Connect with us

ព័ត៌មានជាតិ

ជាថ្មីម្ដងទៀត កម្ពុជា បណ្ដេញជនជាតិវៀតណាម៦០នាក់ ចេញពីប្រទេស

បានផុស

នៅ

ជាថ្មីម្ដងទៀត នៅរសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤   អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ៦០នាក់ ស្រី១៥នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ នៅកម្ពុជា (Call Center) ចេញពីប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទម្រាំវែកមុខក្រុមជនជាតិវៀតណាមលួចស្នាក់នៅធ្វើការងារខុសច្បាប់មួយក្រុមនេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវបង្ក្រាបក្រុមជនជាតិវៀតខុសច្បាប់ទាំងនេះ ដែលសម្ងំធ្វើសកម្មក្នុងទីតាំងខេត្តព្រះសីហនុ។

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមខុសច្បាប់មួយក្រុមនេះចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ ស្រី ៦នាក់ ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងកំណោមជនជាតិវៀតណាមទាំង២៥នាក់នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីការឃាត់ខ្លួនរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងពន្ធនាគារខេត្តព្រះសីហនុ។ ការបណ្ដេញចេញជនជាតិវៀតណាមនាកាលណោះ ក៏បានធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពតដូចគ្នា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម