Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ទម្លាក់​គ្រាប់បែក​នៅ​ទីក្រុង Kharkiv សម្លាប់​មនុស្ស​ម្នាក់ និង​របួស​៤២​នាក់

បានផុស

នៅ

គ្រាប់បែករបស់រុស្ស៊ី បានវាយប្រហារអគារអាផាតមិន​​មួយ​កន្លែងកាលពីថ្ងៃអាទិត្យនៅទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ដោយបង្កឲ្យមានអគ្គិភ័យ ព្រមទាំង​សម្លាប់មនុស្សម្នាក់និងរបួស៤២នាក់។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១៦​ខែ​កញ្ញា។

(រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា ការវាយប្រហារចុងក្រោយនេះ បានគូសបញ្ជាក់ពីតម្រូវការ​របស់​អ៊ុយក្រែន​ចំពោះ​ការ​ផ្គត់​ផ្គង់​សព្វាវុធ​​ពី​ដៃគូលោកខាងលិច ក៏​ដូចជា​ខែល​ការពារ​ដែនអាកាស ព្រម​ទាំង​ការអនុញ្ញាតឲ្យ​អ៊ុយក្រែន​ប្រើប្រាស់សព្វាវុធ​​រយៈ​​ចម្ងាយ​ឆ្ងាយ​​វាយ​ប្រហារ​​​លើគោលដៅ​ចូល​ជ្រៅ​ក្នុងប្រទេសរុស្ស៊ី ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

រដ្ឋអាជ្ញាក្នុងតំបន់ Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែន បានប្រកាស​នៅលើ​បណ្ដាញ​ទំនាក់ទំនង​ Telegram ថា សាកសពស្ត្រីអាយុ​៩៤​ឆ្នាំម្នាក់ត្រូវបានគេរកឃើញពីជាន់ទី៩​នៃអគារ។

ចំណែក​​ឯ​អភិបាលក្រុង Kharkiv លោក Ihor Terekhov បានរៀបរាប់​ថា ភ្លើងដែលឆាបឆេះដោយគ្រាប់បែកត្រូវបានពន្លត់​រួច​ហើយ។ លោក​បាន​ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​របួស​មាន៤២នាក់ ក្នុង​នោះ​មាន​កុមារ៣នាក់​។ ដោយឡែក​លោក​អភិបាលតំបន់ Oleh Syniehubov បាននិយាយថាអាច​នៅ​មាន​មនុស្ស​ស្ថិតនៅក្រោមគំនរបាក់បែក​នៅ​ឡើយ។

ប្រធានាធិបតី​អ៊ុយក្រែន បានបញ្ជាក់​ថា គ្រាប់បែក​កំណត់​​គោលដៅ​ចំនួន​៣​គ្រាប់​ផ្សេងទៀតបានវាយប្រហារភូមិ​មួយ​ចំនួន​ក្នុងតំបន់ Kharkiv ដែល​ជា​មជ្ឈមណ្ឌល​ពោរពេញ​ដោយ​ប្រជាជន​រស់នៅ ហើយ​ក៏​​​ជាគោលដៅរង​ការវាយប្រហារ​ជា​ញឹកញាប់​​ពី​ភាគី​រុស្ស៊ី​ដែល​​នៅជិតព្រំដែន។

រុស្ស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើឧប្បត្តិហេតុ​ទម្លាក់​គ្រាប់​បែក​លើ​អគារស្នាក់នៅ​នោះទេ ប៉ុន្តែរុស្ស៊ី​​កន្លង​មក​តែង​បដិសេធនូវ​ចេតនាវាយ​ប្រហារ​ទៅលើជនស៊ីវិល ទោះបីជា​ខ្លួន​បានសម្លាប់​ប្រជាជន​មិន​ដឹង​អី​​អស់​រាប់ពាន់​នាក់​ក៏​ដោយ​ ចាប់តាំងពី​ការ​ឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ​២០២២។

លោក Zelenskiy បាន​អំពាវនាវ​ឲ្យ​​សម្ព័ន្ធមិត្ត​របស់​ខ្លួន​​​សម្រេច​ចិត្ត​ឲ្យ​បាន​​យ៉ាង​ឆាប់​រហ័ស​ ដើម្បី​​​បើក​ដៃ​ឲ្យ​អ៊ុយក្រែន​អាច​​វាយ​ប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​ក្នុង​គោល​បំណង​បំផ្លាញ​​មូលដ្ឋាន​​​យោធា​អាកាស​​​របស់​រុស្ស៊ី​។ លោក​បាន​បន្ថែម​ថា៖ «រាល់ការវាយប្រហាររបស់រុស្ស៊ី​របៀប​នេះ រាល់ករណីនៃភេរវកម្មរបស់រុស្ស៊ី ដូចជា​​ថ្ងៃនេះនៅ​ទីក្រុង Kharkiv…នេះបង្ហាញថា (អ៊ុយក្រែន) ត្រូវតែមានសមត្ថភាពរយៈចម្ងាយឆ្ងាយ»។

លោក Zelenskiy បាន​ប្រាប់​ថា អ៊ុយក្រែន​បាន​​ទុក​ក្ដី​រំពឹង​រង់ចាំ​​ការ​សម្រេច​ចិត្ត​ដ៏​សមស្រប​ពី​​សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ដែលការសម្រេចចិត្ត​របស់​ពួក​គេ​អាចជួយសង្រ្គោះជីវិត​បាន។

សូម​បញ្ជាក់​ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីសប្តាហ៍មុនថា លោកខាងលិចនឹងផ្ទុះ​សង្គ្រាម​ដោយផ្ទាល់ជាមួយរុស្ស៊ី ប្រសិនបើអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារទឹកដីរុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ​ដែល​ផលិតដោយលោកខាងលិច៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម