Connect with us

ព័ត៌មានអន្ដរជាតិ

Zelenskyy៖ យោធា​អ៊ុយក្រែន​បាន​កាត់បន្ថយ​សក្ដានុពល​រុស្ស៊ី​ក្នុង​ការ​វាយលុក​ភាគ​ខាង​កើត

បានផុស

នៅ

លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកញ្ញាថា កងកម្លាំងអ៊ុយក្រែនបានកាត់បន្ថយសក្តានុពលនៃកងទ័ពរុស្ស៊ី ក្នុងការវាយប្រហារនៅជួរ​មុខ​​ភាគ​ខាងកើតតំបន់ Donetsk នៃសង្រ្គាមដែលមានរយៈពេលជាង​២​ឆ្នាំកន្លះ​​កន្លង​មក​នេះ។

លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយក្រែន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​ដឹក​នាំ​អ៊ុយក្រែន បាននិយាយ​​ក្នុង​វីដេអូ​មួយ​ទាំង​យប់​ថា យោធាកំពុងប្រឹងប្រែងអស់ពីសមត្ថភាព «សម្រាប់​ការ​ងើប​ឡើង​វិញ​នៃកងពលតូចប្រយុទ្ធរបស់យើង។ នៅពេលនេះ កងកម្លាំងការពារអ៊ុយក្រែនអាច​កាត់បន្ថយសក្តានុពលនៃការវាយលុករបស់អ្នក​ឈ្លាន​ពាន​នៅក្នុងតំបន់ Donetsk»។

លោក Zelenskyy បានបន្ថែម​ថា ស្ថានភាពនៅតែមាន «ការលំបាកយ៉ាងធ្ងន់ធ្ងរជាមួយនឹងការប្រយុទ្ធដ៏ស្វិតស្វាញជារៀងរាល់ថ្ងៃ» នៅក្នុងផ្នែក​ទាំងពីរនៃរណសិរ្សភាគខាងកើតដែលទទួលរងការវាយប្រហារភាគច្រើនបំផុតពី​រុស្ស៊ី ដោយ​នោះ​គឺ​នៅជិតទីក្រុង Pokrovsk និង​ទីក្រុង Kurakhove ។

លោក បាន​បន្ត​ទៀត​ថា ប្រតិបត្តិការរបស់អ៊ុយក្រែន នៅក្នុងតំបន់ Kursk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមកាលពីខែមុន បានទទួលជោគជ័យក្នុងការធ្វើឲ្យយោធារុស្ស៊ី បង្វែរធនធានចេញពីរណសិរ្សភាគខាងកើត។ ការចាប់​ខ្លួន​កងទ័ពរុស្ស៊ីបានជំរុញ «ធនធាន​ផ្លាស់ប្តូរ» នៃអ្នកទោសសង្គ្រាមរបស់អ៊ុយក្រែន ដើម្បីប្រើប្រាស់ជាថ្នូរ​នឹង​ការ​ចរចា​ក្នុងការសម្របសម្រួលផ្លាស់ប្តូរ​ចំណាប់​ខ្មាំង​ជាមួយទីក្រុងមូស្គូ។

រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និង​សម្ព័ន្ធ​មិត្ត​របស់​អ៊ុយក្រែន​គឺ​លោកខាងលិច គិត​ចាប់តាំងពីសម័យ​សង្គ្រាមត្រជាក់។

លោកខាងលិច និងអ៊ុយក្រែនពណ៌នាការឈ្លានពាន​របស់​​រុស្ស៊ី​​ថាជាការដណ្តើមយកទឹកដីតាមបែបចក្រពត្តិ ហើយបានប្តេជ្ញាថានឹងកម្ចាត់រុស្ស៊ី​ឲ្យ​បាន​នៅលើសមរភូមិ។ បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងបាន​១៨%​នៃទឹកដីអ៊ុយក្រែន៕

ដោយ៖ ឈាង

ចុចអាន៖ UN ប្រាប់​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​រោងចក្រ​ថាមពល​អ៊ុយក្រែន អាច​បំពាន​ច្បាប់​មនុស្សធម៌

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម