២៨គីឡូម៉ែត្រតែប៉ុណ្ណោះពីទីរួមខេត្តពោធិ៍សាត់។
ប្រសិនបើភ្ញៀវទេសចរ ចង់ទស្សនាគឺចាប់ពីម៉ោង ១៧ ដល់ម៉ោង ១៨ ល្ងាច ហើយហើរចេញនៅម៉ោង ៦ ព្រឹក។ តាមទម្លាប់ជាច្រើនឆ្នាំកន្លងមក រយៈពេលដែលសត្វស្លាបទាំងនេះមករស់នៅច្រើនកុះករនោះ គឺចាប់ពីខែសីហា រហូតដល់ខែមករា។
ពាក់ព័ន្ធការធ្វើដំណើរ ភ្ញៀវទេសចរដែលចេញដំណើរពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៥ មកដល់ទីរួមខេត្តពោធិ៍សាត់ ត្រង់គីឡូម៉ែត្រលេខ ១៩១ រួចបត់ទៅឆ្វេងតាមដងផ្លូវជាតិលេខ ៥៥ (កាត់តាមបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ) រហូតដល់គីឡូម៉ែត្រលេខ ២៥ បត់ទៅស្តាំចម្ងាយ ៣ ទៅ ៤ គីឡូម៉ែត្រ នឹងទៅដល់ជំរំសត្វស្លាបច្រើនប្រភេទ រាប់ម៉ឺនសែនក្បាលនោះជាក់ជាមិនខាន។
>កំពង់លួង
សហគមន៍នេះមានទីតាំងស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៧ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ទិដ្ឋភាពក្នុងភូមិមានភូមិចំនួន ៤ នៅលើទឹក និង ១ ភូមិទៀតនៅលើគោក។ ភូមិលើទឹក មានភូមិទី១ ទី២ ទី៣ និងទី៥។ នៅក្នុងភូមិមានសេវាគ្រប់យ៉ាងដូចជា សេវាលក់ទំនិញ ហូបចុក ទំនិញប្រើប្រាស់គ្រប់យ៉ាង ហើយពលរដ្ឋប្រកបមុខរបរចម្រុះដូចជានេសាទត្រី និងជួញដូរផ្សេងៗ។
ទេសភាពភូមិបណ្តែតទឹកពេលយប់ «ដូចជាទីក្រុងមួយដែលកំពុងអណ្តែតទឹក»។ ទីនោះជាគោលដៅទេសចរណ៍មួយដែលល្អសម្រាប់ភ្ញៀវទេសចរអាចជិះទូកកម្សាន្តទស្សនាភូមិបណ្តែតទឹក ព្រៃរនាម ការនេសាទបែបប្រពៃណី និងមើលថ្ងៃលិចជះចែងមកលើផ្ទៃបឹងទន្លេសាបដ៏ស្រស់ស្អាត។
បើទេសចរចង់ទៅលេងសហគមន៍ភូមិបណ្តែតទឹកកំពង់លួង ពេលធ្វើដំណើរទៅដល់ផ្សារក្រគរមានផ្លូវបំបែកជាបួនរវាងផ្លូវជាតិលេខ ៥ និងលេខ ៥៤ និងផ្លូវលេខ ៥៣B ត្រង់ទីប្រជុំជនស្រុកក្រគរ និងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៥៤ ពីទីប្រជុំជនស្រុកក្រគរ ចម្ងាយ ៧ គីឡូម៉ែត្រ។
បន្ទាប់មកត្រូវឆ្លងកាត់ភូមិទី ៤ សាលាឃុំកំពង់ហ្លួង និងអនុវិទ្យាល័យកំពង់ហ្លួង ទើបទៅដល់មាត់ទឹកដែលទីនោះ មានទូកតូច-ធំ នៅតម្រៀបគ្នារង់ចាំដឹកភ្លៀវទេសចរ និងដឹកទំនិញផ្សេងៗទៅផ្គត់ផ្គង់ជីវភាពអ្នករស់នៅលើភូមិបណ្តែតទឹក។
ង. ខេត្តកំពង់ឆ្នាំង
>ភ្នំនាងកង្រី
ភ្នំកង្រី គឺជាភ្នំមួយបង្កប់រឿងព្រេងនិទានប្រវត្តិសាស្ត្ររបស់ខ្មែរគឺ «រឿងពុទ្ធិសែននាងកង្រី» ដែលភ្នំមួយនេះមានទំហំរាប់ពាន់ហិកតា ស្ថិតនៅក្នុងឃុំត្រងិល និងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ ស្ថិតនៅទិសខាងជើងក្រុងកំពង់ឆ្នាំង ភ្ញៀវទេសចរអាចទៅកម្សាន្តបានទាំងរដូវប្រាំង និងរដូវវស្សាប៉ុន្តែគឺត្រូវឆ្លងដតាមកំពង់ផែទេសចរណ៍ដើមពោធិ៍ផ្សារក្រោម ដោយត្រូវធ្វើដំណើរឆ្លងកាត់ទន្លេចំនួន ៣ ទើបទៅដល់ភ្នំនេះ។
នៅពេលធ្វើដំណើរទៅដល់ចំណុចកំពង់ហាវ ឬកំពង់បឹង ត្រូវបន្តដំណើរឆ្លងកាត់ភូមិចំនួន ៤ គឺ ភូមិពោធិ៍អណ្ដែត កំពង់បឹង កែងតាសុក និងអណ្ដូងរនុក ដែលកាត់តាមច្រកភ្នំត្របែក ទៅដល់ដើមពោធិ៍ធំមួយដើមឈ្មោះថា “ពោធិ៍ដំណាក់” បត់ឆ្វេងដៃដើរកាត់តាមវាលស្រែចម្ងាយប្រមាណ ៧គ.ម ទើបដល់ភ្នំនាងកង្រី។
ភ្នំនាងកង្រីនេះបើគេសំឡឹងមើល ពីមាត់ទន្លេផ្សារក្រោមក្នុងទីរួមខេត្តកំពង់ឆ្នាំងទៅ គេនឹងឃើញតួភ្នំនាងកង្រីដូចរូបរាងមនុស្សស្រីដេកផ្កាប់មុខ មានសក់ក្បាល ចង្កេះ គូថ និងជើង ដែលនៅក្នុងរឿងព្រេងនិទានបុរាណ បាននិយាយថា សពនាងកង្រីស្លាប់ទៅ បានកើតទៅជាភ្នំមួយនេះ។
ភ្ញៀវទេសចរអាចកម្សាន្តទេសភាពនៅជើងភ្នំដ៏ស្រស់ត្រកាល អាចហែលទឹកកម្សាន្ត និងមើលទេសភាពថ្ងៃរៀបលិច៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction