ព័ត៌មានអន្ដរជាតិ
សិង្ហបុរីគ្រោងសង់ស្ថានីយអ្នកដំណើរខ្នាតយក្ស នៅអាកាសយានដ្ឋានChangi ដើមឆ្នាំក្រោយ
សារព័ត៌មាន Straits Times បានរាយការណ៍កាលពីសប្ដាហ៍មុន ដោយស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រី Lawrence Wong ដែលបានឱ្យដឹងថា សិង្ហបុរីនឹងចាប់ផ្តើមសាងសង់ស្ថានីយអ្នកដំណើរថ្មីខ្នាតយក្សមួយនៅអាកាសយានដ្ឋានអន្តរជាតិ Changi ក្នុងឆមាសទី១ ដើមឆ្នាំក្រោយ។
ការសាងសង់ស្ថានីយទី៥ (T5) នេះ មានគោលបំណងលើកកម្ពស់សមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រចាំឆ្នាំរបស់ មជ្ឈមណ្ឌលអាកាសចរណ៍សិង្ហបុរី ដោយអាចសម្រួលការដឹកជញ្ជូនអ្នកដំណើរ ៥០ លាននាក់បន្ថែមទៀត នៅពេលវាដាក់ឱ្យដំណើរការនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ២០៣០ ដោយតភ្ជាប់ទីក្រុងជាង ២០០ ទូទាំងពិភពលោក។ នេះបើតាមការឱ្យដឹងរបស់លោក Wong។ បច្ចុប្បន្ន ព្រលាន Changi មានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៩០ លាននាក់ជារៀងរាល់ឆ្នាំ និងតភ្ជាប់ទីក្រុងជិត ១៥០ ទូទាំងពិភពលោក។
លោក Wong បានថ្លែងក្នុងពិធីទទួលទានអាហារពេលល្ងាចកាលពីថ្ងៃសុក្រ ដើម្បីប្រារព្ធខួបលើកទី ៤០ នៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសនេះថា៖ «យើងនឹងចាប់ផ្តើមសាងសង់ T5 នៅឆមាសទី១ឆ្នាំក្រោយ។ ប្រទេសខ្លះបានប្រកាសពីផែនការសាងសង់ព្រលានយន្តហោះធំដែលអាចផ្ទុកអ្នកដំណើរបានច្រើនជាង ១០០ លាននាក់ក្នុង១ឆ្នាំ។ ដូច្នេះពួកគេនឹងបង្រួមគម្លាតជាមួយសិង្ហបុរី។ យើងមិនអាចឈប់ត្រឹមនេះបានទេ»។
ការថ្លែងយ៉ាងដូច្នេះរបស់លោក Wong ធ្វើឡើងខណៈទីក្រុងរបស់ប្រទេសផ្សេងទៀតក្នុងតំបន់ កំពុងស្វះស្វែងបង្កើនសមត្ថភាពអាកាសយានដ្ឋានរបស់ខ្លួនដើម្បីទាញយកចំណែកទីផ្សារអាកាសចរណ៍ពិភពលោកដែលកំពុងកើនឡើង។ ចរាចរណ៍អ្នកដំណើរសកលរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៤២ ដល់ជិត ២០ ប៊ីលាននាក់។ នេះបើយោងតាមក្រុមហ៊ុន Airports Council International ដែលមានមូលដ្ឋាននៅទីក្រុង Montreal នៃប្រទេសកាណាដា។
វៀតណាមកំពុងសាងសង់អាកាសយានដ្ឋានថ្មីមួយជិតទីក្រុងហូជីមិញ ដើម្បីបម្រើអ្នកដំណើរជាង ១០០ លាននាក់ ខណៈក្រុងហុងកុងកំពុងចំណាយប្រាក់ជាង ១៨ ប៊ីលានដុល្លារ ដើម្បីពង្រីកមជ្ឈមណ្ឌលអន្តរជាតិរបស់ខ្លួន។ យោងតាមក្រុមហ៊ុនស្រាវជ្រាវអាកាសចរណ៍ CAPA តំបន់អាស៊ីប៉ាស៊ីហ្វិករួមចំណែកប្រមាណ ៦០ ភាគរយ នៃគម្រោងព្រលានយន្តហោះថ្មីទាំងអស់លើពិភពលោក។
ងាកទៅមើលសិង្ហបុរីវិញ សម្រាប់គម្រោង T5 ត្រូវបានប្រកាសជាលើកដំបូងជាង១ទសវត្សរ៍មុន ប៉ុន្តែវាត្រូវបានផ្អាកអស់រយៈពេល ២ ឆ្នាំ ដោយសារវិបត្តិកូវីដ១៩។ អាកាសយានដ្ឋាន Changi គឺជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតនៅអាស៊ីអាគ្នេយ៍ ដែលគ្របដណ្ដប់អ្នកដំណើរជិត ៦០ លាននាក់កាលពីឆ្នាំមុន ពេលការធ្វើដំណើរអន្តរជាតិបានងើបឡើងវិញពីវិបត្តិកូវីដ១៩ ។ លោក Wong បាននិយាយថា ក្នុងឆមាសទី១នៃឆ្នាំនេះ ចរាចរណ៍អ្នកដំណើរនៅព្រលាន Changi បានឈានជិតដល់ ១០០ ភាគរយ នៃកម្រិតមុនវិបត្តិកូវីដ១៩៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា