Connect with us

ព័ត៌មានជាតិ

​កម្ពុជា និងសហភាពអ៊ឺរ៉ុបបើកកិច្ចសន្ទនារដ្ឋ និងវិស័យឯកជនជាលើកដំបូង

បានផុស

នៅ

ជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជំរុញការវិនិយោគ និងការនាំចេញ កម្ពុជា និងសហភាពអ៊ឺរ៉ុបផ្តួចផ្តើមក្នុងការបង្កើតឱ្យមានកិច្ចសន្ទនារវាងរដ្ឋនិងឯកជនកម្ពុជា-សហភាពអ៊ឺរ៉ុបសំដៅធ្វើការផ្លាស់ប្តូរយោបល់ ស្វែងយល់អំពីក្តីកង្វល់ និងបញ្ហាប្រឈមនានាដែលធុរជន និងវិនិយោគិនអឺរ៉ុបកំពុងជួបប្រទះនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា កិច្ចសន្ទនារវាងរដ្ឋនិងឯកជន លើកទី១ ត្រូវបានរៀបចំឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃ CDC និងលោក អ៊ីហ្គ័រ ឌ្រីសមែន្ស (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា, ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham), តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។  ហើយកិច្ចសន្ទនានេះរៀបចំឡើងដើម្បីឱ្យក្លាយជារបៀបវារៈទៀងទាត់ ថែទាំវិនិយោគិនពីសហភាពអ៊ឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

​បើយោងតាម CDC ៖«កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១នេះគឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងទទួលបានការឯកភាពពីថ្នាក់ដឹកនាំនៃសហភាពអ៊ឺរ៉ុប ដើម្បីប្រើប្រាស់កិច្ចសន្ទនានេះជារបៀបវារៈផ្លូវការរួមគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអ៊ឺរ៉ុប សម្រាប់ស្ដាប់និងដោះស្រាយរាល់បញ្ហាប្រឈមរបស់វិនិយោគិនអ៊ឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងលើកកម្ពស់ទំនុកចិត្តជូនដល់បណ្ដាវិនិយោគិនអ៊ឺរ៉ុបផ្សេងទៀតដែលមានបំណងជ្រើសរើសកម្ពុជាទីតាំងវិនិយោគ»។

លោក​ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១នេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីស្ដាប់អំពីកង្វល់របស់វិនិយោគិនអ៊ឺរ៉ឺប តាមរយៈការប្រើប្រាស់របៀបវារៈផ្លូវការជាទៀងទាត់ ធានាដល់ការតាមដាន និងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព។

លោកថា៖«កម្ពុជាបានបើកចំហរទទួលការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់នៅលើសកលលោក ហើយបច្ចុប្បន្នក្រៅអំពីការសម្របសម្រួលនិងថែទាំវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តខិតខំគោះទ្វារវិនិយោគិនមានសក្ដានុពលពីប្រទេសនានា មានជាអាទិ៍ សហភាពអ៊ឺរ៉ុបជាដើម»។

លោក ស៊ុន ចាន់ថុលក៏បានជម្រាបបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងនឹងរៀបចំទស្សនកិច្ចគោះទ្វារវិនិយោគិននៅសហភាពអ៊ឺរ៉ុបជាលើកទី២ នាពេលឆាប់ៗខាងមុខនេះ ក្រោយពេលគណៈប្រតិភូកម្ពុជា ទទួលបានលទ្ធផលជោគជ័យក្នុងដំណើរទស្សនកិច្ចលើកទី១ កាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

ជាមួយគ្នានេះដែរ លោក អ៊ីហ្គ័រ ឌ្រីសមែន្ស បានលើកឡើងអំពីក្របខណ្ឌនៃការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១ បានក្លាយជាឱកាសថ្មីដែលនាំមកនូវជំនួបពិភាក្សាគ្នារវាងគ្រប់ភាគីពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា សម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហភាពអ៊ឺរ៉ុប ក្រោមកិច្ចសម្របសម្រួលពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីពិនិត្យលើបញ្ហាប្រឈមនានារបស់វិនិយោគិន។

​ ជាការឆ្លើយតបលើការលើកឡើងរបស់លោក ស៊ុន ចាន់ថុល​ លោក អ៊ីហ្គ័រ ​បានគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី២ ទៅសហភាពអ៊ឺរ៉ុប។ សហភាពអ៊ឺរ៉ុប នឹងបន្តផ្ដល់កិច្ចសហការនានាមកកម្ពុជា ដើម្បីជាចំណែកបង្កើនតម្លៃនៃការអភិវឌ្ឍសង្គមកម្ពុជាបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម