ព័ត៌មានជាតិ
១ ខែចុងក្រោយ ទេសចរសម្រុកទៅលេងដែនជម្រកសត្វស្លាបបឹងទន្លេសាបកើនឡើងរាល់ថ្ងៃ
រយៈពេលប្រមាណជាង ១ ខែ ក្រោយការធ្វើដំណើរតាមផ្លូវទឹកកាត់ដែនបឹងទន្លេសាបពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តសៀមរាប បើកឲ្យដំណើរការឡើងវិញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ គេសង្កេតឃើញ មានភ្ញៀវក្នុងស្រុកជាច្រើន បានធ្វើដំណើរចូលទៅទស្សនាកម្សាន្ត នៅដែនជម្រកសត្វស្លាបបឹងទន្លេសាបមិនលោះថ្ងៃ។
ប្រជាពលរដ្ឋក៏ដូចជាមហាជន បានសាទរចំពោះការបើកឲ្យដំណើរការឡើងវិញនូវផ្លូវទឹកនេះ ព្រោះពួកគេក៏ចង់លំហែរកាយដោយការធ្វើដំណើរតាមដែនទឹកនៃបឹងទន្លេសាបផងដែរ ដើម្បីមានឱកាសទៅទស្សនា ហ្វូងសត្វស្លាប និងគយគន់ទេសភាព និងផ្ទះបណ្តែតទឹក។
យុវជន គឹមសុង បានថ្លែងថា «ខ្ញុំរួមនិងមិត្តភក្តិ ក្រោយប្រឡងឌីភ្លូមហើយក៏បានគ្នាធ្វើដំណើរទៅតំបន់ព្រែកទាល់ ដើម្បីទស្សនាហ្វូងសត្វស្លាប និងស្វែងយល់ពីរបៀបរស់នៅរបស់ហ្វូងសត្វ ក៏ដូចជាទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅលើដែនទឹកផង។ សម្រាប់ខ្ញុំ និងមិត្តភក្តិគឺជាលើកទីមួយនៃការធ្វើដំណើរទៅទស្សនាសត្វស្លាប គឺមានច្រើនណាស់សត្វគ្រប់ប្រភេទ ពិតជាអស្ចារ្យ ក្នុងនោះក៏មានអ្នកទៅទស្សនាច្រើនគួរសមដែរ»។
លោក តន់ ណៃ អ្នកគ្រប់គ្រងអេកូទេសចរណ៍តំបន់ព្រែកទាល់បានប្រាប់កម្ពុជាថ្មីថា ក្រោយពីបើកដំណើរការផ្លូវទឹកជាង ១ ខែមកនេះ មានភ្ញៀវក្នុងស្រុកជាច្រើនបាននាំគ្នាមកកម្សាន្តនៅតំបន់ព្រែកទាល់ មើលហ្វូងសត្វស្លាបចម្រុះ និងទេសភាពដ៏ស្រស់បំព្រងលើផ្ទៃទឹក និងទស្សនាតាមសហគមន៍តាំងលក់របស់អនុស្សាវរីយ៍ដែលកែច្នៃពីកំប្លោក។
លោកបន្តថា «បើតាមការកត់សម្គាល់របស់ខ្ញុំ មានភ្ញៀវក្នុងស្រុកច្រើន ហើយភាគច្រើនពួកគេចូលចិត្តមើលហ្វូងសត្វស្លាប ខណៈចំនួនសត្វស្លាបកាន់តែមានកំណើនច្រើន ក្នុងនោះពួកសត្វស្លាបកម្រក៏មានចំនួនច្រើនគួឲ្យកត់សម្គាល់ផងដែរ។ ចំណែកខ្ញុំ មួយថ្ងៃទៅមួយថ្ងៃស្ទើរគ្មានពេលសម្រាក ដោយសារតែរវល់ជូនភ្ញៀវទៅទស្សនាហ្វូងសត្វ»។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងបានឲ្យដឹងថា ការបើកដំណើរការផ្លូវទឹកពីក្រុងបាត់ដំបង ទៅក្រុងសៀមរាបឡើងវិញនេះ អាចដំណើរការបានតែរដូវវស្សាប៉ុណ្ណោះ។
លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានឲ្យដឹងដែរថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ហ្វូងសត្វស្លាបបានកើនឡើងច្រើន ហោះហើរខ្វែងខ្វាត់ជាហ្វូងទាក់ទាញអារម្មណ៍ភ្ញៀវប្រហាក់ប្រហែលហ្វូងសត្វប្រចៀវហើរចេញពីរូងអ៊ីចឹងដែរ។
លោកថា ការកើនឡើងនៃសត្វស្លាបនេះ ដោយសារតែមានការទប់ស្កាត់ពីមន្ត្រីជំនាញពាក់ព័ន្ធ រួមការអប់រំដល់ប្រជាពលរដ្ឋឲ្យយល់កាន់តែច្រើនអំពីផលប្រយោជន៍របស់សត្វស្លាបនៅដែនបឹងទន្លេសាប និងឈានដល់ការទប់ស្កាត់ការបរបាញ់ ឬដាក់អន្ទាក់ទាំងស្រុង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ជាពិសេសពពួកសត្វស្លាបដ៏កម្រក៏បានកើនឡើងគួរឲ្យកត់សម្គាល់។
លោកបន្តថា «យើងមិនទាន់កំណត់តួលេខនៃការកើនឡើងបាននៅឡើយ ព្រោះក្រុមជំនាញកំពុងបន្តរាប់ចំនួនពេលដែលវាចូលសំបុក ហើយមកដល់ពេលនេះក្រុមជំនាញបានកំពុងរាប់រយៈពេលជាង ២ ខែហើយ ប្រហែលជាចំណាយពេលប្រមាណ ១ ខែទៀត ទើបយើងបានដឹងអំពីតួលេខជាក់លាក់»៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា