Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​ ហ៊ុន​ ម៉ានី៖ ក្នុងនាមជាកូនខ្មែរ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ​ ដើម្បីប្រទេសជាតិ

បានផុស

នៅ

ឯកឧត្តម​ ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានលើកឡើងថា ក្នុងនាមជាយុវជន និងក្នុងនាមជាកូនខ្មែរ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ​ ដើម្បីប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ​ពិភាក្សាសន្ទនាមូលដ្ឋានលើប្រធានបទ​ ការចូលរួមរបស់អាណាព្យាបាល​ និងការត្រៀមលក្ខណៈសម្បត្តិតម្រង់ទិសកូនចូលមហាវិទ្យាល័យ​ ឬការចាប់យកជំនាញវិជ្ជាជីវៈ​ និងការចូលរួមវេចនំអន្សមរួមគ្នានៅវិទ្យាល័យគោកព្រីង​ ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី​ ឯកឧត្តម​ ឌី​ វិជ្ជា​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង​ លោក​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ លោកបណ្ឌិត​ តូច​ ប៉ូលីវ៉ា​ សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង​ លោកគ្រូអ្នកគ្រូ​ គណៈកម្មាធិការស.ស.យ.ក​ ស្រុកទាំងប្រាំបីក្រុង​ ស្រុក​ យុវជនកាយរិទ្ធ​ យុវជនកាកបាទក្រហមកម្ពុជា​ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។​

ឯកឧត្តមប្រធាន​ ហ៊ុន​ ម៉ានី​ បានមានប្រសាសន៍ថា​ ក្នុងនាមជាយុវជនជាទំពាំងស្នងឬស្សីជាកូនខ្មែរជំនាន់ក្រោយ​ ត្រូវរក្សាឱ្យបាននូវសុខសន្តិភាពស្ថេរភាពសង្គមជាតិ​ ក៏ដូចជា មានការខិតខំប្រឹងប្រែងតស៊ូព្យាយាមសិក្សារៀនសូត្រដើម្បីអភិវឌ្ឍជាតិឱ្យមានការរីកលូតលាស់តទៅមុខដោយឥតឈប់ឈរ។ ឯកឧត្តម​បានបន្ថែមថា «ក្នុងនាមជាយុវជន​ ក្នុងនាមជាកូនខ្មែរ​ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ​ ដើម្បីប្រទេសជាតិរបស់យើង​ កុំឱ្យវិលទៅរកដូចសម័យកាលដើម​ ហើយត្រូវធ្វើឱ្យប្រទេសជាតិមានភាពលេចមុខ​ លេចមាត់នៅលើឆាកអន្តរជាតិ​ ដើម្បីជោគវាសនារបស់ប្រទេសយើង»។

ឯកឧត្តម​ បានសង្កត់ធ្ងន់ថា «ខ្មែរច្រើន​ ខ្មែរមិនខ្លាំងទេ​ តែខ្មែរតែមួយនោះទើបខ្មែរខ្លាំង»។​ ជា​ចុងក្រោយ​ ឯកឧត្តម​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ​ លោក​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ ដែលបានអញ្ជើញចូលរួមជាធិបតី​ និងយុវជន ដែលបានចូលរួមអង្គពិធីថ្ងៃនេះ​៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម