ព័ត៌មានជាតិ
លោក ស សុខា បង្ហាញគម្រោងចង់នាំចេញផលិតផលក្នុងខេត្តព្រៃវែងទៅកាន់ទីផ្សារក្រៅស្រុក
ផលិតផលដែលមានសក្ដានុពលនៅតាមមូលដ្ឋាននៃខេត្តព្រៃវែង កំពុងត្រូវបានរដ្ឋបាលខេត្តសិក្សាដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារ។ នេះបើតាមការបង្ហើបឱ្យដឹងដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ នេះ គឺជាដំណឹងរីករាយមួយសម្រាប់ប្រជាជនខេត្តព្រៃវែង។
ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានទម្លាយឱ្យដឹងពីគម្រោងនាំចេញផលិតផលក្នុងខេត្តព្រៃវែងទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តព្រៃវែង ដោយមានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នឹងរួមគ្នាសិក្សាអំពីផលិតផលដែលមានសក្ដានុពលនៅតាមមូលដ្ឋានក្រុង ស្រុក ទាំងផលិតផលកសិកម្ម និងសិប្បកម្មនានា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។
ក្នុងនោះ ក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធ នឹងមានចលនារួមមួយ ដោយសម្រាំងយកផលិតផលមួយចំនួនរៀបចំវេចខ្ចប់ធ្វើជាអំណោយជូនភ្ញៀវជាតិ និងអន្តរជាតិ។
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោក ស សុខា បានអំពាវនាវដល់វិស័យឯកជន រួមទាំងថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលមានទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុននានា ត្រៀមលក្ខណៈចូលរួមគាំទ្រចលនានេះ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលនៅក្នុងស្រុក ជាពិសេសរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋ ស្របតាមទស្សនៈ ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។
ដើម្បីជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ក្រុមហ៊ុនធំៗចំនួន៣ ក៏បាននិងងកំពុងសិក្សាអំពីសក្ដានុពលនៃការវិនិយោគបង្កើតរោងចក្រនៅក្នុងខេត្តព្រៃវែង ដែលក្នុងនោះ ក្រុមហ៊ុនចំនួន២ នឹងចាប់ផ្ដើមសកម្មភាពនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបង្ហើបឱ្យដឹងបន្ថែមដោយលោក ស សុខា ផងដែរ។
លោក បានបញ្ជាក់ថា ការទាក់ទាញបានក្រុមហ៊ុនមកបោះទុនវិនិយោគនេះ ជាផ្នែកមួយនៃការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋ និងពង្រីកការនាំចេញផលិតផលផ្សេងៗទៅក្រៅប្រទេស។
ក្នុងន័យនេះ លោក ស សុខា ក៏បានអំពាវនាវប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងជារួមនៅទូទាំងប្រទេស បន្តរួមគ្នាការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដោយចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនអ្នកវិនិយោគ។ ទន្ទឹមនេះ លោក បានជំរុញឱ្យខិតខំថែសុខភាព ខិតខំអប់រំបណ្ដុះបណ្ដាល ទាំងចំណេះដឹង និងសីលធម៌ដល់កូនចៅ និងត្រូវរួមគ្នាគាំទ្ររាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្ត បញ្ចកោណ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៦ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ