ព័ត៌មានជាតិ
ចិន នឹងជួយផ្សាយនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ដើម្បីបន្ថយជម្លោះ សង្គ្រាម ការពារសន្តិភាពក្នុងតំបន់ និងពិភពលោក
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អះអាងថា ចិន នឹងនៅតែបន្ដគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ និងឆាកអន្ដរជាតិ ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។ តាមលោកទូត ចិននឹងរួមចំណែកក្នុងការផ្សព្វផ្សាយឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅកាត់បន្ថយជម្លោះ សង្គ្រាម និងគោលដៅរួម គឺការការពារសន្ដិភាពនៅក្នុងតំបន់ និងពិភពលោក។ លោកទូតចិន អះអាងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា នេះ។
នយោបាយឈ្នះឈ្នះ ជានយោបាយដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ នយោបាយនេះ មានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ តាមរយៈនយោបាយនេះ គឺបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃក្នុងប្រទេសកម្ពុជា ដែលបានអូសបន្លាយជិត៣ទសវត្សរ៍ និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ។
នៅក្នុងជំនួបដដែល កម្ពុជា-ចិន បានបង្ហាញជំហររួមគ្នា ក្នុងការបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
តាមរយៈបទពិសោធន៍កាទូតដ៏ប៉ិនប្រសប់ និងយូរឆ្នាំរបស់លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក នេត សាវឿន សង្ឃឹមថា លោក Wang Wenbin នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែរឹងមាំបន្ថែមទៀត។ លោកបានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងគ្រប់ជ្រង់ជ្រោយ និងជាមិត្តដែកថែប។
លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរកម្ពុជា-ចិន នាពេលកន្លងមក ក្នុងនោះមានទាំងវិស័យសន្ដិសុខ, សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ និងជំនួយនៅក្នុងការអភិវឌ្ឍ លើវិស័យមួយចំនួន និងថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ផ្អែកទៅលើចំណងមិត្តភាពដ៏យូរលង់ និងប្រពៃណី ក៏ដូចជាមិត្តភាពដែកថែប រដ្ឋាភិបាលចិន តាមរយៈស្ថានទូតនឹងបន្ដគាំទ្រកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យនៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ សំដៅលើកម្ពស់កម្រិតជីវភាពប្រជាជនឲ្យកាន់តែខ្ពស់។
ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការលើផ្នែកសន្ដិសុខជាតិវិញ លោក Wang Wenbin បានអះអាងថា រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងបន្ដកិច្ចសហប្រតិបត្តិការជួយពង្រឹងសមត្ថភាព ការបណ្ដុះបណ្ដាល ផ្លាស់ប្ដូរព័ត៌មាន សំដៅពង្រឹងសន្ដិសុខរវាងប្រទេសទាំងពីរចិន-កម្ពុជា និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ លោកបានវាយតម្លៃខ្ពស់ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា និងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ចិន និងគូសបញ្ជាក់ថា ស្ថាប័នទាំងពីរ នឹងបន្ដកិច្ចសហការគាំទ្រគ្នាទៅវិញទៅមក។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា។ លោកសង្កត់ធ្ងន់ថា ផ្អែកតាមបទពិសោធន៍ ក៏ដូចជាសមត្ថភាពខ្ពស់របស់ឯកអគ្គរដ្ឋទូត បានត្រៀមជានិច្ចដើម្បីចូលរួមគាំទ្រចំពោះការបំពេញភារកិច្ចការងារនៅប្រទេសកម្ពុជា ឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់