ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា៖ អនាគតមហាអនុតំបន់ទន្លេមេគង្គ ចាំបាច់ត្រូវរួមគ្នាទទួលខុសត្រូវការពារបរិស្ថាន
ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) នៅព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានមើលឃើញពីភាពចាំបាច់សម្រាប់ការរួមគ្នាទទួលខុសត្រូវ ក្នុងកិច្ចការពារកំណប់ទ្រព្យធនធានបរិស្ថាន ដើម្បីអនាគតមហាអនុតំបន់ទន្លេមេគង្គ GMS ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា មហាអនុតំបន់ទន្លេមេគង្គ គឺជាតំបន់ដែលប្រមូលផ្តុំជីវចម្រុះ និងធនធានធម្មជាតិដ៏អស្ចារ្យជាច្រើន ដែលគាំទ្រដល់ការចិញ្ចឹមជីវិតរបស់មនុស្សរាប់លាននាក់។

ព្រៃឈើ ទន្លេ និងដីសើមមិនត្រឹមតែជាប្រភពធនធានសម្រាប់ជីវិតប៉ុណ្ណោះទេ ថែមទាំងបង្កើតជាស្នូលនៃសេដ្ឋកិច្ច និងមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅទៅនឹងអត្តសញ្ញាណវប្បធម៌ និងស្មារតីរបស់ប្រជាជនក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍន៍សេដ្ឋកិច្ច រួមទាំងកំណើនឧស្សាហូបនីយកម្ម បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានដូចជាការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ ភាពកខ្វក់ និងការអភិវឌ្ឍន៍ដែលមិនស្ថិតស្ថេរ។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ លោករដ្ឋមន្រ្តីបានថ្លែងថា ការសហការក្នុងតំបន់មានសារៈសំខាន់ណាស់។
«បញ្ហាប្រឈមទាំងនេះទាមទារដំណោះស្រាយរួមគ្នា ហើយតាមរយៈកិច្ចសហប្រតិបត្តិការ អាចសម្រេចបានច្រើនជាងអ្វីដែលពួកយើងអាចធ្វើតែម្នាក់ឯង។ ក្រោមក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន GMS យើងអាចសម្រេចបាននូវគោលដៅរួមរបស់យើងដើម្បីជាប្រយោជន៍និរន្តរភាពបរិស្ថាន»។


លោក អ៊ាង សុផល្លែត បញ្ជាក់ថា តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន GMS បានផ្តល់នូវវេទិកាពិសេសមួយសម្រាប់ការពង្រឹងភាពជាដៃគូ ចែករំលែកចំណេះដឹង និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហា ដើម្បីរួមគ្នាកសាងអនាគតនិងនិរន្តរភាពសម្រាប់មហាអនុតំបន់មេគង្គ ដោយធានាថារតនសម្បត្តិធម្មជាតិត្រូវបានរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ។
ចាប់តាំងពីការបង្កើតនៅឆ្នាំ ២០០៦ ក្រុមការងារ GMS ស្តីពីបរិស្ថាន (WGE) ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់។
បើតាមរដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ប្រទេសកម្ពុជាកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព តាមរយៈការដាកឲ្យអនុវត្តគោលនយោបាយពង្រឹងការការពារបរិស្ថាន និងជំរុញការអភិវឌ្ឍន៍បៃតង រួមទាំងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសារាចរណែនាំយុទ្ធសាស្ត្រស្តីពីបរិស្ថាន ២០២៣-២០២៨។
ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំពុលប្លាស្ទីក កម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមដូចជាយុទ្ធនាការដាំដើមឈើទូទាំងប្រទេស និងយុទ្ធនាការប្រឆាំងផ្លាស្ទិក។ ក្នុងនាមជាប្រទេសហត្ថលេខីនៃ UNFCCC និងកិច្ចព្រមព្រៀងបៃតងអាស៊ាន កម្ពុជាបានប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកសាងអនាគតប្រកបដោយចីរភាព។
កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) បើកជាផ្លូវការនៅព្រឹកមិញនេះដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកនៃមហាអនុតំបន់មេគង្គចំនួន ៦ ប្រទេស រួមមាន ប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាននៃមហាអនុតំបន់មេគង្គ (GMS) គឺជាវេទិកាកម្រិតខ្ពស់ដែលរដ្ឋមន្ត្រីបរិស្ថានមកពីបណ្តាប្រទេស GMS មករួមគ្នាដើម្បីពិភាក្សា និងសម្របសម្រួលយុទ្ធសាស្ត្រ និងគោលនយោបាយបរិស្ថានក្នុងតំបន់។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានលើកទី៦ ត្រូវបានគេរំពឹងថា នឹងអនុម័តនូវឯកសារសំខាន់ចំនួន ២ គឺ១៖ ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS 2030 សម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងចីរភាពបរិស្ថាន និង២៖ សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិកនៅក្នុង GMS៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត