Connect with us

ព័ត៌មានអន្ដរជាតិ

ប៉េងប៉ោង​សំរាម​កូរ៉េ​ខាង​ជើង ធ្លាក់​នៅ​លើ​ដំបូល​អគារ​នៅ​សេអ៊ូល បង្ក​ឲ្យ​មានអគ្គិភ័យ

បានផុស

នៅ

ប៉េងប៉ោងសំរាម​មួយ​ដែល​បង្ហោះ​ចេញ​ពីប្រទេសកូរ៉េខាងជើង បានធ្លាក់​នៅលើដំបូលអគារមួយ​កន្លែង​ក្នុងទីក្រុងសេអ៊ូល ហើយបណ្តាលឲ្យ​មានអគ្គិភ័យ។ នេះ​បើ​យោង​តាម​នាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់​របស់​កូរ៉េ​ខាង​ត្បូង នៅ​​ថ្ងៃទី១៦​ខែកញ្ញា។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉េងប៉ោង​មួយ​​នេះ​ស្ថិត​ក្នុង​ចំណោម​ប៉េងប៉ោង​ចំនួន​​ជាង​៥០០០ ដែល​ក្រុង​ព្យុងយ៉ាង​បាន​​បង្ហោះ​ចូល​ទៅ​ក្នុង​ទឹក​ដី​​​កូរ៉េ​ខាង​​ត្បូង នា​​​ឆ្នាំ​​២០២៤​ ក្នុង​យុទ្ធនាការ​ឃោសនា​ប្រឆាំង​គ្នា​ទៅវិញ​ទៅ​មក​រវាង​ភាគី​​ទាំង​សងខាង។

ស្ថានីយពន្លត់អគ្គិភ័យ Gangseo នៃទីក្រុងសេអ៊ូល បានប្រកាស​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅម៉ោងប្រហែល ៩និង​០៤​​នាទី​យប់ថ្ងៃទី​១៥​ខែកញ្ញា អគ្គិភ័យបានឆាបឆេះនៅលើដំបូលអគារពាណិជ្ជកម្ម​កម្ពស់​៤​ជាន់នៅសង្កាត់ភាគខាងលិចនៃទីក្រុងសេអ៊ូល»។

នាយកដ្ឋានពន្លត់អគ្គិភ័យ បានរៀបរាប់​ថា ភ្លើងត្រូវបានពន្លត់ក្នុងរយៈពេល​១៨​នាទី ដោយ​ប្រើ​ប្រាស់​រថយន្តពន្លត់អគ្គិភ័យចំនួន​១៥​គ្រឿង និង​ភ្នាក់ងារ​ចំនួន​៥៦​នាក់។

យោធា និង​ប៉ូលិស​កំពុង​​​យក​ប៉េងប៉ោង​មួយ​នោះ​ទៅ​​​​​​ត្រួត​ពិនិត្យ។

យោធាកូរ៉េខាងត្បូង បានប្រាប់​នៅ​ថ្ងៃ​​នេះ​ថា ទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះប៉េងប៉ោង ដែលពោរពេញដោយសំរាមចំនួន​១២០​ប៉េងប៉ោង​ ឆ្ពោះទៅកាន់ព្រំដែនកាលពីល្ងាចថ្ងៃទី​១៥​ខែកញ្ញា បន្ទាប់ពី​បង្ហោះ​ប៉េងប៉ោងចំនួន​៥០​ កាលពី​ប៉ុន្មាន​ថ្ងៃមុន។

អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ប៉េងប៉ោងប្រហែល៤០​ បាន​ធ្លាក់​​ចុះ​​មក​​ក្រោម​រួចហើយនៅភាគខាងត្បូង ហើយ​ភាគច្រើនធ្លាក់​នៅភាគខាងជើងខេត្ត Gyeonggi និងរដ្ឋធានីសេអ៊ូល។

JCS បានបញ្ជាក់​​ថា ថង់ដែលភ្ជាប់ទៅនឹងប៉េងប៉ោងទាំងនោះ​ភាគច្រើនជាក្រដាស និងកាកសំណល់ប្លាស្ទិក ដោយបន្ថែមថា ពួកវា​មិនបង្កហានិភ័យសុវត្ថិភាពដល់សាធារណជនឡើយ។

គួរ​រំឭក​ថា កូរ៉េខាងជើង​ បាន​បង្ហោះ​ប៉េងប៉ោង​​ដែល​ពោរពេញ​ទៅដោយ​កាកសំណល់​ផ្សេងៗ​ ​ឆ្លងកាត់​ព្រំដែន​ទៅកាន់​កូរ៉េខាងត្បូង​តាំងពី​ចុងខែ​ឧសភា។ ការ​បង្ហោះ​ប៉េង​ប៉ោង​នេះ ធ្វើ​ឡើង​​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការ​បង្ហោះ​ប៉េងប៉ោង​ដែល​មាន​ផ្ទុក​ខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង​ដោយក្រុមអ្នករត់​គេចខ្លួន​ចេញ​ពី​​កូរ៉េ​ខាង​ជើង​មក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​​កូរ៉េ​ខាង​ត្បូង។

ក្រុម​សកម្មជន​កូរ៉េ​ខាង​ត្បូង ដែល​​បង្ហោះ​ប៉េងប៉ោង​​ទៅ​កូរ៉េ​ខាង​ជើង មាន​ឈ្មោះ​ថា «Free North Korea Movement» ហើយ​ពួក​គេ​​រាល់​គ្នា​សុទ្ធ​តែ​​ជា​​អ្នក​ដែល​ធ្លាប់​បាន​រត់​គេច​ខ្លួន​ចេញ​ពី​​ការ​ដឹក​នាំ​របស់​កូរ៉េ​ខាង​ជើង។ ក្រុម Free North Korea Movement ​បាន​បញ្ជូន​ប៉េងប៉ោង ចង​ភ្ជាប់​ USB ផ្ទុក​នូវ​​​​ចម្រៀង K-Pop និង​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​ផ្សេងៗ ជា​ពិសេស​ខិត្តប័ណ្ណ​រិះគន់​របប​ដឹក​នាំ​របស់​លោក គីម ជុងអ៊ុន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម