ព័ត៌មានជាតិ
មេបញ្ជាការទ័ពពិសេស៖ ថ្មីៗនេះ ឥណ្ឌូណេស៊ីបានផ្ដល់អាវុធវែងខ្លីជាច្រើនដើមដល់ទ័ពកម្ពុជា
ដោយមានការសហការល្អរវាងស្ថាប័នកងទ័ព, រដ្ឋាភិបាលឥណ្ឌូណេស៊ី បានផ្ដល់ជំនួយយោធាដល់កម្ពុជាជាបន្តបន្ទាប់ ទាំងការបណ្ដុះបណ្ដាល ហ្វឹកហ្វឺន និងសព្វាវុធ ជាពិសេសថ្មីៗនេះ ក្រសួងការពារជាតិឥណ្ឌូណេស៊ី បានផ្ដល់អាវុធវែងខ្លីជាច្រើនដើមដល់បញ្ជាការដ្ឋានទ័ពពិសេសកម្ពុជា។ នេះបើតាមការលើកឡើងឱ្យដឹងដោយឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-803-edited.png)
ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បានប្រាប់គណៈប្រតិភូនៃវិទ្យាស្ថានការពារជាតិឥណ្ឌូនេស៊ី ដែលមកបំពេញទស្សនៈកិច្ចសិក្សានៅបញ្ជាការដ្ឋានទ័ពពិសេស ថា ដោយមានការសហការល្អ និងការចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក៏ដូចជាការចុះអនុស្សារណៈយោគយល់គ្នារវាងកងទ័ពពិសេសនៃប្រទេសទាំងពីរ បញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោកកម្ពុជា ទទួលការជួយឧបត្ថម្ភពីភាគីឥណ្ឌូណេស៊ីជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ទោ បានរៀបរាប់ឱ្យដឹងថា កងទ័ពឥណ្ឌូណេស៊ីបានជួយបំពាក់យុទ្ធបរិក្ខាបុគ្គល សព្វាវុធ អគារទីបញ្ជាការ អគារស្នាក់នៅ អគារផ្ទះបាយ បន្ទប់អនាម័យសរុប២១ខ្នង និងសម្ភារមួយចំនួនទៀត ខណៈថ្មីៗនេះក្រសួងការពារជាតិឥណ្ឌូណេស៊ី បានផ្តល់ជំនួយយោធាឥតសំណងដល់បញ្ជាការដ្ឋានទ័ពពិសេសនូវអាវុធវែងចំនួន១៥០ដើម អាវុធខ្លីចំនួន២០ដើម គ្រាប់អាវុធវែងចំនួន៥០ម៉ឺនគ្រាប់ និងគ្រាប់អាវុធខ្លីចំនួន៥០ម៉ឺនគ្រាប់។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-806.png)
លើការងារបណ្ដុះបណ្ដាល, ឥណ្ឌូណេស៊ីបានទទួលយកសិក្ខាកាមកម្ពុជាទៅសិក្សាចំនួន៤៨វគ្គ ស្មើនឹង៦២០នាក់ លើមុខវិជ្ជា វគ្គការពារជាតិវគ្គសេនាធិការជាន់ខ្ពស់ ជំនាញកុម្មង់ដូ ជំនាញឯកទេសមុជទឹក ជំនាញឆត្របញ្ជា ជំនាញឆត្រមូលដ្ឋាន ជំនាញវាយលុកឡើងភ្នំ ជំនាញកាំភ្លើងស្នាយភើ និងវគ្គនាយទាហានថ្នាក់កងអនុសេនាធំ ជាដើម។
ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បញ្ជាក់ថា បច្ចុប្បន្ន និងទៅអនាគត កម្ពុជា-ឥណ្ឌូណេស៊ី នៅតែបន្តកិច្ចសហប្រតិបត្តិការល្អក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងជានិច្ចនិរន្ត។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-807.png)
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចសិក្សារបស់គណៈប្រតិភូវិទ្យាស្ថានការពារជាតិឥណ្ឌូណេស៊ី និងកម្មសិក្សាការី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អាស្មាត់ ដាញែល ឆាឌីង នៅទីបញ្ជាការដ្ឋានទ័ពពិសេស រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ទោ អាស្មាត់ ដាញែល ឆាឌីង បានលើកឡើងថា តាមរយៈដំណើរទស្សនៈកិច្ចសិក្សានៅពេលនេះ ធ្វើឱ្យចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ពកម្ពុជា-ឥណ្ឌូណេស៊ី កាន់តែមានភាពស្និតស្នាល និងស្អិតរមួតទ្វេឡើងថែមទៀត។ លោក បន្តថា ទស្សនៈកិច្ចសិក្សានៅក្រៅប្រទសនាពេលនេះ ក៏ដើម្បីដកបទពិសោធន៍ ជាមួយប្រទេសជាមិត្តក្នុងការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-808.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍