Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ការបន្តដាំដុះពូជស្រូវនាំចូលពីបរទេស ប្រៀបដូចជាខ្ចីដង្ហើមគេដក

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទូចឱ្យប្រជាកសិករងាកមក​ដាំដុះពូជ​ស្រូវក្នុង​ស្រុក ដូចជាប្រភេទស្រូវសែនក្រអូប០១ ស្រូវផ្ការំដួល ដែលមានតម្លៃទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា បញ្ហា​ប្រធានស័ក្ដិមួយចំនួននៅរដូវប្រមូលផលស្រូវឆ្នាំនេះបានធ្វើឱ្យ​ការចំណាយ​របស់ប្រជាកសិករកើនឡើង ដូចជាទឹកជំនន់ គ្រោះ​រាំង​​ស្ងួត ដង្កូវហ្វូង រុយស ជាដើម។

កញ្ញា អ៊ឹម រចនា បានដាស់តឿនជាថ្មីឱ្យប្រជាកសិករងាកមកដាំដុះពូជស្រូវជាតិក្នុងស្រុក ដូច​ជា​ស្រូវ​​សែនក្រអូប០១ ពូជស្រូវផ្ការំដួល ដែលកំពុងមានទីផ្សារ ខណៈរោងម៉ាស៊ីន​កិនស្រូវ​មួ​យ​ចំ​នួន​ធំបានព្រមព្រៀងទទួលទិញក្នុងតម្លៃខ្ពស់ជាង​ពូជនាំចូលពីបរទេស។

កញ្ញា អ៊ឹម រចនាបន្តថា៖ «ប្រសិនបើប្រជាកសិករយើងនៅតែបន្តការដាំដុះពូជស្រូវដែលនាំ​ចូល​ពីបរទេស វាប្រៀបបានទៅនឹងការខ្ចីដង្ហើមគេដក»។

កញ្ញា អ៊ឹម រចនា បញ្ជាក់ថា៖ «ប្រជាកសិករនាំគ្នាដាំដុះពូជដែលនាំចូលពីបរទេស ដែលនេះជា​ហានិភ័យមួយ នៅពេលដែលប្រមូលផលម្ដងៗ ពូជស្រូវដែលនាំចូលពីបរទេសនេះហើយ​ដែល​ជា​បញ្ហា ព្រោះថាតម្លៃនៃការលក់ចេញនៅពេលដែលបងប្អូនប្រជាកសិករប្រមូលផល គឺស្ថិត​នៅ​លើ​មាត់​ឈ្មួញមកពីប្រទេសជិតខាង»។

កម្ពុជាមានពូជស្រូវដែលល្អ ដូចជាផ្ការំដួល ដែលទទួលបានពានរង្វាន់ជាអង្ករល្អដាច់គេលើលោក ៥ ដង ពូជសែនក្រអូប ដែលទទួលបានពានរង្វាន់មាសកាលពីឆ្នាំមុន។

កញ្ញា អ៊ឹម រចនា បន្ថែមថា៖ «យើងមានរបស់ល្អហើយ យើងមានពូជស្រូវរបស់ជាតិដែលអាចលក់ចេញបានក្នុងតម្លៃខ្ពស់ជាងពូជស្រូវបរទេស តើយើងរង់ចាំដល់ពេលណាទើបយើងនាំគ្នាលើកតម្កើងពូជស្រូវរបស់យើងនៅលើឆាកអន្តរជាតិ ជា​ជាងនាំគ្នាដាំដុះពូជនាំចូលពីបរទេស ដែលតម្លៃតែងតែស្ថិតនៅលើមាត់ឈ្មួញមកពីប្រទេសជិតខាង ដែលយើងតែងតែ​ជួបប្រទះនៅរៀងរាល់រដូវប្រមូលផល»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម