Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធត្រៀមអន្តរាគមន៍គ្រោះទឹកជំនន់ជាបន្ទាន់

បានផុស

នៅ

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី​១៨ ខែកញ្ញានេះ​ បានចេញបទបញ្ជាទៅកាន់គណៈអភិបាលរាជធានី-ខេត្ត ស្ថាប័នញាក់ព័ន្ធ ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានយកចិត្តទុកដាក់គ្រោះទឹកជំនន់ដោយត្រៀមចេញអន្តរាគមន៍សង្គ្រោះអាយុវជីវិតប្រជាពលរដ្ឋ និងកំណត់ទីទួលសុវត្ថិភាពឱ្យបានឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញបទបញ្ជា ដើម្បីកាត់បន្ថយហានិភ័យដែលកើតមាន និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ឥទ្ធិពលព្យុះយ៉ាកជី បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កទៅជាទឹកជំនន់ធ្វើឱ្យមានការលិចលង់នៅតាមបណ្តាប្រទេសជិតខាងកម្ពុជា បណ្តាឱ្យមនុស្សស្លាប់ជាច្រើននាក់ និងខូចខាតទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។  
សម្តេចធិបតី មានប្រសាសន៍ថា៖«ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញ​បទបញ្ជា ឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បញ្ជូនកម្លាំងមធ្យោបាយ និងសម្ភារដើម្បីធ្វើអន្តរាគមន៍សង្គ្រោះតាមការចាំបាច់។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឱ្យជាប់ជាមួយគណៈអភិបាលរាជធានី-ខេត្ត​ និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាការចាត់វិធានការសម្របសម្រួល និងត្រៀមកម្លាំងមធ្យោបាយអន្តរាគមន៍សង្គ្រោះបន្ថែម»។

ជាមួយគ្នានេះ សម្តេចធិបតីណែនាំដល់ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានជាប់ជា​ប្រចាំអំពី​ការវិវត្តនៃកម្ពស់ទឹក ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ត្រូវត្រៀមស្រូវពូជ និងសម្ភារ​ចាំបាច់នានា ក្នុងករណីមាន​ផលប៉ះពាល់ធំដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាកសិករ។

ឆ្លើយតបទៅនឹងបទបញ្ជានេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ បានប្រាប់ឱ្យដឹងថា ស្ថាប័នរបស់ខ្លួនបានរៀបចំជាបន្ទាន់នូវវិធានការដើម្បីត្រៀមអន្តរាគមន៍ ទាំងផ្នែកកម្លាំង​ប្រដាប់អាវុធដែលបានហ្វឹកហ្វឺនក្នុងការជួយសង្គ្រោះ គ្រឿងបរិភោគ និងការត្រៀមសម្ភារជាដើម។ លោកថ្លែងថា៖«យើងបានរៀបចំសេចក្តីជូនដំណឹង ណែនាំរួចហើយដល់តំបន់ដែលអាចងាយរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះប្រជាពលរដ្ឋបានជ្រាបនិងត្រៀមលក្ខណៈខ្លួនគាត់រួចរាល់ហើយដែរ។ ជារួម មកដល់ពេលនេះយើងបានត្រៀមវិធានការ ក៏ដូចជាកម្លាំងមធ្យោបាយ និងបរិក្ខា ស្បៀងអាហារ សម្រាប់អន្តរាគម៍ និងឆ្លើយតបនៅពេលមានករណីគ្រោះមហន្តរាយកើតឡើង»។

គ្រោះធម្មជាតិនេះ ក៏បានបង្កឱ្យ​មានទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទិសដៅមកកាន់រាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុដោយ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ។

ចំណែកក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ  ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាម និងភាគកណ្តាលនៃអាងទន្លេមេគង្គ។ ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតី និងមានឥទ្ធិពលខ្លាំងមកលើកម្ពុជាដែលបណ្តាលឱ្យមានផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនមធ្យមដែលធ្វើឱ្យប៉ះពាល់ស្ទើរ​ទូទាំង​ប្រទេសកម្ពុជា។

បើទោះបីបច្ចុប្បន្នកម្ពុជាមិនទាន់រងការខូចខាតធ្ងន់ធ្ងរពីខ្យល់ព្យុះយ៉ាកជី ប៉ុន្តែនៅតាមបណ្តាភូមិ ស្រុក នៃខេត្តមួយចំនួន​រួមមាន​ខេត្តក្រចេះ និងតំបន់ខ្លះក្នុងខេត្តព្រះសីហនុ បានជន់លិចដោយសារទំនន់ទឹកភ្លៀង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម