ព័ត៌មានជាតិ
សិស្សមានពិការភាពគ្រប់ភូមិសិក្សា ជាង ១ ម៉ឺន ៧ ពាន់នាក់ ទទួលបានសេវាអប់រំបរិយាបន្ន
វិទ្យាស្ថានជាតិអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការអប់រំបរិយាបន្ន និងអប់រំពិសេសលើជំនាញបង្រៀនសិស្សពិការភ្នែក” រយៈពេល ៣ថ្ងៃ។ ជាលទ្ធផល បានផ្តល់សេវាអប់រំបរិយាបន្នដល់សិស្សមានពិការភាពគ្រប់ភូមិសិក្សា និងគ្រប់ប្រភេទពិការទូទាំងប្រទេសចំនួន ១៧ ៥៦៧ នាក់ ស្រី ៨ ១០៦ នាក់។ ក្នុងនោះ ខាងផ្នែកអប់រំពិសេស សិស្សមានពិការភាពនៅវិទ្យាល័យអប់រំពិសេសទាំង ៦ មានចំនួន ១ ១០៨ នាក់ ស្រី ៤០៩ នាក់។ សិស្សមានពិការភាពប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៤៧ នាក់ និងមធ្យមសិក្សាទុតិយភូមិ ១៨ នាក់ នៅឆ្នាំសិក្សា ២០២២-២០២៣។ បុគ្គលិកនៅវិទ្យាល័យអប់រំពិសេសទាំង ៦ មានចំនួន ១៩១ នាក់ ស្រី ៩៨ នាក់។ និងខាងផ្នែកសមាហរណកម្ម គ្រូបង្រៀនសិស្សថ្នាក់សមាហរណកម្ម សិស្សគថ្លង់ មានចំនួន ៣៩ នាក់ ស្រី ១៩ នាក់។
លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ទៀតថា ចាប់តាំងពីដើមឆ្នាំ២០០០ តរៀងមក ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអង្គការដៃគូបានផ្តោតការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្រដល់ការអប់រំបរិយាបន្ន ដែលនៅពេលនោះ បានរៀបចំជាគោលនយោបាយ ស្តីពី ការអប់រំកុមារពិការ ឆ្នាំ២០០៨ និងផែនការមេ ស្តីពី ការអប់រំកុមារពិការ ២០០៩-២០១១ និងក្រោយមកទៀត ក្រសួងបានពង្រីកទស្សនាទាន និងវិសាលភាពទៅជាការអប់រំបរិយាបន្ន ដោយបានរៀបចំជាគោលនយោបាយ ស្ដីពី ការអប់រំបរិយាបន្ន ឆ្នាំ២០១៨, ផែនការសកម្មភាព ស្ដីពី ការអប់រំបរិយាបន្ន ឆ្នាំ២០១៩-២០២៣ ព្រមទាំងឯកសារជំនួយផ្សេងៗទៀត។ ឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលគ្រូ វិទ្យាស្ថានជាតិអប់រំពិសេសក៏ត្រូវបានបង្កើតឡើង និងដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលសេវាអប់រំបរិយាបន្ន, អភិវឌ្ឍកម្មវិធីសិក្សា បណ្តុះបណ្តាលគ្រូបង្រៀន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាល័យអប់រំពិសេស សាលារៀនអប់រំបរិយាបន្ន និងថ្នាក់សមាហរណកម្មដទៃទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការសិក្សារបស់កុមារមានពិការភាពនៅកម្ពុជា។ ក្រៅពីនេះ ក្រសួងក៏បានផ្ទេរការអនុវត្តកម្មវិធីអប់រំពិសេស ថ្នាក់សមាហរណកម្មសិស្សមានពិការភាពសតិបញ្ញា និងអូទីស្សឹមពីអង្គការដៃគូទៅឱ្យសាលារៀនគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ជាមួយគ្នានេះ ក្រសួងបានដាក់បញ្ចូលមុខវិជ្ជាអប់រំបរិយាបន្នទៅក្នុងកម្មវិធីបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិត និងបានបណ្តុះបណ្តាលគ្រូជំនាញ និងអប់រំបរិយាបន្នប្រមាណ ៤ ០០០ នាក់ សម្រាប់វិទ្យាល័យអប់រំពិសេស ថ្នាក់សមាហរណកម្ម និងថ្នាក់អប់រំបរិយាបន្ននៅទូទាំងប្រទេស។
ដើម្បីជាធាតុចូលបន្ថែមសម្រាប់វគ្គបណ្តុះបណ្តាល ស្តីពី “ការអប់រំបរិយាបន្ន និងអប់រំពិសេសលើជំនាញបង្រៀនសិស្សពិការភ្នែក” និងផ្សារភ្ជាប់ជាមួយនឹងស្មារតី នៃវគ្គបណ្តុះបណ្តាលនេះ លោក សេរី ជំនះ បានលើកឡើងនូវចំណុចមួយចំនួនជូនដល់គ្រូបង្រៀនថ្នាក់អប់រំបរិយាបន្ន ជាពិសេសវិទ្យាស្ថានជាតិអប់រំពិសេស នូវចំណុចមួយចំនួនដូចខាងក្រោម៖
១. សិក្សា និងស្រាវជ្រាវឱ្យបានហ្មត់ចត់ ក្នុងការចុះប្រមូលទិន្នន័យ ការរៀបចំស្ថិតិ និងការកំណត់អត្តសញ្ញាណកុមារមានពិការភាពនៅតាមមូលដ្ឋាន ដើម្បីគាំទ្រការអប់រំសម្រាប់សិស្សមានតម្រូវការពិសេសឱ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ «មិនត្រូវទុកកុមារណាម្នាក់ឱ្យស្ថិតនៅក្រៅប្រព័ន្ធអបរំបានឡើយ» ដោយយើងត្រូវមានគំនិតច្នៃប្រឌិត និងរិះរកគ្រប់មធ្យោបាយ កំណត់យន្តការជាក់លាក់ក្នុងការប្រមូលកុមារគ្រប់អាយុ ទោះបីមានកាយសម្បទា ឬសតិបញ្ញាក្នុងលក្ខណៈយ៉ាងណាក៏ដោយ ដើម្បីឱ្យពួកគេមានឱកាសទទួលបានការអប់រំប្រកបដោយសមធម៌ និងសុខភាពផ្លូវចិត្តប្រកប ដោយអារម្មណ៍កក់ក្តៅជាទីបំផុត។
២. បន្តអភិវឌ្ឍសមត្ថភាព និងពង្រឹងការបំពេញភារកិច្ចរបស់មន្ត្រីអប់រំពិសេស និងគ្រូបង្រៀន ក្នុងការជួយគាំទ្រ និងបង្ហាត់បង្រៀនកុមារមានពិការភាព និងកុមារជួបការលំបាកប្រកបដោយវិជ្ជាជីវៈ សេចក្ដីអាណិតស្រឡាញ់ និងការផ្តល់ភាពកក់ក្តៅគ្រប់ពេលវេលា។ ចំណុចនេះ សូមលោកគ្រូ អ្នកគ្រូអនុវត្តតាមខ្លឹមសារដែលគ្រូឧទ្ទេសបានផ្តល់ជូន។ សូមស្រាវជ្រាវ និងអភិវឌ្ឍលើសមត្ថភាពឱ្យស្របតាមយុគសម័យឌីជីថល។
៣. បន្តរិះរកវិធានការផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីឱ្យសហគមន៍ក្នុងមូលដ្ឋានបានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការអប់រំបរិយាបន្ន ព្រមទាំងចូលរួមក្នុងការប្រមូលកុមារមានពិការភាពឱ្យមកសាលារៀន និងមករៀនបានទៀងទាត់ ជាពិសេសការ ចូលរួមរបស់មាតាបិតាក្នុងការចិញ្ចឹមបីបាច់ ការថែទាំ និងការគាំទ្រកុមារមានពិការភាពឱ្យទទួលបានសេវាផ្សេងៗ រួមទាំងការអប់រំបរិយាបន្ន និងសេវាសុខភាព។
៤. អង្គភាពពាក់ព័ន្ធ ត្រូវបន្តពង្រីក និងពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ព្រមទាំងទទួលបាននូវការឧបត្ថម្ភគាំទ្រគ្រប់រូបភាព សំដៅជំរុញដំណើរការ និងបន្តនិរន្តរភាពក្នុងការជួយកុមារមានពិការភាព និងកុមារជួបការលំបាក ឱ្យទទួលបានការអប់រំប្រកបដោយជោគជ័យ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ស្តីពី “ការអប់រំបរិយាបន្ន និងអប់រំពិសេសលើជំនាញបង្រៀនសិស្សពិការភ្នែក” នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅវិទ្យាល័យអប់រំពិសេសសៀមរាប ដោយមានសិក្ខាកាមជាគ្រូបង្គោលបង្រៀនថ្នាក់អប់រំបរិយាបន្ន មកពីតាមសាលាក្នុងរាជធានី-ខេត្តគោលដៅចំនួន៤៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ