ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ចង់ឃើញកម្ពុជា និងថៃ ស្នើចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ឃើញកម្ពុជា និងថៃ ស្នើទៅកាន់អង្គការយូនីស្កូ ដើម្បីចុះបញ្ជីរួមគ្នាលើ សម្បត្តិបេតិកភណ្ឌមួយចំនួន ជាជាងការដណ្ដើមគ្នាធ្វើម្ចាស់កម្មសិទ្ធិផ្ដាច់មុខ ខណៈប្រជាជាតិទាំងពីរ មានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា។
បំណងរបស់សម្ដេចតេជោដូច្នេះ ស្របពេលដែលគេក្រោយសង្កេតឃើញថា ជារឿយៗតែងមានការវែកញែកគ្នារវាងប្រជាជាតិទាំងពីរ កម្ពុជា និងថៃ ក្នុងការខ្វែងគំនិត ឬដណ្ដើមគ្នាទៅវិញទៅមក ថា ជារបស់ប្រទេសនេះ ជារបស់ប្រទេសនោះ ជាដើម។
ជំនួសឱ្យការដណ្ដើមកម្មសិទ្ធិគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យភាគីកម្ពុជា និងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ក៏ដូចជាជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនាដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក។ សម្ដេចតេជោ បានលើកជាឧទាហរណ៍ដូចជា ពិធីបុណ្យសង្ក្រាន្ត ជាដើម។ ជាការកត់សម្គាល់ កន្លងទៅ ក៏មានការខ្វែងគំនិតខ្លាំង ក្រោយមានការស្នើរបស់ភាគីថៃ ដាក់ «សង្ក្រាន្តថៃ» ទៅក្នុងបញ្ជីអង្គការយូនីស្កូ ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នា ថា ជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ»។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ នៅក្នុងឱកាសទទួលជួប និងជម្រាបលាពីសំណាក់លោក ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលនឹងត្រូវចប់អាណត្តិការទូត នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
សម្ដេចតេជោ បានបន្តថា កម្ពុជា និងថៃ ជាប្រទេសជិតខាងនឹងគ្នាដែលមានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា ហើយការទៅមករកគ្នារវាងប្រទេសទាំងពីរ ក៏ត្រូវបានបើកទូលាយបន្ថែមទៀត ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរមានឱកាសទៅធ្វើទស្សនកិច្ចស្វែងយល់ផ្សេងៗ រួមទាំងការទៅពិនិត្យព្យាបាលជំងឺ ជាដើម។
លោក ឆឺតគៀត អាត់ថាកន ឯកអគ្គរាជទូតថៃបានជម្រាបជូនសម្ដេចតេជោ ថា ក្នុងរយៈពេលជិត២ឆ្នាំនៃអាណត្តិការទូតរបស់លោក បានចូលរួមពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់គ្នា និងជំនឿទុកចិត្តទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជននៃប្រទេសទាំងពីរដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រកាលពីខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសថៃ។
លោកឯកអគ្គរាជទូត បានបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយលោកសង្ឃឹមថា ពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនលូតលាស់ជាងនេះទៅទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ