Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ ស្ដីពី ការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥

បានផុស

នៅ

រាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយ ស្ដីពី ការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ ដើម្បីលុបបំបាត់សេចក្តីស្រេកឃ្លាន គាំទ្រការអប់រំ និងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ កុមារសំដៅចូលរួមប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅ ឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងគោលនយោបាយ ស្ដីពី ការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ សម្តេចមហាបវរធិបតី ហ៊ុន ណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងអារម្មកថា ចុះថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤ ថា ការអភិវឌ្ឍមូលធនមនុស្សជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ ជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតនវានុវត្តន៍ សំដៅធានាចីរភាពកំណើន រយៈពេលវែង និងជវភាព នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

សម្តេចធិបតី បានបន្តថា ដោយមើលឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលកម្មវិធីផ្តល់អាហារតាមសាលារៀន សំដៅកសាងមូលដ្ឋានគ្រឹះរឹងមាំ រាជរដ្ឋាភិបាលសម្រេចដាក់ចេញគោលនយោបាយ ស្តីពី ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ នេះ សំដៅធានាការពង្រឹងកិច្ចសហការ និងតួនាទីភារកិច្ចរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធ ឱ្យមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក។

គោលនយោបាយ ស្ដីពី ការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ ដែលរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា និងចេញផ្សាយនៅខែកញ្ញានេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់ អង្គការសហប្រជាជាតិ បានចាប់ផ្តើមអនុវត្ត កម្មវិធីផ្តល់អាហារតាមសាលារៀនតាំងពីឆ្នាំ១៩៩៩ នៅសាលាបឋមសិក្សាចំនួន៦៤ ដែលមានអ្នកទទួលផល ៣៧ ៥០០ នាក់ និងបន្តពង្រីកជាបន្តបន្ទាប់ដោយប្រើប្រាស់ស្បៀងដែលផ្គត់ផ្គង់ទាំងស្រុងដោយកម្មវិធីស្បៀង អាហារពិភពលោក ក្នុងគោលបំណងផ្តល់លទ្ធភាពដល់កុមារមកពីគ្រួសារក្រីក្របានចូលរៀន។ នៅឆ្នាំ២០១៤ ក្រសួងអប់រំក្រោមជំនួយពីកម្មវិធីស្បៀងអាហារពិភពលោក បានចាប់ផ្តើមអនុវត្តសាកល្បង កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលជាគំរូថ្មីមួយក្នុងការផ្តល់អាហារ តាមសាលារៀន សំដៅធានាបាននូវអាហារមានសុវត្ថិភាពនិងអាហារូបត្ថម្ភ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងអាចអនុវត្តបាន។ គិតត្រឹមឆ្នាំសិក្សា ២០២២-២០២៣ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បានអនុវត្ត នៅតាមសាលារៀនចំនួន ៤២៧ ក្នុងក្រុង/ស្រុកចំនួន២៣ នៃខេត្តគោលដៅចំនួន១០ ដែលសិស្សទទួលអត្ថ ប្រយោជន៍ពីកម្មវិធីចំនួនរហូតដល់ ១១៣ ៣១៩ នាក់ និងបន្តពង្រីកវិសាលភាពតាមសាលាបឋមសិក្សាជាបន្តបន្ទាប់។

ក្នុងនោះបានជួយបង្កើនការចូលរៀន រក្សាវត្តមានសិក្សា ពង្រឹងការផ្ចង់ស្មារតីក្នុងម៉ោងសិក្សា និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ជាពិសេសសិស្សស្រី និងបានរួមចំណែកដល់ការប្រយុទ្ធនឹងការអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភរបស់កុមារ និងអាចជួយធានាឱ្យកុមារទទួលបានអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងទៀងទាត់។

របាយការណ៍វាយតម្លៃ ស្តីពី កម្មវិបាក នៃកម្មវិធីផ្តល់អាហារតាមសាលារៀន បានចង្អុលបង្ហាញពីការចូលរួមចំណែកក្នុងការផ្លាស់ប្តូរជាវិជ្ជមានលើការ ចុះឈ្មោះចូលរៀនរបស់សិស្សកម្ពុជា ដែលនៅឆ្នាំ២០០១ អត្រាចុះឈ្មោះចូលរៀនមានត្រឹមតែ ៨១% និងកើនឡើង រហូតដល់ ៩៨% នៅឆ្នាំ២០១៩ ជាពិសេសតំបន់ជនបទ និងដាច់ស្រយាល។ បន្ថែមពីនេះ សាលារៀន ក្នុងស្រុក ដែលទទួលបានការអន្តរាគមន៍លើកម្មវិធីអាហារតាមសាលារៀន បានបង្ហាញលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ លើគុណភាពអប់រំ ដូចជាការចុះឈ្មោះចូលរៀនរបស់សិស្សមានការកើនឡើងរហូតដល់ ៩៩,២% អត្រាបញ្ចប់ការសិក្សាកើនឡើងដល់ ៨៥,៣% និងការកាត់បន្ថយការបោះបង់ការសិក្សាដល់ ៤,៥% ខណៈសាលារៀនដែលមិនបានទទួលការអន្តរាគមន៍កម្មវិធីនេះ មានអត្រានៃការចុះឈ្មោះចូលរៀនត្រឹមតែ ៩១,២% ការបញ្ចប់ការសិក្សា ៨១,៩% ហើយអត្រានៃការបោះបង់ការសិក្សាមានរហូតដល់ ៤,៨%។

លើសពីនេះទៀត ការផ្តល់អាហារតាម សាលារៀនអាចរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ រួមមាន គោលដៅទី១. ការបញ្ចប់ភាពក្រីក្រ គោលដៅទី២. ការបញ្ចប់ភាពអត់ឃ្លាន គោលដៅទី៣. ការលើកកម្ពស់ សុខភាព និងសុខុមាលភាព គោលដៅទី៤. ការអប់រំមានគុណភាពប្រកបដោយបរិយាបន្ន និងសមធម៌ គោលដៅទី៥. សមភាពយេនឌ័រ គោលដៅទី៨. ការងារសមរម្យនិងកំណើនសេដ្ឋកិច្ច និងគោលដៅទី១០. ការកាត់បន្ថយវិសមភាព។

បើទោះជាមានបទពិសោធក្នុងរយៈពេល ២០ ឆ្នាំ ក្នុងការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា, បញ្ហាប្រឈមមួយចំនួននៅតែជាកង្វល់ និងឧបសគ្គដល់ការធានាប្រសិទ្ធភាពកម្មវិធី ដែលរួមមាន ១. ភាពមិនពេញលេញ នៃយន្តការកំណត់តួនាទី ទំនួលខុសត្រូវ ការចូលរួម និងការសម្របសម្រួលរវាងអន្តរវិស័យ ឱ្យបានពេញលេញ ២. កង្វះសង្គតិភាព និងភាពជាប្រព័ន្ធនៃការសម្របសម្រួលក្នុងការផ្តល់កិច្ចអន្តរាគមន៍បន្ថែម លើការអប់រំ ស្តីពី អាហារូបត្ថម្ភកម្មវិធីទឹកស្អាតនិងអនាម័យ, កម្មវិធីទម្លាក់ព្រូន, កម្មវិធីសួនបន្លែតាមសាលារៀន ឬតាមផ្ទះ ការផ្តល់អាហារបំប៉នមីក្រូសារជាតិ និងការផ្តល់ស្បៀងដល់គ្រួសារសិស្ស ៣. កង្វះយន្តការកម្រិតមូលដ្ឋាន ក្នុងការកៀរគរធនធាន និងលើកកម្ពស់ភាពជាម្ចាស់ពីសហគមន៍ ៤. កង្វះយន្តការអភិវឌ្ឍសមត្ថភាពជាប្រចាំ ដល់អ្នកអនុវត្តកម្មវិធីនៅកម្រិតមូលដ្ឋាន ៥. កង្វះយន្តការក្នុងការទាញប្រយោជន៍ពីកម្មវិធីអាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ឱ្យអស់សក្តានុពល និង ៦. កង្វះការកំណត់ស្តង់ដាជាអប្បបរមា នៃវិធានអនាម័យនិងសុវត្ថិភាពម្ហូបអាហារ។

ដើម្បីអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានការគាំទ្រ និងកិច្ចសហការ ពេញលេញទាំងផ្នែកស្មារតី សម្ភារ និងគណនេយ្យភាពសមិទ្ធកម្ម។ រាជរដ្ឋាភិបាលសង្ឃឹម និងជឿជាក់យ៉ាង មុតមាំថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ ព្រមទាំងភាគីពាក់ព័ន្ធ នឹងសហការជំរុញផ្សព្វផ្សាយ គាំទ្រ និងអនុវត្តគោលនយោបាយ ស្តីពី ការផ្តល់អាហារតាមសាលារៀនឆ្នាំ២០២៤-២០៣៥ ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម