Connect with us

ព័ត៌មានជាតិ

លម្អិត​បន្ថែម បង្គោល​ព្រំដែន​កម្ពុជាវៀតណាម ​មាន ៣ ប្រភេទ ​បោះ​ខុសគ្នាតាម​ភូមិសាស្រ្ត​ជាក់ស្តែង

បានផុស

នៅ

​​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាមបែងចែក​ជា​​ ៣ ប្រភេទ ​ដែល​ត្រូវ​បាន​បោះ​នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ជាប់គ្នា​​ប្រវែង​ជាង ១ ២៧០ គីឡូម៉ែត្រ​។

នៅ​ក្នុង​ឱកាស​ធ្វើ​បទ​បង្ហាញ​ស្តីពី “របៀបរបប​នៃ​ដំណើរ​ទស្សនកិច្ច និង​កម្មវិធី​ទស្សនកិច្ច​នៅ​ខេត្ត​ទិសឦសាន” នារសៀលថ្ងៃទី ០៦ ខែ​កញ្ញា ឆ្នាំ២០២៤ លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​ពន្យល់​ពី​បច្ចេកទេសនៃ​ការ​បោះ​បង្គោល​ព្រំដែនរវាង​​កម្ពុជានិង​វៀតណាម​ គឺ​​​អាស្រ័​យទៅតាម​ភូមិសាស្រ្ត​តំបន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកពន្យល់​ពី​បង្គោលព្រំដែនដែល​​បោះរវាង​កម្ពុជា​​និង​វៀតណាម ​បែងចែក​ជា ៣ ប្រភេទ គឺ​​​មាន​ប្រភេទ​បង្គោល​មេ បង្គោល​បំពេញ​បន្ថែម និង​បង្គោល​តម្រុយ​ព្រំដែន។ បង្គោល​មេ​ក៏​​បែងចែក​ជា ៣ ប្រភេទ​ទៀត​ មានបង្គោលមេ «ទោល» បង្គោល​មេ​ «ភ្លោះ» និង​បង្គោល​មេ «ត្រី»។

លោក​ពន្យល់​ថា បង្គោល​មេ «ទោល» ​បោះ​នៅ​លើ​ខ្សែ​ព្រំដែន។ បង្គោល​មេ​ «ភ្លោះ» បោះ​នៅ​សង​ខាង​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវទឹកមាន​ដូចជា​​​ព្រែក ​អូរ ស្ទឹង​ ទន្លេ​ជាដើម និង​ បង្គោល​មេ «ត្រី» បោះ​នៅ​ចំ​កន្លែង​មុខ​ទឹក​​បែង​ជា​ពីរ។

ពាក់ព័ន្ធ​បង្គោល​មេ​ «ភ្លោះ» នេះ លោក ឡាំ ជា បញ្ជាក់​ថា ​​មិន​អាច​បោះ​នៅ​កណ្ដាល​ទន្លេ ឬ​ស្ទឹង​បាន​នោះ​ទេ ដោយសារ​ត្រូវ​ចំណាយ​ខ្ពស់ និង​ក៏​ប៉ះពាល់​ដល់​ការ​ធ្វើ​នាវាចរណ៍។

បើតាម​លោក ឡាំ ជា បង្គោល​មេ​ ក៏​​បែងចែក​​មានប្រភេទ​កម្រិត​​ A, B និង C។ ​​បង្គោល​មេ​កម្រិត​​​ A ធ្វើ​ពី​ថ្ម​ក្រានីត​សម្រាប់​បោះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ។ ​បង្គោល​មេ​កម្រិត B ធ្វើ​ពី​បេតុង​អាមេសរសែ​ដែក ​បោះ​នៅ​ភូមិសាស្ត្រ​មិន​លិច​ទឹក និងបង្គោល​មេ​កម្រិត​ C សម្រាប់​បោះ​នៅ​ភូមិសាស្ត្រ​លិច​ទឹក។

ដោយ​ឡែកសម្រាប់​​បង្គោល​បំពេញ​បន្ថែម ​គឺ​មាន​ខ្នាត​តូច​ជាង​បង្គោល​មេ ​និង​ត្រូវ​បាន​​បោះ​នៅ​​ចន្លោះ​បង្គោល​មេ។ បង្គោលបំពេញ​បន្ថែម​ក៏​​បែងចែក​​ជា ៣ ប្រភេទដែរ មាន​បង្គោល​បំពេញ​បន្ថែម​​ «ទោល», បង្គោល​បំពេញ​បន្ថែម «ភ្លោះ» និង​បង្គោល​បំពេញ​បន្ថែម​​ «ត្រី» ​សម្រាប់​បោះនៅ​​ផ្លូវ​ទឹក​បែក​ជា​ពីរ​ជា​បី​ជាដើម។

សម្រាប់​បង្គោល​តម្រុយ​ព្រំដែនវិញ​ ​មាន​តែ​មួយប្រភេទ​គឺបង្គោល​តម្រុយ​ព្រំដែន​ «ទោល» ដែល​បោះ​នៅ​លើ​ខ្សែ​ព្រំដែន នៅ​ចំណុច​ដែលខ្សែ​ព្រំដែន​មាន​ការ​បត់បែន។

បើ​តាមរដ្ឋ​មន្ត្រី​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ កម្ពុជា​មាន​ខ្សែ​ព្រំដែនជាប់ជាមួយប្រទេស​វៀតណាម​​សរុប​ ១ ២៧០ គីឡូម៉ែត្រ។ ក្នុង​នោះ​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវ​ទឹក​មាន​ប្រវែង​ ៦០៩ គីឡូម៉ែត្រ និង​ខ្សែ​ព្រំដែន​ដើរ​តាម​ដីគោក​មាន​ប្រវែង​ប្រមាណ ៦៦១

ពាក់ព័ន្ធ​លទ្ធផល​សម្រេច​បាន​លើ​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក កម្ពុជា-វៀតណាម ចាប់ពីឆ្នាំ​២០០៦-២០១៩ ភាគី​ទាំងពីរ​បានចុះ​អនុវត្ត​លើ​ដី​ជាក់ស្ដែង និង​​ធ្វើការខណ្ឌសីមា​បាន​ប្រវែង​ ១ ០៤៥ គីឡូម៉ែត្រ (ដែល​ក្នុង​នោះ​ខ្សែ​ព្រំដែន​ដើរ​តាម​ដីគោក​សម្រេច​បាន​ប្រវែង​ ៤៨៨ គីឡូម៉ែត្រ និង​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវទឹក​សម្រេច​បាន​​ប្រវែង​ ៥៥៧ គីឡូម៉ែត្រ) ដែល​ស្មើនឹង ៨៤% នៃ​ប្រវែង​ខ្សែ​ព្រំដែន​សរុប​

ជាមួយគ្នានេះ ភាគី​ទាំងពីរ​ក៏​បាន​ឯកភាព​បោះ​បង្គោល​ព្រំដែន​លើ​ដី​ជាក់ស្តែង​បាន​ចំនួន ២ ០៤៧ បង្គោល (ក្នុង​នោះ​បង្គោល​ព្រំដែន​មេ​សរុប​ចំនួន ៣១៥ បង្គោល, បង្គោល​ព្រំដែន​បំពេញ​បន្ថែម​ចំនួន ១ ៥១១ បង្គោល និង​បង្គោល​តម្រុយ​ព្រំដែន​ចំនួន ២២១ បង្គោល)។

ក្រៅពី​ការ​សម្រេច​បាន​ការ​ងារ​​ខណ្ឌ​សីមា និង​បោះបង្គោលព្រំដែន រាជរដ្ឋាភិបាល​ក៏​បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែនបាន​​​ប្រវែងជាង ៦៨៥,៣១៤ គីឡូម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការ​បំផ្ទុះគ្រាប់​បែក​អត្តឃាត​​នៅ​ស្ថានីយ​រថភ្លើង​បណ្តាល​ឱ្យ​ស្លាប់​​​និង​របួស​ជិត​១០០​នាក់​​នៅ​ប៉ាគីស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកជំនាញ៖កម្ពុជារំពឹងថាការកាត់បន្ថយអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកទាក់ទាញលំហូវិនិយោគ​

កីឡា៣ ម៉ោង មុន

កីឡាការិនី​ខ្មែរ-កាណាដា Melania Joy សោក​ស្តាយ​មិន​អាច​មក​ជួយ​ក្រុម​នារី​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង​បើកទ្វារ​ទទួល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​​សង្កាត់​ច្បារអំពៅ​ ដាក់​​របាំង​មិន​ឲ្យ​រថយន្ត​ធំ​​បើក​ក្រោម​ស្ពាន​ព្រោះ​ខ្លាច​ប៉ះ​​តួ​ស្ពាន​

Sokha Hotels

ព័ត៌មានពេញនិយម