Connect with us

សុខភាព

ក្រសួងសុខាភិបាល តាមដាន ការគ្រប់គ្រងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង ឆ្នាំ២០២៤

បានផុស

នៅ

សាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គសិក្ខាសាលា ស្តីពី ការគ្រប់គ្រងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង ដែលអនុវត្តដោយអង្គភាពប្រតិបត្តិករ និងប្រតិបត្តិករជំនួយ សម្រាប់ឆ្នាំ២០២៤ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងមូលនិធិសកល ឆ្នាំ២០២៤-២០២៦។ សិក្ខាសាលានេះប្រារព្វធ្វើឡើងនៅ សណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប ដែលប្រព្រឹត្តរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាព និងផ្តល់ការណែនាំបន្ថែមលើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកលប្រកបដោយប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្ត្រាចារ្យ ស៊ា ហួង បានផ្តល់នូវអនុសាសន៍ដល់ប្រតិបតិ្តករ និងប្រតិបត្តិករជំនួយ កំពុងចូលរួមក្នុងវគ្គសិក្ខាសាលា ដូចខាងក្រោមនេះ៖

– ត្រូវយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុលផុសក្នុងរយៈពេល ២ ថ្ងៃនេះ ក្នុងការទទួលយកនូវចំណេះដឹងពីគោលការណ៍ នីតិវិធីថ្មីៗមួយចំនួនទៀត ដែលជាការធ្វើបច្ចុប្បន្នភាព ទៅតាមតម្រូវការ សម្រាប់ការគ្រប់គ្រង និងការអនុវត្តនៅក្នុងគម្រោង GC7 នេះ

– ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានទាន់ពេលវេលាជាចាំបាច់បំផុតលើសកម្មភាពការងារ និងថវិកាដែលបានអនុម័តនៅក្នុងផែនការឆ្នាំ២០២៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះការស្នើសុំប្រើប្រាស់ថវិកាសន្សំ ត្រូវគិតពីសកម្មភាពជាអាទិភាភាពរបស់កម្មវិធីទាំងមូល ក្នុងការពង្រីកសេវាគ្របដណ្តប់ ស្វែងរកប្រជាជនគោលដៅ និងផ្តល់ការព្យាបាល ក៏ដូចជាបន្តពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលផងដែរ

– ស្នើដល់ក្រុមការងារ MOH-LIT និងមជ្ឈមណ្ឌលជាតិទាំងពីរ រួមជាមួយអង្គភាពប្រតិបត្តិករជំនួយ (SSIs) ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យរាល់សំណើ របាយការណ៍ និងសំណួរនានារបស់ម្ចាស់ជំនួយ ក៏ដូចជាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចាត់ចែងឱ្យបានសមស្រប និងទាន់ពេលវេលា

– ពិនិត្យ និងរៀបចំផែនការសកម្មភាពបន្ទាប់ក្នុងការស្វែងរកស្រាវជ្រាវ អ្នកជំងឺរបេង ឱ្យបានគ្រប់ផែនការ តាមរយៈការដាក់ពង្រាយម៉ាស៊ីន GeneXpert ឱ្យគ្របដណ្តប់ទូទាំងប្រទេស និងពង្រឹងការសហការណ៍ជាមួយអង្គការជាដៃគូរ ពន្ធនាគារ មន្ទីរពេទ្យឯកជន អ្នកស្ម័គ្រចិត្តសុខភាពភូមិឃុំ ដើម្បីសម្រួលដល់ដំណើរការនៃការធ្វើរោគវិនិច្ឆ័យ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់

– បន្តការធ្វើផែនការលទ្ធកម្មលើឱសថ សម្ភារ និងបរិក្ខារសុខាភិបាល ការផ្គត់ផ្គង់ បែងចែកបានត្រឹមត្រូវទៅតាមតម្រូវការ និងពេលវេលាកំណត់ រួមទាំងការងារអភិបាលកិច្ច។

គួរបញ្ជាក់ថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី វេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា PR នៃគម្រោងមូលនិធិសកល តំណាងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសកលនៅកម្ពុជា តំណាងអង្គភាពប្រតិបត្តិករ និងប្រតិបត្តិករជំនួយ តំណាងមជ្ឈមណ្ឌលជាតិ មន្ត្រីអនុវត្តក្នុងគម្រោងមូលនិធិសកល ព្រមទាំងអង្គការដៃគូរផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម