ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងរកវិធីផលិតអាវុធនុយក្លេអ៊ែរវិញ ក្រោយបោះបង់៤៩ឆ្នាំ
ដោយសារការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់បងប្អូនសត្រូវកូរ៉េខាងជើង សាធារណៈរដ្ឋកូរ៉េខាងត្បូង បានធ្វើជាម្ចាស់ផ្ទះក្នុងការជជែកដេញដោលលើប្រធានបទមួយ ដែលអាចអនុញ្ញាតឲ្យខ្លួនមានលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួនពីការគំរាមកំហែង ក្រោយការបោះបង់មហិច្ឆតានេះកាលកន្លះសតវត្សរ៍មុន។

Wendy Teo ភ្នាក់ងារឆ្លើយឆ្លងរបស់សារព័ត៌មាន The Straits Times ប្រចាំកូរ៉េខាងត្បូង បានរាយការណ៍ថា ការជួបប្រជុំជជែកដេញដោលជាថ្មីអំពីនុយក្លេអ៊ែរនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងទីតាំងដែលមិនត្រូវបានបង្ហាញជាលើកដំបូងនៅថ្ងៃទី១៣ខែកញ្ញា។
ក្នុងសង្គ្រាមអ៊ុយក្រែន ដែលរុស្ស៊ីមើលឃើញខ្លួនឯងមានភាពឯកោខ្លាំងក្នុងវិស័យការទូត បានជំរុញឲ្យរុស្ស៊ីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាងមុនជាមួយប្រទេសជាសម្ព័ន្ធប្រពៃណីរបស់ខ្លួនក្នុងនោះមានប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ជាដើម។ លើសពីនេះ រុស្ស៊ីថែមទាំងចែករំលែកនូវបច្ចេកវិទ្យាសម្រាប់ធ្វើទំនើបកម្មអាវុធជាមួយកូរ៉េខាងជើង តាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋទាំងពីរកាលពីខែកញ្ញាឆ្នាំមុន។
មេដឹកនាំកូរ៉េខាងជើ លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន បានបង្ហាញការប្តេជ្ញាចិត្តថាខ្លួននឹងបង្កើនអាវុធនុយក្លេអ៊ែររបស់របបលោកឲ្យកាន់តែខ្លាំង។
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្ររវាងឧបទ្វីបកូរ៉េ និងជប៉ុន កាលពីថ្ងៃទី១២ខែកញ្ញា ហើយប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានបង្ហោះប៉េងប៉ោងផ្ទុកសំរាមជាថ្មីចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង។
ការបង្ហាញអាវុធនុយក្លេអ៊ែរដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ ពីសំណាក់កូរ៉េខាងជើង បានធ្វើឱ្យមានការជជែកដេញដោលគ្នាយ៉ាងផុសផុលនៅក្នុងប្រទេសកូរ៉េខាងត្បូង ថាតើប្រទេសកូរ៉េខាងត្បូងគួរតែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដើម្បីពង្រឹងការការពាររបស់ខ្លួនដែរឬទេ។
កូរ៉េខាងត្បូងពឹងផ្អែកលើសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិកសម្រាប់ការការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែកូរ៉េខាងត្បូងដែលមានអាវុធយោធាទំនើបៗជាច្រើនក៏មិនទាន់មានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតក្នុងលោកនេះដែរ។ កូរ៉េខាងត្បូងជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនបំផុតមួយនៅអាស៊ីបូព៌ា។
តាមការចុះផ្សាយរបស់ The Straits Times អ្នកវិភាគមួយចំនួនកំពុងចោទសួរថាតើកូរ៉េខាងត្បូងអាចមានលទ្ធភាពបន្តពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់ការការពារដែរឬទេ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង និងខណៈដែលការរំពឹងទុកអំពីការវិលត្រឡប់របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់កៅអីសេតវិមានវិញ ក៏ខ្ពស់ដូចគ្នាសម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៥ខែវិច្ឆិកា។
លោក ដូណាល់ ត្រាំ តែងតែបង្កើតនូវការសម្រេចចិត្តដែលមិននឹកស្មានដល់សម្រាប់វិស័យការពារជាតិជាមួយប្រទេសជាសម្ព័ន្ធមិត្ត ដូចជាករណីជាមួយសម្ព័ន្ធមិត្តណាតូនៅអឹរ៉ុបជាដើម ដែលធ្វើឲ្យប្រទេសក្នុងតំបន់ណាតូស្ទើរតែបែកបាក់គ្នាដោយសារការកាត់បន្ថយការចំណាយរបស់សហរដ្ឋអាមេរិកនៅអង្គការណាតូ ហើយ តម្រូវឲ្យសមាជិកណាតូបង្កើនការចំណាយ។ នៅកូរ៉េខាងត្បូង ជប៉ុន និងហ្វីលីពីន ក៏ស្ទើរតែដូចគ្នា ដែលលោកត្រាំទាមទារឲ្យមានការបែងចែកការចំណាយលើទាហានឈរជើងរបស់ខ្លួន។

នាយករងក្រសួងសន្តិសុខជាតិកូរ៉េខាងត្បូង លោក Kim Tae-hyo បាននិយាយក្នុងវេទិកាមួយកាលពីថ្ងៃទី៣ខែកញ្ញាថា ការជាប់ឆ្នោតឡើងវិញរបស់លោក ត្រាំ អាច «ធ្វើឱ្យឆ័ត្រនុយក្លេអ៊ែររបស់អាមេរិកចុះខ្សោយ»។
ការស្ទង់មតិរបស់ Reuters ធ្វើឡើងបន្ទាប់ពីការជជែកដេញដោលប្រធានាធិបតីកាលពីថ្ងៃទី១០ខែកញ្ញា បានបង្ហាញថា អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស (Kamala Harris) ដែលជាបេក្ខជនគណបក្សប្រជាធិបតេយ្យ បាននាំមុខ៥ភាគរយលើលោក ដូណាល់ ត្រាំ ជាមួយនឹងលទ្ធផល៤៧ភាគរយទល់នឹង៤២ភាគរយ។

នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កូរ៉េខាងត្បូង រួមជាមួយជប៉ុន និងអូស្ត្រាលី ស្ថិតនៅក្រោមការការពារនៃឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលជាការរារាំងបន្ថែម ដែលសហរដ្ឋអាមេរិកប្តេជ្ញាការពារសម្ព័ន្ធមិត្តដោយប្រើសមត្ថភាពយោធាពេញលេញរបស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែរ។
ប្រទេសកូរ៉េខាងត្បូងបានបោះបង់កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួននៅឆ្នាំ១៩៧៥ នៅពេលដែលខ្លួនបានចូលរួមក្នុងសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ដែលហាមឃាត់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។
វិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រសន្តិសុខជាតិ (INSS) ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងត្បូង ដែលជាប់ពាក់ព័ន្ធជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសនេះ បានចេញផ្សាយរបាយការណ៍មួយកាលពីខែមិថុនា បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោក គីម របស់ប្រទេសកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយបានផ្តល់អនុសាសន៍ថា ទីក្រុងសេអ៊ូល ពិចារណាសាងសង់សមត្ថភាពនុយក្លេអ៊ែរផ្ទាល់ខ្លួន។

ក្នុងសន្និសីទសារព័ត៌មានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីថ្ងៃទី១០កញ្ញា នាយក INSS នៃប្រទេសកូរ៉េខាងជើងសិក្សា លោក បណ្ឌិត Byun Sang-jung បានសម្តែងការជឿជាក់ថាដល់ពេលហើយសម្រាប់កូរ៉េខាងត្បូងដើម្បីមាននុយក្លេអ៊ែរ៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា