ព័ត៌មានជាតិ
កម្ពុជា-ប៉ាគីស្ថាន លើកកម្ពស់កិច្ចសហប្រតិបត្តិការធ្វើឱ្យប្រសើរឡើងលើវិស័យអប់រំ
នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ ក្នុងគោលបំណងដើម្បីពិនិត្យសក្តានុពលក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងលើវិស័យអប់រំ។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ លោកឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពង្រឹង និងពង្រីកកាន់តែប្រសើរឡើងថែមទៀត។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានអបអរសាទរដល់ លោកឧបនាយករដ្ឋមន្ត្រី ចំពោះការបន្តកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភាពជោគជ័យនៃការប្រារព្ធ SEA Games-ASEAN Para Games នាឆ្នាំ២០២៣ កន្លងទៅនេះ។ លោកក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរលើវិស័យអប់រំ រវាងកម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានៅក្នុងវិស័យជាច្រើន ជាអាទិ៍វិស័យពាណិជ្ជកម្ម។
ក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូត បានរំលឹកពីប្រវត្តិនៃប្រទេសប៉ាគីស្ថាន និងវិស័យអប់រំដែលមានភាពស្រដៀងគ្នាទៅនឹងកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងផលវិបាក និងគុណភាពអប់រំនៅតំបន់ជនបទ ដូចជាបញ្ហាលើសខ្វះគ្រូ និងសិស្សជាដើម ក៏ដូចជាបានលើកឡើងពីកិច្ចសហការរវាងប៉ាគីស្ថាន និងកម្ពុជាជាយូរមក ដែលប្រទេសទាំងពីរមិនចាប់យកឱកាសសហការឱ្យបានរឹងមាំ។ លោកឯកអគ្គរដ្ឋទូត សង្ឃឹមថា ថ្ងៃនេះគឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធនឹងវិស័យអប់រំ ដូចជាការផ្តល់នូវអាហារូបករណ៍ កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀននៃប្រទេសទាំងពីរ កម្មវិធីផ្លាស់ប្ដូរវប្បធម៌គ្នា ការអភិវឌ្ឍន៏យុវជន និងកីឡាផងដែរ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំនៃប្រទេសទាំងពីរ កម្មវិធីផ្លាស់ប្តូរវប្បធម៌ផ្សេងៗ ដែលជួយក្នុងការអភិវឌ្ឍន៍គុណភាពអប់រំ យុវជន និងកីឡា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីប្រវត្តិនៃសហគមន៍មូស្លីមនៅកម្ពុជា ហើយបានលើកឡើងថាសាកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធសឹងតែមានតំណាងសម្រាប់សហគមន៍មូស្លីម។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក្រសួងអប់រំ បានណែនាំឱ្យក្រុមការងារ រៀបចំគម្រោងផ្សេងៗ ដើម្បីពង្រឹងកិច្ចសហការអប់រំ យុវជន និងកីឡា និងបានរំពឹងថានឹងជំរុញកិច្ចសហការបន្ថែមទៀត ក៏ដូចជាពង្រឹងទំនាក់ទំនងសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសឱកាសក្នុងការអប់រំ និងគុណភាពអប់រំ បង្កើនកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នា និងលើកកម្ពស់វិស័យកីឡាបន្ថែមទៀត៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ