ព័ត៌មានជាតិ
អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព ជួយណែនាំពីការជ្រើសរើសជំនាញសិក្សាដល់សិស្សវិទ្យាល័យជាង១ពាន់នាក់
សិស្សវិទ្យាល័យប្រមាណ១ ១៦៧នាក់ នៅតាមបណ្តាគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈចំនួន៥វិទ្យាល័យក្នុងរាជធានីភ្នំពេញ ទទួលបានការបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព“Major and Career Roadshow” ពីអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA)។ ការបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីពនេះ គឺដើម្បីជួយតម្រង់ទិសដល់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញសិក្សាក្រោយចប់វិទ្យាល័យ។
សិស្សវិទ្យាល័យទាំង៥ក្នុងរាជធានីភ្នំពេញដែលទទួលបានការបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីពនេះ គឺមកពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ វិទ្យាល័យសម្ដេចហ៊ុនសែនប៊ុនរ៉ានី ច្បារអំពៅ វិទ្យាល័យជាស៊ីមសាមគ្គី វិទ្យាល័យបាក់ទូក និងវិទ្យាល័យព្រែកលៀប។ វិទ្យាល័យទាំង៥នេះ គឺជាការអនុវត្តជំហានដំបូងរបស់កម្មវិធីបង្ហាញផ្លូវស្ដីពីជំនាញសិក្សា និងអាជីព ដែលសហការរៀបចំដោយអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA) និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ ក្រៅពីវិទ្យាល័យទាំង៥នេះ អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក៏គ្រោងនឹងបន្តរៀបចំកម្មវិធីនេះ នៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈផ្សេងទៀតនៃប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក អ៊ុម គន្ធែល ប្រធានអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព។
ចំណែក ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកម្មវិធីបង្ហាញផ្លូវស្ដីពីជំនាញសិក្សា និងអាជីព ព្រមទាំងផ្តល់គន្លឹះសំខាន់ៗជាច្រើនទៀត ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យប្រើប្រាស់ពេលវេលាជាយុវជនឱ្យមានប្រសិទ្ធភាពក្នុងការបង្កើននូវចំណេះដឹង និងជំនាញច្បាស់លាស់ ធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសជំនាញសិក្សា និងអាជីពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រមទាំងមានជំនាញមួយពិតប្រាកដ។ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សឱ្យចេះសម្របខ្លួន និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រយោជន៍ និងចំទិសដៅ។
ជាក់សែ្ដង សម្រាប់វាគ្មិនកិត្តិយសចំនួន ៣រូប គឺលោក អ៊ុម គន្ធែល ប្រធានអង្គការ MACA, លោក ទេព សេងហ៊ន តំណាងនាយកដ្ឋានព័ត៌មានទីផ្សារការងារ និងលោក ប៊ិច សុធា អ្នកជំនាញប្រឹក្សាអាជីព បានរួមគ្នាពន្យល់បកស្រាយយ៉ាងក្បោះក្បាយនូវប្រធានបទដ៏មានសារៈសំខាន់ចំនួន៣ ក្នុងការចែករំលែកជូនដល់សិស្សានុសិស្ស និងយុវជនបានយល់ពីភាពជាអ្នកដឹកនាំរបស់យុវជនសម័យឌីជីថល សារៈសំខាន់នៃការរៀនបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជា តម្រូវការជំនាញនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។ អង្គការ MACA ក៏បានណែនាំវិធីសាស្រ្តស្វែងយល់ពីខ្លួនឯង ក្នុងការជ្រើសរើសជំនាញសិក្សា និងអាជីព ហើយបានធ្វើតេស្តស្វែងរកជំនាញសិក្សា និងអាជីពដែលស័ក្តិសមនឹងចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗ តាមរយៈកម្មវីធីទូរស័ព្ទ MACA Mobile ជូនដល់សិស្សានុសិស្ស។
គួរបញ្ជាក់ជូនថា កម្មវិធីបង្ហាញផ្លូវស្តីពី ជំនាញសិក្សា និងអាជីព “Major and Career Roadshow” មានគោលបំណងជួយយុវជនឱ្យមានភាពច្បាស់លាស់អំពីជម្រើសជំនាញសិក្សា និងអាជីព ដើម្បីចាប់យកអាជីពសមរម្យនាពេលអនាគតរបស់ពួកគេ។ កម្មវិធីនេះ ក៏មានបំណងបញ្ជ្រាបចំណេះដឹងអំពីភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យឌីជីថលជូនដល់យុវជនខ្មែរជំនាន់ក្រោយ ដែលជាកម្លាំងស្នូលរបស់ជាតិ ក្នុងការបង្កើនសមត្ថភាព និងគុណភាព ឱ្យទាន់បរិបទបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងដើម្បីចូលរួមក្នុងការដឹកនាំនៅក្នុងគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ