ព័ត៌មានជាតិ
Breaking News! ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មកររោងចក្រក្នុងឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុងមួយខែ
ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មកររោងចក្រក្នុងឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុងមួយខែ។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
នៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំជាលើកចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០២៥។ ឆ្លងកាត់ការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ កំណត់ជាប្រាក់ឈ្នួលអប្បបរមា។
ក្រោយបញ្ជប់កិច្ចប្រជុំ លោក ហេង សួរ បានរាយការណ៍អំពីលទ្ធផលនេះ ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សម្ដេចធិបតី បានផ្ដល់គោលការណ៍ទៅលោក ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។
តាមរយៈសំណេរលើគណនីហ្វេសប៊ុក បានឱ្យដឹងថា សម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់កម្មករនិយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។
សម្ដេចធិបតី អះអាងថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់កម្មករនិយោជិត។
តាមសម្ដេច ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានធានាជូនកម្មករនិយោជិត និងសាធារណជនថា សម្ដេច នឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។
សម្ដេចប្រមុខរដ្ឋាភិបាល បានអរគុណ និងកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ភាគីតំណាងកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះប្រកបដោយវិជ្ជាជីវ: និងស្មារតីរួម ព្រមទាំងអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានខិតខំដឹកនាំសម្របសម្រួលការចរចានេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា