ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឱ្យទាំងពេទ្យរដ្ឋ និងឯកជនបន្តពង្រឹងគុណភាពសុខាភិបាល
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបន្តពង្រឹងគុណភាពវិស័យសុខាភិបាល ទាំងពេទ្យរដ្ឋ និងឯកជន ជាពិសេសពង្រឹងលក្ខខណ្ឌ និងស្ដង់ដាវិជ្ជាជីវៈគ្រូពេទ្យ ដើម្បីទទួលបានគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។
អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល នៃមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី ១៦ខែកញ្ញា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបន្តពង្រឹងគុណភាពបណ្តុះបណ្តាលផ្នែកសុខាភិបាលទាំងជំនាញរឹង និងទន់ គឺជារឿងសំខាន់ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាដល់អាយុជីវិតប្រជាជន។ ជាមួយគ្នានេះ សម្តេចធិបតី ណែនាំឱ្យក្រសួងសុខាភិបាលពង្រឹងលក្ខខណ្ឌប្រឡងសម្រាប់និស្សិតពេទ្យ ដើម្បីទទួលបានគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ និងមានវិជ្ជាជីវៈ។
សម្តេចធិបតី មានប្រសាសថា៖«ថ្ងៃមុនមានការលើកយោបល់ឱ្យខ្ញុំថា ឥលូវពេទ្យរបស់យើងកំពុងតែខ្វះ គួរតែបន្ធូរបន្ថយលក្ខខណ្ឌនៃការបណ្ដុះបណ្ដាលកម្រិតពេទ្យ កុំឱ្យក្រសួងសុខាភិបាលរឹងពេក ខ្ញុំថាអត់ទេ ពេទ្យត្រូវតែរឹង កុំបន្ទន់ កុំទម្លាក់ស្ដង់ដាសុខាភិបាល ត្រូវតែដំឡើងកម្រិតមនុស្សឱ្យខំប្រឹងឱ្យជួបកម្រិតខ្ពស់ល្អជាង។ ពេទ្យមិនមែនគណនេយ្យទេណា គណនេយ្យធ្វើខុសអាចកែបញ្ជីបាន តែពេទ្យចេញមកត្រូវទទួលភារកិច្ច ព្យាបាលជំងឺស្រាលត្រូវឱ្យជា កុំឱ្យជំងឺស្រាលទៅជាធ្ងន់ ជំងឺធ្ងន់ ត្រូវជួយឱ្យស្រាល ឬរស់»។
សម្តេចធិបតីបញ្ជាក់ទៀតថា៖«សុខចិត្តឱ្យមានពេទ្យ១០នាក់ ច្បាស់លាស់ ជាជាងមានពេទ្យ៥០នាក់ ដែលមិនប្រាកដប្រជា»។
ទោះបីជាមានការវិវឌ្ឍជាលំដាប់ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព រួមទាំងអគារ សម្ភារ និងបរិក្ខារ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក៏ដោយ ក៏វិស័យសុខាភិបាលកម្ពុជានៅតែត្រូវការធនធានមនុស្សបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាជន។
សម្តេចធិបតី ទទួលស្គាល់ថានៅក្នុងវិស័យសុខាភិបាលមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ប៉ុន្តែក៏ត្រូវទទួលស្គាល់ផងដែរពីភាពរីកចម្រើននៃវិស័យនេះ ខណៈបច្ចុប្បន្នពលរដ្ឋខ្មែររាប់លាននាក់ងាកមកប្រើប្រាស់សេវាព្យាបាលក្នុងស្រុកជាបណ្តើរៗ។ សម្តេចថ្លែងថា៖«មានអ្នកលើកបញ្ហាច្រើន ខ្ញុំថាមិនមែនអត់បញ្ហាទេ ប៉ុន្តែសូមឱ្យមើលចំណុចវិជ្ជមានពេទ្យយើងដែលបានធ្វើច្រើនណាស់ ប្រជាពលរដ្ឋរាប់លានត្រូវបានព្យាបាលបានធូរស្រាល។ ប៉ុន្តែយើងត្រូវពង្រឹងអភិក្រម គុណភាពពេទ្យម្នាក់អាចតំណាងឱ្យពេទ្យរាប់ម៉ឺននាក់ក្នុងប្រទេស ព្រោះបើមានបញ្ហានៅគ្លីនិកមួយ គេលើកយកមកផ្សព្វផ្សាយ ចឹងយើងត្រូវបង្កើនសមត្ថភាពក្នុងការព្យាបាលប្រជាពលរដ្ឋ»។
បើតាមសម្តេចធិបតី ការបណ្តុះបណ្តាលគ្រូពេទ្យត្រូវធានាគុណភាព ព្រោះគុណភាពមិនមែនត្រឹមតែធានានូវជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែជាកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់វិស័យសុខាភិបាលទាំងមូល ហើយដើម្បីធ្វើឱ្យវិស័យនេះមានការរីកចម្រើនទាល់តែមានការជឿជាក់ និងទំនុកចិត្តពីប្រជាជនរបស់ខ្លួន។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានឱ្យដឹងថា នៅដើមឆ្នាំ ២០២៤ ក្រសួងបានប្រើឧបករណ៍វាយតម្លៃទៅលើគុណភាព នៃការបម្រើសេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយទទួលបានលទ្ធផលល្អប្រសើរ។
លោកថ្លែងថា៖«ការលើកកម្ពស់គុណភាពសេវាសុខាភិបាលគឺជាគន្លឹះ ដើមអណត្តិនេះយើងបានប្រើឧបករណ៍វាយតម្លៃទៅលើគុណភាពនៃការបម្រើសុខភាពនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក យើងធ្វើនៅខែកុម្ភៈ ២០២៤ ធ្វើការវាយតម្លៃជាលើកទី២ បានទទួលលទ្ធផលឃើញមានការកើនឡើងនៃពិន្ទុ»។
លោកបញ្ជាក់ថា នេះគឺជាដំណើរវិវឌ្ឍប្រសើរឡើង ហើយក្រសួងនឹងខិតខំធ្វើយ៉ាងណាឱ្យអត្រានេះរក្សាកើនឡើង ដោយសង្ឃឹមថាក្នុងរយៈពេលណាមួយគុណភាពសេវាសុខាភិបាលកម្ពុជាអាចដោះស្រាយរាល់បញ្ហារបស់ពលរដ្ឋ។
ស្របពេលដែលវិស័យសុខាភិបាលមានការរីកចម្រើន ប្រជាជនកម្ពុជាកាន់តែច្រើនបានងាកមកទទួលសេវាព្យាបាលក្នុងស្រុក ជាជាងស្វែងងរកការព្យាបាលនៅក្រៅប្រទេស។ តាមការប៉ាន់ស្មាន ប្រជាជនខ្មែរចេញទៅព្យាបាលនៅក្រៅប្រទេសក្នុងឆ្នាំ២០២៣ មានជាង២០ម៉ឺននាក់ ទៅ២៥ម៉ឺននាក់ ស្របពេលដែលអ្នកព្យាបាលក្នុងប្រទេសមានជិត១៤លាននាក់ មានន័យថា អ្នកដែលទៅព្យាបាលនៅក្រៅប្រទេសមានតែ១.៥% ប៉ុណ្ណោះ។ នេះបើតាមលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងឡើងនៅក្នុងវេទិកាសារព័ត៌មានក្រោមប្រធានបទ “ស្ថានភាពសុខាភិបាលកម្ពុជា” កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា