ព័ត៌មានអន្ដរជាតិ
តើគ្រោះមហន្តរាយទឹកជំនន់បង្កវិនាសកម្មអ្វីខ្លះតាមទ្វីបនីមួយៗ?
គ្រោះមហន្តរាយធម្មជាតិជាពិសេសគ្រោះទឹកជំនន់រហ័ស (Flash Flood) នៅឆ្នាំនេះបានវាយប្រហារជាញឹកញាប់តាមតំបន់ផ្សេងៗគ្នានៅលើភពផែនដីនេះ ប៉ុន្តែក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ គ្រោះមហន្តរាយទឹកជំនន់មានឥទ្ធិពលនេះបានវាយប្រហារយ៉ាងដំណំនៅទ្វីបអាស៊ី អាហ្រ្វិក និងអឺរ៉ុប រួមទាំងទ្វីបអាមេរិកផងដែរ។
ផលប៉ះពាល់ភ្លាមៗពីការវាយប្រហារដោយទឹកជំនន់នេះត្រូវបានភា្នក់ងារអន្តរជាតិវាយតម្លៃលើការប៉ះពាល់ដោយផ្ទាល់ដល់ជីវិតមនុស្ស ដូចជា ក្នុងវិស័យអប់រំ សុខុមាលភាព ជាដើម ប៉ុន្តែផលប៉ះពាល់រយៈពេលវែង ដូចជា អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធ អសន្តិសុខស្បៀង អតិផរណា មិនទាន់ត្រូវបានបញ្ចេញរបាយការណ៍វាយតម្លៃនៅឡើយ។
ខាងក្រោមនេះជាការសង្ខេបត្រួសៗពីហេតុការណ៍មហន្តរាយគ្រោះទឹកជំនន់នៅតាមទ្វីបផ្សេងៗគ្នា។
តំបន់អាហ្វ្រិក៖ ទឹកជំនន់បានវាយប្រហារប្រទេសជាច្រើននៅភាគខាងលិចនិងភូមិភាគកណ្តាលនៃទ្វីបអាហ្វ្រិក ដែលធ្វើប៉ះពាល់ដល់ប្រជាជន៤លាននាក់ ដែលភាគច្រើនប៉ះពាល់ដល់កុមារ។ មនុស្សយ៉ាងហោចណាស់៥០ម៉ឺននាក់បាត់បង់ផ្ទះសម្បែង និង បំផ្លាញផ្ទះជាង៣០ម៉ឺន។ ទឹកជំនន់នៅតំបន់អាហ្វ្រិក ចាប់ពីប្រទេសលីប៊ីនៅភាគខាងជើង ដល់ប្រទេសនីហ្សេរីយ៉ានៅភាគខាងលិច។ ប្រទេសស៊ូដង់ ប្រទេសនីហ្សេ ប្រទេសម៉ាលី ប្រទេសឆាដ និងប្រទេសផ្សេងៗទៀតនៅអាហ្វ្រិកកណ្តាលសុទ្ធតែរងផលប៉ះពាល់។
បរិមាណទឹកភ្លៀងច្រើនបង្កឱ្យមានជំនន់ទឹកភ្លៀងនៅប្រទេសនីហ្សេរីយ៉ា ទំនប់វារីអគ្គិសនីបានបាក់នៅដើមខែកញ្ញាដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាជន៤០ភាគរយនៃទីក្រុង Maiduguri ដែលប៉ះពាល់ដល់ប្រជាជន២០ម៉ឺននាក់។ ទឹកជំនន់នៅទីក្រុងនេះបានប៉ះពាល់ដល់សាលារៀន៦១ និងមន្ទីរពេទ្យ១៣។
ទឹកជំនន់នៅក្នុងប្រទេសឆាដ បានបំផ្លិចបំផ្លាញប្រទេសនេះខ្លាំងបំផុតស្ទើរទូទាំងប្រទេសចាប់តាំងពីចុងខែកក្កដា ដោយប្រជាជន៣៤១ស្លាប់ និងប៉ះពាល់ជិត១,៥លាននាក់ ខណៈដែលផ្ទះ៧០០០០បានរងការបំផ្លាញ។
តាមរបាយការណ៍របស់ភ្នាក់ងារអង្គការសហប្រជាជាតិ UNICEF ប្រទេស១៦ក្នុងចំណោម២៤ នៅក្នុងតំបន់អាហ្វ្រិកខាងលិច និងអាហ្រ្វិកកណ្តាលគឺស្ថិតក្នុងចំណោមប្រទេស៣០ ដែលមានហានិភ័យការប្រែប្រួលអាកាសធាតុខ្លាំងបំផុតចំពោះកុមារ។
ទ្វីបអឺរ៉ុប៖ ទឹកភ្លៀងយ៉ាងគំហុក បានបណ្តាលឱ្យជន់លិចប្រទេសនៅភូមិភាគកណ្តាល និងភាគខាងកើតអឺរ៉ុប។ ប្រទេសអឹរ៉ុបយ៉ាងហោច៦ បានជួបប្រទះទឹកជំនន់ដ៏ខ្លាំងនេះ។ ប្រទេសប៉ូឡូញបានវាយតម្លៃប៉ះការខូចខាតរាប់ពាន់លានដុល្លារក្នុងទឹកជំនន់កាលពីសប្តាហ៍មុន។ ប្រទេសនេះបានដាក់ពង្រាយទាហានដល់ទៅ១៤០០០នាក់ដើម្បីជួយតំបន់ដែលរងគ្រោះដោយសារការវាយប្រហារដោយទឹកជំនន់នេះ។ នាយករដ្ឋមន្ត្រីប៉ូឡូញបានប្រកាសថា ផលខូចខាតដោយសារទឹកជំនន់នេះនឹងមានរហូតដល់ពាន់លានដុល្លារ។
ក្រៅពីប្រទេសប៉ូឡូញដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺមានប្រទេសហុងគ្រី សាធារណៈរដ្ឋឆេក ប្រទេសអូទ្រីស ប្រទេសរ៉ូម៉ានី និងប្រទេសស្លូវ៉ាគី។ ក្រៅពីប្រទេសទាំងនេះដែលរងគ្រោះដោយសារទឹកជំនន់ ប្រទេសនៅតំបន់អឺរ៉ុបផ្សេងទៀតបែជាជួបគ្រោះរាំងស្ងួត និងមហន្តរាយភ្លើងឆេះព្រៃ ដូចជា ប្រទេសក្រិក និង ប្រទេសព័រទុយហ្គាល់ជាដើម។
សហរដ្ឋអាមេរិក៖ តាមសេចក្តីរាយការណ៍ រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកបានរងគ្រោះដោយសារទឹកជំនន់ ខណៈកម្មវិធីធានារ៉ាប់រងទឹកជំនន់ជាតិ បានបង្ហាញថា ម្ចាស់អចលនទ្រព្យជាង២៥ម៉ឺននៅសហរដ្ឋអាមេរិក បានដាក់ពាក្យទាមទារសំណងដោយសារការខូចខាតបណ្តាលមកពីទឹកជំនន់។ ករណីទាមទារសំណងមានរហូតដល់ជាង៧៥ម៉ឺន ដេលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។
តំបន់អាស៊ី៖ ទឹកជំនន់បានបង្កផលប៉ះពាល់ខ្លាំងនៅតំបន់អាស៊ី។ អាស៊ីខាងកើត មានចិន កូរ៉េទាំងពីរ និង ជប៉ុន សុទ្ធតែទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងផលប៉ះពាល់ពីព្យុះដែលកើតឡើងជាបន្តបន្ទាប់។ តំបន់អាស៊ីខាងត្បូង មានឥណ្ឌា ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន នេប៉ាល់ បង់ក្លាដែស សុទ្ធតែរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ក្នុងរដូវមូសុងវស្សានេះ។ ប្រជាជនបង់ក្លាដែស ជាង៥លាននាក់បានរងផលប៉ះពាល់កាលពីដើមខែកញ្ញា ខណៈប្រជាជនប៉ាគីស្ថានជិត១០០០នាក់បានស្លាប់និងរបួសចន្លោះថ្ងៃទី១កក្កដាដល់ទី១កញ្ញា។ ផ្ទះជាង២ម៉ឺនត្រូវបានបំផ្លាញ។
តំបន់អាស៊ីអាគេ្នយ៍៖ ប្រទេសហ្វីលីពីន វៀតណាម ឡាវ ថៃ និង មីយ៉ាន់ម៉ា ជួបគ្រោះមហន្តរាយទឹកជំនន់ដែលបង្កការខូចខាតបំផុតសម្រាប់តំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលដ៏ខ្លីត្រឹមតែប្រហែល២សប្តាហ៍ប៉ុណ្ណោះពោលគឺនៅដើមខែកញ្ញានេះ។ យោងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF កុមារចំនួន៦លាននាក់រងផលប៉ះពាល់ដោយព្យុះទីហ្វុងយ៉ាកជី ដែលអូសបន្លាយពេលប្រហែល២សប្តាហ៍។ ក្រៅពីផលប៉ះពាល់លើកុមារ ប្រទេសនិមួយៗមិនទាន់រាប់បញ្ជូលផលប៉ះពាល់លើការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន ស្អាន ជាពិសេសគឺអាជីវកម្មគ្រប់ប្រភេទ និងការខូចខាតដំណាំកសិកម្មគ្រប់ប្រភេទក្នុងអំឡុងពេលប្រហែល២សប្តាហ៍កន្លងមកនេះ។
ព្យុះដ៏មានឥទ្ធិពលបំផុតយ៉ាកជី បានសម្លាប់ជិត១០០០នាក់ ក្នុងនោះមានជិត៣០០នាក់នៅក្នុងប្រទេសវៀតណាម ក្រោម៥០នាក់នៅក្នុងប្រទេសថៃ រាប់សិបនាក់នៅប្រទេសឡាវ និងយ៉ាងហោចណាស់ ២៣៦នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមិនទាន់រាប់បញ្ជូលពីប្រទេសហ្វីលីពីន និងប្រទេសចិនផង។
ផលប៉ះពល់សង្គមក្នុងរយៈពេលវែងបណ្តាលមកពីគ្រោះធម្មជាតិនេះ ទំនងកើតមានលើបញ្ហាអសន្តិសុខស្បៀង អតិផរណាតម្លៃស្បៀងអាហារ និងការកើនឡើងបញ្ហាសង្គមជាច្រើនទៀត ខណៈពិភពលោកនេះកំពុងប្រឈមការលំបាកជាច្រើនពីសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីដែលអូសបន្លាយជិត៣ឆ្នាំ សង្គ្រាមនៅតំបន់ហ្គាហ្សាក្នុងមជ្ឈិមបូព៌ាជិត១ឆ្នាំ និងកត្តាសកលលោកជាច្រើនទៀត៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់