ព័ត៌មានជាតិ
ពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ឥស្សរជន១៥រូប ទទួលបានគោរមងារជា«សម្ដេច»
មិនរាប់បញ្ចូលសែរាជវង្ស និងមន្ត្រីសង្ឈជាន់ខ្ពស់ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ ២០២៤នេះ មានឥស្សរជនចំនួន១៥រូប ពេញដោយចំណេះដឹង សមត្ថភាពបំពេញការងារ ព្រមទាំងបានលះបង់កម្លាំងកាយ ប្ដូរជីវិត ដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាព ស្ថិរភាព សន្តិភាព ការអភិវឌ្ឍជាតិ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ប្រទានគោរមងារជា “សម្ដេច”។
១/ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា
នៅឆ្នាំ២០០៧ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រទានគោរមងារជូនដល់សម្ដេច ជា ស៊ីមកូនអ្នកស្រុករមាសហែកខេត្តស្វាយរៀង ជា «សម្ដេចអគ្គមហាធម្មពោធិសាល»។ សម្ដេច ជា ស៊ីម បានទទួលមរណភាពនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។
២/សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា
សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រទានគោរមងារដល់សម្ដេច ហេង សំរិន កូនអ្នកខេត្តព្រៃវែងជា «សម្ដេចអគ្គមហាពញាចក្រី» នៅខែតុលាឆ្នាំ ២០០៧។
៣/សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
កើតចេញពីគ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី ១២ តុលា ឆ្នាំ ២០០៧ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទានគោរមងារជា «សម្តេចអគ្គមហាសេនាបតីតេជោ » ដល់សម្ដេច ហ៊ុន សែន។
៤/សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។
៥/សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
ភរិយារបស់សម្ដេចតេជោហ៊ុន សែន ត្រូវបានព្រះមហាក្សត្រប្រទានគោរម្យជា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត» នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ ចំថ្ងៃដែលកាកបាទក្រហមកម្ពុជា បានប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី១៥០។
៦/សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ អតីតប្រធានព្រឹទ្ធសភា
ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានប្រទានគោរមងារដល់ សម្ដេច សាយ ឈុំ កូនអ្នកខេត្តកំពង់ចាម ជា «សម្ដេច វិបុលសេនាភក្ដី» នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០១៥។
៧/សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានប្រទានគោរមងារដល់ សម្ដេច ស ខេង ជា «សម្ដេចក្រឡាហោម» នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០១៥ ក្នុងថ្ងៃដំណាលគ្នាជាមួយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ។
៨/សម្ដេច វិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី
មានដើមកំណើតនៅស្រុកគិរីវង់ ខេត្តតាកែវ សម្ដេចសុខ អាន ត្រូវបាន ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទានគោរមងារដល់ សម្ដេច សុខ អាន ជា «សម្ដេច វិបុលបញ្ញា» នៅថ្ងៃទី១៣ខែមិនាឆ្នាំ ២០១៧។ យ៉ាងណាក្រោយទទួលបានគោរមងារនេះ បានតែពីរថ្ងៃប៉ុណ្ណោះ សម្ដេចវិបុលបញ្ញាសុខអាន បានទទួលមរណៈភាព ដោយរោគាពាធ នៅលើទឹកដីនៃទីក្រុងប៉េកាំង ប្រទេសចិន។
៩/សម្ដេចពិជ័យ សេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ជាកូនកសិករក្រីក្រ កើតនៅស្រុកកោះកុង ខេត្តកោះកុង សម្ដេច ទៀ បាញ់ ត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «សម្ដេចពិជ័យសេនា» នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
១០/សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ភរិយា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន
ព្រះមហាក្សត្រនៃកម្ពុជានៅថ្ងៃទី២៣ខែមករាឆ្នាំ២០២០ ទ្រង់ប្រទានគោរម្យជា «សម្ដេចធម្មវិសុទ្ធវង្សា» ជូនដល់ ភរិយារបស់សម្ដេច ហេង សំរិន ។
១១/សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង
បងប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ប្រទានគោរម្យជា «សម្ដេចឧត្ដមទេព ញាណ» នៅថ្ងៃទី ០៧ខែឧសភាឆ្នាំ២០២២។ ព្រះមហាក្សត្រទ្រង់ប្រទានគោរមងារជា សម្ដេចឧត្ដមទេពញាណ នេះ ក្រោយពេលសម្ដេច ហ៊ុន ណេង ទទួលមរណភាពបានចំនួន២ថ្ងៃ(សម្ដេច ហ៊ុន ណេង ទទួលមរណភាពថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣)។
១២/សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
កើតនៅឃុំសំបួរ ស្រុកសំបូរ ខេត្តក្រចេះ សម្ដេច ម៉ែន សំអន ត្រូវបាន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទានគោរមងារជា «សម្ដេចកិត្តិសង្គហបណ្ឌិត» នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៣។
១៣/សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាលទី៧
ព្រះមហាក្សត្រ ទ្រង់ប្រទាន គោរមងារជា «សម្ដេចមហារដ្ឋសភាធិការធិបតី» ដល់សម្ដេច ឃួន សុដារី នៅថ្ងៃទី២ខែកញ្ញាឆ្នាំ ២០២៣។
១៤/សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអាណត្តិទី៧
សម្ដេច ហ៊ុន ម៉ាណែត ត្រូវបានសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទានគោរមងារជា «សម្ដេចមហាបវរធិបតី» នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៣ ពោលគឺក្នុងថ្ងៃតំណាលគ្នាជាមួយនឹង សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។
១៥/ សម្ដេចមហាមន្ត្រី គុយ សុផល
ឧកញ៉ាមហាមន្ត្រី គុយ សុផល ត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា “សម្តេចមហាមន្ត្រី គុយ សុផល” នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ