Connect with us

ព័ត៌មានជាតិ

ប្រទេសវិនិយោគច្រើនជាង ២% លើការស្រាវជ្រាវ និង​អភិវឌ្ឍន៍ មានសមាហរណកម្មសេដ្ឋកិច្ចរឹងមាំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល

បានផុស

នៅ

ប្រទេសដែលវិនិយោគច្រើនជាង ២% នៃផលិតផលក្នុងស្រុកសរុបលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ មាន​​សមាហរណកម្មសេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ បណ្តាប្រទេសដែលវិនិយោគច្រើនលើការស្រាវជ្រាវ មានលទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងស្រុក ព្រមទាំងបានរួមចំណែកដល់វឌ្ឍនភាពក្នុងវិស័យសេដ្ឋកិច្ច និងសន្តិសុខសង្គមជាសកលផងដែរ។ នេះបើតាមលោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយ​លើក​ទិន្នន័យជាក់ស្តែង​យក​មក​បង្ហាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុល សៀងហេង បាន​បន្ត​ថា សម្រាប់ប្រទេសកម្ពុជា ការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ មានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលប្រជាពលរដ្ឋ និងអាជីវកម្មក្នុងស្រុកជួបប្រទះ។

លោក ហ៊ុល សៀងហេង ក៏​បានលើក​យក​របៀបវារៈស្រាវជ្រាវជាតិឆ្នាំ ២០២៥ ដែល​​រួមមានគំនិតផ្តួចផ្តើមដ៏សំខាន់មួយ​គឺបង្កើតប្រព័ន្ធគ្រប់គ្រងការស្រាវ​ជ្រាវ និងអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់កម្ពុជា។ ប្រព័ន្ធនេះនឹងដើរតួជាមូលដ្ឋានគ្រឹះសម្រាប់​ការអនុវត្តការបង្កើតចំណេះដឹង និងលើកកម្ពស់នវានុវត្តន៍លើវិស័យសំខាន់ៗចំនួន ៨ ជាអាទិ៍ ៖១) ការផលិតអាហារក្នុងស្រុក ២) ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល ៣) ការអប់រំប្រកបដោយគុណភាព ៤) គ្រឿងបន្លាស់អេឡិចត្រូនិច និងមេកានិក ៥) អគ្គិសនី និងទឹកស្អាត ៦) សេវាកម្មផ្អែកលើប្រព័ន្ធក្លោដ ៧) ប្រព័ន្ធសុខាភិបាលឌីជីថល និង ៨) អព្យាក្រឹតភាពកាបូន។

រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាពង្រឹងសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីគាំទ្រចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅ​ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមាន​ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាផ្នែកមួយនៃចក្ខុវិស័យនេះ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០២៣០ ដែលត្រូវបានអនុម័តនៅឆ្នាំ​២០២១ បានកំណត់គោលដៅបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍។

ក្នុងនោះ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានបង្កើតដោយព្រះរាជក្រឹត្យ ដើម្បីគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ មូលដ្ឋានគ្រឹះមួយនៃផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ គឺបង្កើតនូវក្របខ័ណ្ឌស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ ដើម្បីបង្កើនសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា និងលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចដែលផ្តោតលើនវានុវត្តន៍។

កាលពី​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ“ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍរបស់កម្ពុជា” ក្នុងកិច្ចខិតខំពង្រឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការស្រាវជ្រាវ ដោយគាំទ្រអ្នកស្រាវជ្រាវក្នុងការជ្រើសរើសប្រធានបទស្រាវ​ជ្រាវប្រកបដោយនវានុវត្តន៍ និងប្រែក្លាយលទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេ ជាប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចជាតិ។ សិក្ខាសាលា ដែលមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ស្ថាប័នស្រាវជ្រាវ សហគមន៍អ្នកវិទ្យាសាស្ត្រ និងស្ថា ប័នសិក្សាអប់រំជាង១៣០នាក់នេះ បានពិភាក្សាអំពីអនាគតនៃការស្រាវជ្រាវ និង​អភិវឌ្ឍ​ន៍នៅកម្ពុជា ព្រមទាំងការអភិវឌ្ឍយន្តការ​ផ្តល់ហិរញ្ញប្បទានសម្រាប់ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជាតិ។

សិក្ខាសាលាបានបង្ហាញលទ្ធផលនៃការស្ទង់មតិអំពីតម្រូវការប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលជាតម្រូវការរបស់អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ ព្រមទាំងបង្កើតនូវគោលគំនិតសម្រាប់រៀបចំវេទិកា ដើម្បីបំពេញតម្រូវការរបស់អ្នកស្រាវជ្រាវ និងតម្រូវការឧស្សាហកម្ម។ វេទិកានេះមានគោលដៅធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពបច្ចេកទេស និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិជាយុទ្ធសាស្ត្រ។ សិក្ខាកាមក៏បានផ្តល់ធាតុចូល និងមតិយោបល់ដ៏មានតម្លៃ ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីមួយ ដែលអាចជួយ​ដោះស្រាយបញ្ហាប្រឈម និងបង្កើតឱកាសថ្មីៗសម្រាប់កម្ពុជា។

សិក្ខាសាលាក៏មានវេទិកាពិភាក្សា ដែលវាគ្មិនជាមន្ត្រីរដ្ឋាភិបាល និងអ្នកស្រាវជ្រាវល្បីៗ បានពិភាក្សាលើប្រធាន​​បទជាច្រើន រួមទាំងបញ្ហាប្រឈម ឱកាស និរន្តរភាព តួនាទីរបស់រដ្ឋ និងសូចនាករសំខាន់ៗ ក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏រឹងមាំ សម្រាប់បរិបទបច្ចុប្បន្ន និងតម្រូវការអនាគតរបស់កម្ពុជា។

ការពិភាក្សាក៏បានផ្តោតលើយុទ្ធសាស្រ្តលើកកម្ពស់កិច្ចសហការនៅក្នុងគំរូ Triple-Helix ដោយធានាថាប្រព័ន្ធនេះមិនត្រឹមតែជំរុញរបបគំហើញផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមចំណែកដល់ភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលជំរុញភាពប្រកួតប្រជែង វិបុលភាពសង្គម និងកំណើនសេដ្ឋកិច្ច។ វាទិកាពិភាក្សាក៏បានចែករំលែកឧត្តមានុវត្តន៍ជាសកល ពីប្រទេសដែលបានអនុវត្តដោយជោគជ័យនូវប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ និងការយល់ដឹងសំខាន់ៗ ដែលកម្ពុជាអាចសម្របខ្លួន និងយកមកអនុវត្ត ដោយ​ផ្អែកលើបរិបទជាក់លាក់នៃគំរូ Triple-Helix របស់ខ្លួន។

លោក ហ៊ុល សៀងហេង បានលើកឡើងពីសារៈសំខាន់នៃវិធីសាស្រ្តជាប្រព័ន្ធ និងបែបវិទ្យាសាស្ត្រ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយគូសបញ្ជាក់ថា ការវិនិយោគទាំងលើហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹងមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងតំបន់ និងលើ​សាកលលោក។

លោក​បានថ្លែង​ថា ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលបានត្រៀមរួចរាល់និងរឹងមាំ នឹងរួមចំណែកដល់ការកសាងទំនុកចិត្តក្នុងចំណោមរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។

ដោយ​លើក​ពី​ភាព​ចាំបាច់នៃការចូលរួមពីភាគីពាក់ព័ន្ធនៅក្នុងគំនិតផ្តួចផ្តើមស្រាវជ្រាវ និងអភិវឌ្ឍន៍នាពេលអនាគតនៅកម្ពុជា លោក ហ៊ុល សៀងហេង បានអះអាង​ថា ការរីកចំរើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងចំណេះដឹង មានសារៈសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរពីសេដ្ឋកិច្ចអតិពលកម្ម ទៅជាសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម