Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង ប្រកាស​រៀបចំពិធីបុណ្យអុំទូកពីរថ្ងៃ នៅ​ពាក់កណ្តាល​ខែ​តុលានេះ

បានផុស

នៅ

អាជ្ញាធរខេត្តបាត់ដំបងត្រៀមរៀបចំពិធីបុណ្យអុំទូកនៅតាមដងស្ទឹងសង្កែ ក្នុងអំឡុងថ្ងៃទី ១៦ និងទី ១៧ ខែតុលា ខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិ។

ក្នុងកិច្ចប្រជុំពិភាក្សារៀបចំពិធីបុណ្យអុំទូកខេត្តកាលពីថ្ងៃទី ១០ តុលា លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំ​​ដល់ក្រុមការងារពាក់ព័ន្ធត្រូវពិនិត្យឡើងវិញ លើការរៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗធ្វើយ៉ាងណាឱ្យមានភាពទាក់​ទាញប្លែកៗជាងឆ្នាំមុនៗ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានណែនាំ​ឲ្យ​ក្រុមការងារពាក់ព័ន្ធត្រូវត្រៀមលក្ខណៈ និងរៀបចំចាត់ចែងអនុវត្តការងារទៅតាមផ្នែកនីមួយៗដោយចាប់ផ្ដើមពីឥឡូវនេះជាបណ្ដើរៗសំដៅជំរុញការងារឱ្យបានរៀបរយមុនថ្ងៃពិធីចាប់ផ្ដើម។

ពិធីបុណ្យអុំទូកខេត្តបាត់ដំបងនឹងធ្វើរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យ​ចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបង ក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ។

ប្រភេទទូកដែលត្រៀមចូលរួមប្រណាំងមានខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមួង ទូកផ្កាចារ និងនៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម។

បើតាមអាជ្ញាធរ​ខេត្តបាត់ដំបង ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង កាលពីឆ្នាំ ២០២៣ បានបញ្ចប់ទៅដោយ​ជោគជ័យ និងទាក់ទាញអ្នកចូលរួមបានយ៉ាងច្រើនកុះកររហូតដល់ជាង ១ លាននាក់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម