Connect with us

ព័ត៌មានជាតិ

អង្គការអភិរក្សអន្តរជាតិកម្ពុជា​ (CI) ជាង ២ ទសវត្សរ៍ រួមចំណែក​​អភិរក្សព្រៃឈើនៅ​កម្ពុជា

បានផុស

នៅ

នៅក្នុងបេសកកម្មក្នុងកិច្ចការការពារធនធានធម្មជាតិ​សម្រាប់មនុស្សជាតិ អង្គការអភិរក្សអន្តរជាតិកម្ពុជា (CONSERVATION INTERNATIONAL Cambodia) កំពុងធ្វើការអស់រយៈពេលជាង ២ ទសវត្សរ៍ក្នុងកិច្ចការការពារ និងគ្រប់គ្រងព្រៃឈើ ព្រមទាំងប្រភពទឹកសាបដែលជាធនធានធម្មជាតិ​​ដ៏មានតម្លៃមហាសាលរបស់ប្រទេស​កម្ពុជា ក៏ដូចជាចូលរួមគាំទ្រដល់ជីវភាពសហគមន៍ដោយផ្អែកលើប្រព័ន្ឋអេកូឡូស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការអភិរក្សអន្តរជាតិកម្ពុជា មានគម្រោងអភិរក្សជាច្រើនដែលកំពុងអនុវត្តនៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល តំបន់បឹងទន្លេសាប ដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងឧទ្យានជាតិវើនសៃ-សៀមប៉ាង

អង្គការអភិរក្សអន្តរជាតិកម្ពុជា បាន​ធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្ស អង្គការអភិវឌ្ឍន៍អន្តជាតិ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងស្ថាប័នឯកជននានាដែល​សម្រេចបាននូវសមិទ្ឋផលសំខាន់ៗជាច្រើនមានដូចជា៖

-ធ្វើការងារលើតំបន់ការពារចំនួន ៣ កន្លែង ដែលគ្របដណ្តប់លើផ្ទៃព្រៃប្រមាណ ១ លានហិកតា ដែលជាកន្លែងសន្និធិកាបូននិងជីវចម្រុះដ៏សំខាន់
-គាំទ្រសហគមន៍មូលដ្ឋាន ដើម្បីការពារតំបន់ទំនាបលិចទឹកប្រមាណ ៣៥ ០០០ ហិកតា ដែលជាជម្រករបស់ជីវៈចម្រុះដ៏សម្បូរបែបនៅក្នុងតំបន់ទន្លេសាប ដែលមានសារៈសំខាន់ក្នុងការស្រូបយកកាបូន និងជាជម្រកសម្រាប់មច្ឆាជាតិ
-បង្កើត មូលនិធិសម្រាប់ការអភិរក្ស របស់គម្រោងតំបន់ជួរភ្នំក្រវាញកណ្តាល ដែលជា មូលនិធិដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា
-ព្រៃលិចទឹកប្រមាណ ៦០០ ហិកតា ត្រូវបានស្ដារឡើងវិញ
-សន្និធិឧស្ម័នកាបូននិចចំនួន ២៦០.០០០ តោន
-ប្រជាជនជាង ៦០ ០០០ នាក់ បានចូលរួមចំណែកដោយផ្ទាល់លើការងារអភិរក្ស, ហើយប្រជាជន ១,៥ លាន នាក់ បានទទួលផលប្រយោជន៍ដោយប្រយោល
-ឆ្នាំ ២០០២–២០២៣៖ ថវិកាសរុបចំនួន ៣៨ លាន ដុល្លារ ត្រូវបានវិនិយោគដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និង អង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត

កម្មវិធីទេសភាពតំបន់ការពារដីគោក

អង្គការអភិរក្សអន្តរជាតិកម្ពុជា បានធ្វើការវិនិយោគយ៉ាងសន្ធឹកសម្លាប់ទៅលើការពារតំបន់ព្រៃឈើ ក្នុង​កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ទះការបំភាយឧស្ម័នកាបូននិចប្រមាណជាង ១០,២ លាន តោន។ ជាលទ្ធផល អង្គការអភិរក្សអន្តរជាតិកម្ពុជា បានកំពុងឆ្ពោះទៅរកការសម្រេចឱ្យបាន ៥,១% នៃគោលដៅរួមរបស់អង្គការអភិរក្សអន្តរជាតិ ដើម្បីបញ្ចៀសការបញ្ចេញ​ឧស្ម័នកាបូទិច ២ ពាន់ លានតោន តាមរយៈគម្រោងរេដបូកនិងគម្រោងផ្សេងទៀតឱ្យបានត្រឹមឆ្នាំ ២០៣០។

កម្មវិធីតំបន់ទេសភាពទាំងនេះ នឹងត្រូវអនុវត្តតាមរយៈការបញ្ចូលគ្នានៃការគ្រប់គ្រងការអភិឌ្ឍជីវភាពសហគមន៍ និងការអភិរក្សជីវៈចម្រុះ នៅតំបន់ជួញកណ្ដាល ដែនជម្រកសត្វព្រៃ «ព្រៃឡង់» និង​ឧទ្យានជាតិវេីនសៃ-សៀមប៉ាង។

តំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល

ជាតំបន់ដែលមានជីវៈចម្រុះសម្បូរបែបនៃតំបន់ឥណ្ឌូ-ភូមា ជាទីជម្រករបស់ជនជាតិដើមភាគតិចជាច្រើនក្នុងប្រទេសកម្ពុជា ហើយមួយភាគបីនៃសត្វស្លាបរបស់ប្រទេសកម្ពុជារស់នៅទីនេះ។

តំបន់ជួរភ្នំក្រវាញកណ្តាល គឺជាតំបន់ដ៏ស្រស់ស្អាតមួយដែលជានិយ័តកម្មទឹកដ៏សំខាន់ ដោយគ្របដណ្តប់មួយភាគបីនៃប្រទេស​កម្ពុជា ហើយជាដែនជម្រកនៃរុក្ខជាតិ និងសត្វជាច្រើនប្រភេទរួមទាំងប្រភេទសត្វជិតផុតពូជផងដែរ។ នៅចំបេះដូងនៃតំបន់ទេសភាពជួរភ្នំក្រវាញ អង្គការអភិរក្សអន្តរជាតិកម្ពុជា បាននិងកំពុងផ្តោតលើការអភិរក្សព្រៃឈើទំហំ ៤០០.០០០ ហិកតា (ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែលបច្ចុប្បន្នជាផ្នែកមួយនៃឧទ្យានជាតិភ្នំក្រវាញ) អស់រយៈពេល ២៣ ឆ្នាំមកហើយ។ មានស្ទឹងជាច្រើនដែលចេញមកពីតំបន់នេះ បានផ្តល់ទឹកស្អាតសម្រាប់ប្រជាជនជាង ៣០.០០០ នាក់ និងគាំទ្រដល់ការផលិតផលស្រូវ និងត្រីធម្មជាតិជាច្រើន នៅតំបន់ទំនាបកសិកម្ម ដែលធានាបាននូវសន្តិសុខស្បៀង​សម្រាប់ប្រជាជនកម្ពុជា។

ធនធានធម្មជាតិនៃជួរភ្នំក្រវាញ ដែលប៉ាន់ស្មានថាមានតម្លៃជាង មួយពាន់លានដុល្លារអាមេរិក មិនត្រូវបានប៉ះពាល់ពីមនុស្ស អស់ជាច្រើនសតវត្សមកហើយ ដោយសារតែតំបន់នេះស្ថិតនៅដាច់ស្រយាល។ ប៉ុន្តែនៅពេលដែលប្រទេស​កម្ពុជា មានការអភិវឌ្ឍជឿនលឿន ធនធានធម្មជាតិនៃជួរភ្នំក្រវាញ​កាន់តែងាយរងគ្រោះ ដោយសារការកាប់ឈើខុសច្បាប់ ការបរបាញ់ ការកាប់ឆ្ការព្រៃ និងការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធ។

ចាប់ពីទទួលបានការការពារព្រៃឈើជាផ្លូវការក្នុងឆ្នាំ ២០០២ អង្គការអភិរក្សអន្តរជាតិកម្ពុជា បានចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍក្របខណ្ឌច្បាប់ និង​យុទ្ឋសាស្រ្តមូលដ្ឋាន ដែលជាតម្រូវការចាំបាច់សម្រាប់ការអភិរក្សប្រកបដោយប្រសិទ្ធភាព និងយូរអង្វែងនៃតំបន់នេះ​។

អង្គការ​កំពុងធ្វើការដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីរាជរដ្ឋាភិបាលក្នុងការការពារតំបន់ រួមទាំងផ្ដល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់មន្ត្រីឧទ្យានុរក្ស ដែលល្បាតទេសភាពជួរភ្នំក្រវាញកណ្ដាល ដើម្បីទប់ស្កាត់សកម្មភាព​បរបាញ់សត្វព្រៃ និងការកាប់ឈើខុសច្បាប់។

សហការដោយផ្ទាល់ជាមួយសហគមន៍មូលដ្ឋាននៅក្នុងនិងជុំវិញតំបន់ ដើម្បីបង្កើនឱកាសដល់​ពួកគាត់ក្នុងការចិញ្ចឹមជីវិត​ប្រកបដោយចីរភាព។ មូលនិធិអភិរក្សរបស់អង្គការអភិរក្សអន្តរជាតិ ដែលជាមូលនិធំដំបូងគេរបស់ប្រទេសកម្ពុជាត្រូវបានបង្កើតឡើង ដើម្បីគាំទ្រហិរញ្ញវត្ថុរយៈពេលវែងនៅក្នុងតំបន់ ដោយធានាថាព្រៃឈើអាចនៅសល់បានច្រើនជំនាន់តទៅ​ទៀត។

ការងារ​នេះ ទទួលបានមូលដ៏ធំពីមូលនិធិ Legacy landscapes Fund, USAID Morodok Baitang ធនាគារពិភពលោក (សម្រាប់គាំទ្រគម្រោងទេសភាព និងអេកូទេសចរណ៍កម្ពុជា) និងថវិកាពីអង្គការអភិរក្សអន្តរជាតិផ្ទាល់ និងពីវិស័យឯកជន។

ដែនជម្រកសត្វព្រៃ «ព្រៃឡង់»

ដែនជម្រកសត្វព្រៃ «ព្រៃឡង់» គឺជាព្រៃវាលទំនាបត្រូពិចចុងក្រោយ និងធំជាងគេបំផុតក្នុងចំណោមព្រៃទំនាបនៅតំបន់អាស៊ីអាគ្នេយ៍។

ដែនជម្រកសត្វព្រៃ «ព្រៃឡង់» គឺជាព្រៃដែលមានជីវៈចម្រុះគ្រប់ប្រភេទ ហើយច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងនិងជុំវិញតំបន់ការពារនេះ មានប្រជាជនដែលកំពុងរស់នៅចំនួន ២៥០.០០០ នាក់។ ប្រជាជនមូលដ្ឋាននៅទីនេះ ពឹងផ្អែកទាំងស្រុង ទៅលើធនធានធម្មជាតិសម្រាប់ការរស់នៅ។ឮ

ដែនជម្រកសត្វព្រៃ «ព្រៃឡង់» មានទំហំ ៤៣៣.០០០ ហិកតា គឺជាតំបន់ព្រៃស្រោង វាលទំនាប ដែលធំជាងគេបំផុត ក្នុងចំណោមព្រៃទំនាប នៅតំបន់អាស៊ីអាគ្នេយ៍ដែលនៅសេសសល់ ហើយក៍ជាតំបន់ដែលមានអត្រាការបាត់បង់ព្រៃឈើខ្ពស់បំផុតផងដែរនៅក្នុងប្រទេសកម្ពុជា (ដែលវានឹងក្លាយទៅជាតំបន់ដែលមានអត្រានៃការបាត់បង់ព្រៃឈើខ្ពស់បំផុតនៅលើពិភពលោក)។

ដែនជម្រកសត្វព្រៃនេះ ជាទីជម្រកដ៍សំខាន់សម្រាប់ពពួកសត្វព្រៃដែលរងការគំរាមកំហែង និងសត្វព្រៃដែលមានភាពទាក់ទាញខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីដូចជា ដំរីអាស៊ី ខ្ទីង ទន្សោង ទោចនិងពង្រូល។ ដែនជម្រកសត្វព្រៃ«ព្រៃឡង់» បានចូលរួមចំណែកក្នុង ការទ្រទ្រង់ដល់សុខុមាលភាពមនុស្សតាមរយៈការការផ្តល់សេវាកម្មប្រព័ន្ឋអេកូឡូស៊ីដល់ជនជាតិដើមភាគតិច និងប្រជាជនមូលដ្ឋានប្រមាណជាង ២៥០.០០០ នាក់។ វាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់ សេដ្ឋកិច្ច និងសង្គមរបស់សហគមន៍ក្នុងតំបន់នេះ។ ដូចនេះហើយ វាមានតួនាទីសំខាន់ណាស់ ក្នុងការថែរក្សាប្រព័ន្ឋអេកូឡូស៊ី ឱ្យមានតុល្យភាព បង្កើនជីវៈចម្រុះ និងការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅក្នុងតំបន់។ តែទោះជាយ៉ាងណាក៏ដោយ ដែនជម្រកសត្វព្រៃ «ព្រៃឡង់» បាននិងកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ តាមរយៈការរុករានដីព្រៃធ្វើកសិកម្ម និងកត្តាភូមិសាស្ត្រនៃតំបន់វាលទំនាប។

ដោយមើលឃើញពីសារៈសំខាន់នៃតំបន់នេះ អង្គការអភិរក្សអន្តរជាតិកម្ពុជា បានចាប់ផ្តើមអនុវត្តសកម្មភាពតាំងពីឆ្នាំ​២០១៨ រហូតដល់ការបង្កើត និងអនុវត្តគម្រោងរេដបូកព្រៃឡង់។ គម្រោងនេះបានចាប់ផ្តើម ក្រោមកិច្ចព្រមព្រៀងបីភាគី នៃក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិ កម្ពុជា និងការវិនិយោគរបស់ក្រុមហ៊ុន Mitsui & Co. ដោយមានការគាំទ្របន្ថែម​ពីគម្រោង USAID. Greening Prey Lang។ ពេលនេះ អង្គការអភិរក្សអន្តរជាតិកម្ពុជា បានបន្តការងាររបស់ខ្លួន នៅក្នុង ការអនុវត្តគម្រោងរេដបូក ក្រោមយន្តការទ្វេភាគី JCM/Mitsui REDD+ ដែលជាគម្រោងដំបូងបំផុតនៅលើពិភពលោក របស់យន្តការទ្វេភាគី (កាបូនរួមគ្នា) នៃប្រទេសជប៉ុន។

ឧទ្យានជាតិវើនសៃ-សៀមប៉ាង

ព្រៃព្រហ្មចារិយ៍ចុងក្រោយគេបង្អស់ដែលនៅមានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឧទ្យានជាតិវើនសៃ-សៀមប៉ាង ជាទីជម្រកចុងក្រោយនៃពពួកសត្វត្រយ៉ងយក្ស ខ្លាឃ្មុំតូច ខ្លាពពក និងជាទីជម្រកដ៍សំខាន់នៃជនជាតិដើមភាគតិចផងដែរ។ ព្រៃនេះបានផ្តល់ជាម្ហូប អុស ឱសថធម្មជាតិ ទឹកសាប និងគាំទ្រសេដ្ឋកិច្ច របស់ប្រជាជនមូលដ្ឋាន តាមរយៈអេកូទេសចរណ៍ កសិកម្ម និងនេសាទ។

ការកាប់បំផ្លាញ ការសឹករេចរឹលព្រៃឈើ និងការបរបាញ់សត្វព្រៃ បាននិងកំពុងជំរុញឱ្យឧទ្យានជាតិ និងជីវភាព​សហគមន៍​ក្រីក្រប្រឈមទៅនឹងគ្រោះថ្នាក់។

អង្គការអភិរក្សអន្តរជាតិកម្ពុជា បានធ្វើការគាំទ្រនិងអនុវត្តសកម្មភាពនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង តាំងពីឆ្នាំ​២០០៩ ដើម្បីធ្វើការពារធនធាន​ដ៏មានតម្លៃនេះ សម្រាប់ជាប្រយោជន៍ដល់ប្រជាជន។ អង្គការបានធ្វើការការពារឧទ្យានជាតិនេះដោយស្របច្បាប់តាមរយៈការប្រកាសជាផ្លូវការជាតំបន់ឧទ្យានជាតិនៅឆ្នាំ២០១៦ ដែលមានផ្ទៃដីចំនួន ១៣៦ ០០០ ហិកតា ដែលឥឡូវនេះបានពង្រីករហូតទៅដល់ ២៨០ ៣៥៩ ហិកតា។

អង្គការអភិរក្សអន្តរជាតិកម្ពុជា បានធ្វើការគាំទ្រមន្ត្រីឧទ្យានុរក្ស និងសហគមន៍ ដើម្បីធ្វើការយាមល្បាតព្រៃ រាយការណ៍សកម្មភាពកាប់ឈើខុសច្បាប់ និងធ្វើការជាមួយសហគមន៍ដើម្បីទាញយកផលប្រយោជន៍ ដោយមិនឱ្យប៉ះពាល់ដល់ប្រព័ន្ធ​អេកូឡូស៊ីព្រៃឈើ។ បន្ទាប់ពីការរកឃើញ ទោចថ្ពាល់លឿង ដែលជាទោចប្រភេទថ្មីនៅក្នុងតំបន់ អ្នកស្រាវជ្រាវនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា បានធ្វើការការពារបរិមាណរបស់សត្វទោចមួយចំនួន ដោយធ្វើការជាមួយសហគមន៍ ដើម្បី​បង្កើតជាគម្រោង​អេកូទេសចរណ៍ ដែលអាចរក្សាបាននូវព្រៃឈើដែលជាទីជម្រករបស់សត្វ ទោច និងអាចបង្កើតចំណូល​ដោយចីរភាពសម្រាប់ប្រជាសហគមន៍។

កម្មវិធីទឹកសាបបឹងទន្លេសាប

ជាជម្រកសម្រាប់ប្រជាជនជាង ៣ លាននាក់ និងជាតំបន់ទំនាបមួយដែលសម្បូរត្រីទឹកសាបបំផុតក្នុងពិភពលោក។

ចាប់តាំងពីឆ្នាំ ២០០៨ មក អង្គការអភិរក្សអន្តរជាតិកម្ពុជា បាននិងកំពុងធ្វើការដើម្បីធានាថាបឹងទន្លេសាប និងតំបន់ទំនាប​លិចទឹកនៅតែជាប្រព័ន្ធអេកូឡូស៊ីទឹកសាបដែលមានសុខភាពល្អ ហើយអាចទ្រទ្រង់ប្រជាជន សត្វព្រៃ និងសេដ្ឋកិច្ច​​របស់កម្ពុជា។ គម្រោងបានធ្វើការជាមួយនឹងសហគមន៍នេសាទចំនួន ១៥ និងប្រជាជនក្នុងភូមិចំនួន ២។ ក្នុងការអនុវត្តគម្រោង មានប្រជាសហគមន៍ចូលរួមដោយផ្ទាល់ជាង ៨ ០០០ នាក់។

គម្រោងបានផ្តល់ជូនជាមធ្យោបាយដែលអាចឱ្យប្រជាជនមូលដ្ឋានទាញយកប្រាក់ចំណូល ដើម្បីកាត់បន្ថយសកម្មភាពនានា ដែលប៉ះពាល់ដល់ធនធានធម្មជាតិ និងបង្កើនទិន្នផលនេសាទ សម្រាប់តម្លៃសេដ្ឋកិច្ច និងពង្រីកចំណេះដឹងវិទ្យាសាស្ត្រអំពីវិធានការ ក្នុងការគ្រប់គ្រងរយៈពេលវែងរបស់ការនេសាទត្រី ការគ្រប់គ្រងជលផលបឹងទន្លេសាប និងសារៈសំខាន់នៃការការពារ។

ទិដ្ឋភាពសំខាន់នៃការងារនេះគឺការការពារ និងការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹក ដែលជាតំបន់ដ៏សំខាន់ជាសាកល ក្នុងការស្រូបយកកាបូន និងជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះ រួមទាំងប្រភេទត្រីដែលជិតផុតពូជ និងជិតផុត​ពូជ​បំផុត​ផងដែរ៕

បន្ត​ចុចអាន៖ នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចំណាយពេលជាង២០ឆ្នាំ ដើម្បីការពារសត្វព្រៃនៅកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម