Connect with us

ព័ត៌មានជាតិ

ក្នុងស្មារតីមិត្តដែកថែប, ប្រធានរដ្ឋសភាកម្ពុជា គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចុងខែកញ្ញានេះ

បានផុស

នៅ

ប្រធានរដ្ឋសភាកម្ពុជា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាចុងខែកញ្ញានេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើងថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី​ និងពហុភាគី ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាជាតិទាំងសងខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា ទៅប្រទេសចិន នឹងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២៤ ខាងមុខ តបតាមការអញ្ជើញរបស់លោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របតាមកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលមានការរីកចម្រើនកាន់តែខ្លាំងក្លា ហើយកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ក៏បានឈានដល់កម្រិតខ្ពស់មួយមិនធ្លាប់មានពីមុនមក ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្ម និងមានតម្លៃ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងអន្តរជាតិ។

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភា ទៅកាន់ប្រទេសចិននាពេលនេះ ក៏ស្របពេលនឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន​ និងប្រជាជន​ នៃប្រទេសទាំងពីរ ហើយរំពឹងថា​ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិសេសរវាងសភាប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តដែលរដ្ឋាភិបាលប្រទេសទាំងពីរបានដាក់ចេញ គឺការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយដោយរដ្ឋសភាកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។

តាមគម្រោងនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅចិន សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិន ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងនោះ សម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគី គឺលោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។ សភាប្រទេសទាំងពីរ ក៏គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នានៅក្នុងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរនៅគ្រប់កម្រិត ឱ្យកាន់តែសកម្ម​ និងគ្រប់ជ្រុងជ្រោយឡើង ស្របតាមបរិបទជាក់ស្តែង និងទទួលបានលទ្ធផលជាក់ស្តែង។

ក្រៅពីការបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក៏គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃបន្តទៀត។

គួរជម្រាបថា ចិន ជាប្រទេសទី៥ ដែលសម្តេចប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសក្នុងរយៈពេល១ឆ្នាំនៃដើមនីតិកាលទី៧ បន្ទាប់ពីប្រទេសវៀតណាម ឡាវ ថៃ និងប្រទេសបារាំង។ រដ្ឋសភាកម្ពុជា បានបំពេញតួនាទីការទូតសភាយ៉ាងសកម្ម ដោយបានខិតខំពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ស្របតាមគោលការណ៍ រក្សាចាស់ បង្កើតថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៣ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម