ព័ត៌មានជាតិ
អ្នកនាំពាក្យរដ្ឋាភិបាល ពន្យល់វិធានការផ្លូវច្បាប់បង្ក្រាបបុគ្គលសម្តែងមតិលើសបន្ទាត់ក្រហម
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប៉ែន បូណា និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់អំពីចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលមួយចំនួនដែលបានដែលប្រព្រឹត្តអំពើខុសច្បាប់ តាមរយៈការជេរប្រមាថ មួលបង្កាច់ដោយខុសការពិត ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមសាធារណៈ។
ការបង្ហាញទិដ្ឋភាពផ្លូវច្បាប់ បន្ទាប់ពីថ្មីៗនេះ មានការចោទប្រកាន់ពីសំណាក់អង្គការសង្គមស៊ីវិលមួយចំនួន ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធផ្សព្វផ្សាយខ្លះ បានចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាកំពុងបិទសេរីភាពនៃការបញ្ចេញមតិ ធ្វើទុក្ខបុកម្នេញអ្នករិះគន់ តាមរយៈការបង្ក្រាបជាដើម។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ប៉ែន បូណា បញ្ជាក់ជូនសាធារណជនថា រាល់ចំណាត់ការផ្លូវច្បាប់ទាំងឡាយ ត្រូវបានធ្វើឡើងតែចំពោះជនប្រព្រឹត្តល្មើសច្បាប់ ដែលជាដំណើរការនីតិវិធីធម្មតាក្នុងប្រទេសនីតិរដ្ឋ ដែលក្នុងពិភពលោកគេអនុវត្តជាទូទៅដូចៗគ្នា។ លោកសង្កត់ធ្ងន់ថា៖«ការអនុវត្តច្បាប់នេះ ទៀតសោតមិនត្រូវបានចាត់ទុកថាជាអំពើធ្វើទុក្ខបុកម្នេញ ការបិទសិទ្ធិសេរីភាព ឬការរំលោភសិទ្ធិមនុស្សនោះទេ»។
ផ្អែកតាមមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិបានឡើយ។
ទោះបីច្បាប់កម្ពុជាចែងច្បាស់ៗបែបនេះក្តី កន្លងទៅអង្គការសង្គមស៊ីវិលមួយចំនួន ក៏ដូចជាក្រុមប្រឆាំងមិនដែលបានលើកយកមាត្រា ៤១ ពេញលេញមកនិយាយទេ គឺគេនិយាយតែមួយកំណាត់ខាងលើ និយាយតែពីសិទ្ធិសេរីភាព បញ្ចេញមតិ។ ប៉ុន្តែខណៈរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់អំពីការកំណត់ ការហាមប្រាមមិនឱ្យមានការរំលោភបំពានសិទ្ធិអ្នកដ៏ទៃ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈជាដើម គេមិនដែលលើកយកមកនិយាយទាល់តែសោះ ហើយនៅពេលបុគ្គលណាមួយបាននិយាយបំពាន ដើរលើសបន្ទាត់ក្រហមនៃច្បាប់ ហើយទទួលរងនូវចំណាត់ការផ្លូវច្បាប់ គេបែរជាកាន់ជើង ហើយងាកមកចោទប្រកាន់រាជរដ្ឋាភិបាល ថាបានធ្វើទុក្ខបុកម្នេញបិទសិទ្ធិសេរីភាពចំពោះអ្នករិះគន់ទៅវិញ។ នេះបើតាមលោក ប៉ែន បូណា បន្ថែម។
បន្ថែមពីនេះ កតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងពិធីសារបន្ថែម មាត្រា ១៩ កថាខណ្ឌ ៣ ចែងថា ការប្រើប្រាស់សិទ្ធិដែលចែងក្នុងកថាខណ្ឌ ២ នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ច និងការទទួលខុសត្រូវពិសេស ។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះ អាចមានការរិតត្បិតមួយចំនួន ដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី គោរពសិទ្ធិ និងកិត្តិសព្ទរបស់អ្នកដទៃ និងការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ ។
ចំណែក សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស មាត្រា ២៩ កថាខណ្ឌ ២. ចែងថា ក្នុងការប្រើសិទ្ធិនិងសេរីភាពរបស់ខ្លួនមនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះ ក្នុងគោលបំណងធានាការទទួលស្គាល់ និងការគោរពសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការ យ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អះអាងថា ផ្អែកលើគោលការណ៍ទាំងច្បាប់ជាតិ និងអន្តរជាតិ គ្រប់គ្នាត្រូវគោរពច្បាប់។
លោក ប៉ែន បូណា ចោទសំណួរវិញថា អង្គការសង្គមស៊ីវិល ក្រុមប្រឆាំងជ្រុលនិយម ក៏ដូចជាប្រព័ន្ធឃោសនាមួយចំនួន អត់ដែលចាប់អារម្មណ៍លើកយកបញ្ហាមកនិយាយទាល់តែសោះនៅពេលដែលមានបុគ្គលណាម្នាក់ប្រព្រឹត្តល្មើសច្បាប់ ដើរលើសបន្ទាត់ក្រហមនៃច្បាប់។ ផ្ទុយទៅវិញ ពួកគេបែរព្យាយាមការពារអ្នកល្មើសច្បាប់ ហើយចោទប្រកាន់អាជ្ញាធររាជរដ្ឋាភិបាលថា បំបិទសិទ្ធិសេរីភាពលើអ្នករិះគន់ ។
លោកថា៖«ម្យ៉ាងទៀតមានព្រឹត្តិការណ៍កើតឡើង ពួកគេអត់ដែលបានសិក្សាអំពីអង្គហេតុ និងអង្គច្បាប់ ថាហេតុអីបានឈានដល់ចំណាត់ការតាមផ្លូវច្បាប់នោះទេ គឺគេនិយាយតែច្បោលៗអំពីព្រឹត្តិការណ៍ កត់ត្រាតែចំនួនតួរលេខ កើតឡើងប៉ុន្មានករណី រួចហើយទាញសេចក្តីសន្និដ្ឋានថា រាជរដ្ឋាភិបាលបំបិទសិទ្ធិសេរីភាព បញ្ចេញមតិ ធ្វើទុក្ខបុកម្នេញ ដល់អ្នករិះគន់»។
លោក ប៉ែន បូណា បន្ថែមទៀថា៖«អ្វីជាកត់សម្គាល់មួយទៀត នៅគ្រប់របាយការណ៍ទាំងអស់ គេអត់ដែលបែងចែកអ្វីទៅជាការបញ្ចេញមតិ ការរិះគន់ និងអ្វីទៅជាការជេរប្រមាថ ការចោទប្រកាន់ និងមួលបង្កាច់នោះទេ ពួកគេធ្វើឱ្យពាក្យទាំងអស់នោះលាយឡំគ្នាដោយនិយាយត្រឹមតែការបញ្ចញមតិ និងការរិះគន់មួយមុខតែប៉ុណ្ណោះ ដោយបំភ្លេចចោលទាំងស្រុងការជេរប្រមាថ និងមួលបង្កាច់ ដែលជាអំពើខុសច្បាប់»។
លោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ធានាការពារយ៉ាងពេញលេញ សិទ្ធិសេរីភាពបញ្ចេញមតិរបស់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា និងលើកទឹកចិត្តឱ្យបងប្អូនបញ្ចេញមតិ ក៏ដូចជារិះគន់បែបស្ថាបនាគ្រប់បញ្ហាទាំងអស់ដើម្បីរាជរដ្ឋាភិបាលយកមកពិនិត្យ ពិចារណា និងជាធាតុចូលមួយចូលក្នុងយុទ្ធសាស្រ្តដឹកនាំប្រទេស។
«ប៉ុន្តែការជេរប្រមាថ ចោទប្រកាន់ មួលបង្កាច់ គឺជាអំពើខុសច្បាប់ ដូច្នេះបងប្អូនមិនត្រូវប្រព្រឹត្តអំពើណាមួយដែលច្បាប់ហាមឃាត់ទេ ជនណាក៏ដោយដែលប្រព្រឹត្តអំពើខុសច្បាប់ ត្រូវតែទទួលរងចំណាត់ការផ្លូវច្បាប់ជាចាំបាច់ ដើម្បីការពារសន្តិភាព ពលរដ្ឋ និងសណ្តាប់ធ្នាប់ទូទាំងប្រទេស»។ នេះបើតាមលោក ប៉ែន បូណា បញ្ជាក់បន្ថែម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា