Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក អនុម័ត​ការ​លក់​រថយន្ត​​សណ្ដោង​រថក្រោះ​ខ្នាត​ធំ​តម្លៃ​១៦៥​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

បានផុស

នៅ

ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋ​អាមេរិក​បានយល់ព្រមលក់​​រថយន្ត​សណ្ដោង​រថក្រោះ​ខ្នាត​ធំ​ក្នុង​តម្លៃ​ ១៦៥​លាន​ដុល្លារ​ឲ្យ​ទៅ​អ៊ីស្រាអែល។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Times of Israel នៅ​​ថ្ងៃ​សុក្រ​ទី​១៣​ខែ​កញ្ញា។

(រូបភាព៖ SHLADOT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​លក់​នេះ​ក៏​រួម​បញ្ចូល​ទាំង​គ្រឿងបន្លាស់ ​និង​គ្រឿង​ជួសជុល ​ក៏​ដូចជា​ឧបករណ៍ជំនួយបច្ចេកទេស​​មួយ​ចំនួន​ផង​ដែរ។ ចំណែក​​ឯ​ការ​​ដឹក​ជញ្ជូន​រថយន្ត​សណ្ដោង​ទាំង​នោះ​ឲ្យ​អ៊ីស្រាអែល​ នឹង​ធ្វើ​ឡើង​​នៅ​ក្រោយ​ឆ្នាំ​២០២៧។

កាលពីដើមឆ្នាំ​២០២៤ សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយសព្វាវុធចំនួន ២០​ពាន់លានដុល្លារ​សម្រាប់អ៊ីស្រាអែល ក្នុង​នោះ​ក៏​មាន​​​ការ​ទិញ​លក់​យន្តហោះចម្បាំង F-15 ផង​ដែរ។ មិន​ខុស​ពី​ការ​ទិញ​លក់​រថយន្ត​សណ្ដោង​រថក្រោះ​ យន្តហោះ​ចម្បាំង​ទាំង​នោះ​នឹងមិនត្រូវបាន​ប្រគល់​ឲ្យ​អ៊ីស្រាអែល​ភ្លាមៗ​នោះ​ឡើយ ពោល​គឺ​ត្រូវ​រង់ចាំ​ប៉ុន្មាន​​ឆ្នាំ​ទើប​អាមេរិក​ដឹក​ជញ្ជូន​​ឲ្យ​​អ៊ីស្រាអែល ដែល​នេះ​បាន​ន័យ​ថា​វា​នឹង​​​មិន​មាន​ការ​ជះ​ឥទ្ធិពល​ណា​មួយ​ចំពោះ​ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល​ជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។

រដ្ឋបាល​របស់លោក ចូ បៃដិន បាន​ព្យាយាម​ធ្វើ​​ឲ្យ​មាន​តុល្យភាព​​ចំពោះ​​ការ​គាំទ្រ​របស់​ខ្លួន​​សម្រាប់​អ៊ីស្រាអែល ក្រោយ​មាន​ការកើនឡើងនៃការអំពាវនាវ​កាន់​តែ​ខ្លាំង​ពីសមាជិកសភា និងសាធារណ​ជន ដើម្បីទប់ស្កាត់ការគាំទ្រផ្នែកយោធា​ ព្រោះ​​​មាន​​ជនស៊ីវិល​​​បាត់បង់​ជីវិត​ជា​​ច្រើន​នាក់​​​នៅ​តំបន់​ហ្គាហ្សា។ តួ​យ៉ាង​ នា​ពេល​កន្លង​មក អាមេរិក​​បាន​ផ្អាក​ការចែកចាយ​ប្រភេទ​​គ្រាប់បែក​​ទម្ងន់ ២​ពាន់​ផោន​ទៅ​ឲ្យ​អ៊ីស្រាអែល ដោយលើកឡើងពីការព្រួយបារម្ភថា គ្រាប់​បែក​ខ្នាត​យក្ស​ទាំង​នេះ​អាចប្រើប្រាស់នៅក្នុងតំបន់​ពោរពេញ​ដោយ​ជន​ស៊ីវិល​រស់នៅយ៉ាងក្រាស់ក្រែល​ក្នុង​តំបន់ហ្គាហ្សា។

សង្គ្រាម​​បាន​​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០២៣ ដោយសារ​ការ​វាយ​​លុក​របស់​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល ដែល​បណ្ដាល​ឲ្យ​មនុស្ស​ប្រហែល​១២០០​នាក់​បាន​ស្លាប់ ហើយ​​មាន​ការ​ចាប់​ចំណាប់​ខ្មាំង​ចំនួន ២៥១​នាក់​ទៅ​តំបន់​ហ្គាហ្សា។ ជា​ការ​សង​សឹក អ៊ីស្រាអែល បាន​វាយ​ប្រហារ​ក្រុម​ហាម៉ាស​នៅ​ហ្គាហ្សា ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៤១ ០០០​នាក់​ត្រូវ​បាន​សម្លាប់ ដោយ​ភាគ​ច្រើន​គឺ​ជា​ជន​ស៊ីវិល។

អ៊ីស្រាអែលបាននិយាយថា ខ្លួនព្យាយាមកាត់បន្ថយការសម្លាប់​ជនស៊ីវិល និងសង្កត់ធ្ងន់ថា ក្រុមហាម៉ាស​បាន​ប្រើប្រាស់ជនស៊ីវិលនៅតំបន់ហ្គាហ្សាជាខែលការពារ​ខ្លួន ដោយ​បើក​ការប្រយុទ្ធ​ចេញ​ពីតំបន់​ស៊ីវិល រួមមាន​ដូចជា​ ផ្ទះ​ប្រជាជន មន្ទីរពេទ្យ សាលារៀន និងវិហារអ៊ីស្លាម ជា​ដើម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម