Connect with us

ព័ត៌មានជាតិ

វិស័យមួយចំនួនក្នុងខេត្តក្រចេះ រងផលប៉ះពាល់បង្កឡើងដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ គិតចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានបង្កឲ្យប៉ះពាល់ដល់វិស័យមួយចំនួនរបស់ខេត្ត ដូចជា វិស័យសង្គមកិច្ច វិស័យកសិកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ ខេត្តក្រចេះ មានកម្ពស់២០.៨៥ម៉ែត្រ ទឹកហូរចូលព្រែក ចំនួន២៨ ព្រែក និងបានបង្កផលប៉ះពាល់ដល់ឃុំ/សង្កាត់ ចំនួន៣៥ឃុំ/សង្កាត់ ស្មើនឹង ១៦៥ភូមិ ក្នុង ក្រុង/ស្រុក ចំនួន៦ រួមមាន ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី ស្រុកសំបូរ ស្រុកអូរគ្រៀងសែនជ័យ និងក្រុងក្រចេះ ។

វិស័យមួយចំនួនដែលប៉ះពាល់មានដូចជា វិស័យសង្គមកិច្ច៖ ប្រជាពលរដ្ឋប៉ះពាល់ សរុបចំនួន ៨,៣២៤គ្រួសារ ស្មើនឹង ៣២,៧៥៦នាក់ ស្រីចំនួន ១៦,០២៦នាក់។ ជម្លៀសប្រជាពលរដ្ឋ ចំនួន ៥៩គ្រួសារ ស្មើនឹង២៥៤នាក់ ស្រី១២៩នាក់ ។ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ២,២០៦ខ្នង សាលារៀន ចំនួន២០កន្លែង មណ្ឌលសុខភាព ចំនួន២កន្លែង វត្តអារាម ចំនួន ១៣កន្លែង អណ្តូងស្នប់ ២៨កន្លែង និងបង្គន់អនាម័យ ៨៩ និងអគារដ្ឋបាលឃុំ ចំនួន ១កន្លែង។

រីឯ វិស័យកសិកម្ម៖ ប៉ះពាល់លិចស្រូវសន្ទូង/ពង្រោះ សរុបចំនួន ៤,៩២២ ហិកតា។ លិចដំណាំចម្ការ/ដំណាំរួមផ្សំ (ដំឡូងមី ពោត ល្ង) សរុបចំនួន ៤៣៨ ហិកតា។ ជម្លៀសគោ/ក្របី សរុបចំនួន ២,៧៧៦ក្បាល ទៅកាន់ទីទួលខ្ពស់ៗនៅក្បែរភូមិដ្ឋាន។ ចំពោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ លិចផ្លូវលំ សរុបប្រវែង ១១១,៨៥២ម៉ែត្រ ផ្លូវកៅស៊ូ ៤០០ម៉ែត្រ ផ្លូវបេតុង ៣៣០ម៉ែត្រ ស្ពានឈើ ៩កន្លែង និងលូកាត់ផ្លូវ ៤៤កន្លែង។

ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ បានដាក់ចេញទិសដៅការងារបន្ត ត្រូវប្រចាំការត្រៀមធនធានសម្ភារៈ និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមអនុវត្តផែនការឆ្លើយតបសង្គ្រោះបន្ទាន់គ្រប់ពេលវេលា៕

ដោយ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម