ព័ត៌មានជាតិ
គម្រោងរេដបូកកែវសីមា ជួយអភិវឌ្ឍផ្លាស់ប្តូរជីវភាពសហគមន៍ចំនួន ២០ ក្នុងខេត្តមណ្ឌលគិរី
គម្រោងរេដបូកកែវសីមា បានជួយអភិវឌ្ឍដល់សហគមន៍ក្នុងខេត្តមណ្ឌលគិរី តាមរយៈការចូលរួមថែរក្សានិងការពារធនធានព្រៃឈើ ព្រមជាមួយការជួយដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។
ថ្លែងក្នុងឱកាសបើកយុទ្ធនាការ«ពន្លកបៃតង» «ការអភិរក្សតំបន់ការពារធម្មជាតិ ការអនុវត្តប្រកបដោយជោគជ័យ នូវគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការអនុវត្ត (REDD+) កែវសីមា» ក្នុងខេត្តមណ្ឌលគិរី លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៤ គម្រោងរេដបូកកែវសីមា ទទួលបានឥណទានកាបូនសរុបចំនួនប្រហែល ១៩ លាន ឥណទានកាបូន សម្រាប់លក់នៅក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

ថវិកាដែលទទួលបានមកពីការលក់ឥណទានកាបូននេះ ត្រូវបានយកទៅប្រើប្រាស់លើការងារបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស ការងារអភិរក្ស និងគ្រប់គ្រងព្រៃឈើនិងសត្វព្រៃ និងលើកកម្ពស់ជីវភាពសហគមន៍។
លោក ជួប ប៉ារីស៍ បានសង្កត់បន្ថែមថា ថវិកាមួយចំណែកធំត្រូវបានបែងចែកដល់សហគមន៍ក្នុងភូមិទាំង ២០ សម្រាប់អភិវឌ្ឍន៍និងលើកស្ទួយជីវភាពរស់នៅសហគមន៍ តាមរយៈជម្រើសអាទិភាពរបស់សហគមន៍ដូចជា៖ ប្រព័ន្ធទឹកស្អាត អណ្តូងស្នប់ គ្លីនិកចល័ត ជួសជុលផ្លូវក្នុងភូមិ សាងសង់ស្ពាន ដាក់លូកាត់ផ្លូវ រោងប្រជុំសហគមន៍ សាងសង់បង្គន់ ផ្តល់សម្ភារសិក្សា ជួសជុលសាលារៀន ទុនថវិកាសម្រាប់ក្រុមសន្សំ ពូជសត្វ គោមាន់ ឧបករណ៍ កសិកម្ម មួយ ចំនួន និងអាហារ ពេលព្រឹកដល់សិស្សជាដើម។
លោក ជួប ប៉ារីស៍ បានអះអាងថា ការអនុវត្តប្រកបដោយជោគជ័យនូវគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការអនុវត្ត (REDD+) កែវសីមា» បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍តាមតំបន់ការពារធម្មជាតិ ព្រមជាមួយការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។


គម្រោងរេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ ពីការបាត់បង់និងរេចរឹលព្រៃឈើ។
រេដបូកមានគោលបំណងធំៗពីរគឺ ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស ដែលមុខងារនេះដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានធ្វើការសហការជាមួយក្រសួងបរិស្ថាន អនុវត្តគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់និងការរេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
មន្រ្តីតំណាងអង្គការ WCS បានគូសបញ្ជាក់ថា សហគមន៍ចំនួន ២០ ភូមិ បានទទួលមូលធិនិពីគម្រោងរេដបូកតាមរយៈយន្តការ «ថវិការេដបូកសម្រាប់សហគមន៍» ដែលជាការបែងចែកផលប្រយោជន៍ពីប្រាក់ចំណូលពីការលក់នូវឥណទានកាបូន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ សហគមន៍ទទួលបានថវិកាដោយផ្ទាល់ពីគម្រោងរេដបូកកែវសីមាប្រហែលជិត ២ លានដុល្លារអាមេរិក។
ថ្លែងបើកយុទ្ធនាការផ្សព្វផ្សាយ«ពន្លកបៃតង» គម្រោងរេដបូក កែវសីមា ដោយមានការចូលរួមពីលោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគីរី លោក នេត្រ វិបុល នាយករងអង្គការ WCS មន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មានជាតិចម្រះស្ថាប័ន នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោកជួប ប៉ារីស៍ បានថ្លែងបញ្ជាក់ពីការបើកយុទ្ធនាការផ្សព្វផ្សាយ «ពន្លកបៃតង» គម្រោងរេដបូក កែវសីមាជាមួយអ្នកសារព័ត៌មានជាតិចំនួន ២៥ ស្ថាប័ន ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍ តាមតំបន់ការពារធម្មជាតិ។
លោកបន្តថា ប្រទេសកម្ពុជាប្តេជ្ញាយ៉ាងមោះមុត ក្នុងការឆ្ពោះទៅរកអនាគតដែលអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន កិច្ចការពារជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ ហើយគោលដៅចុងក្រោយរបស់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន គឺប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន ដែលមានគម្របព្រៃឈើ ៦0 ភាគរយ នៅឆ្នាំ ២០៥០។
នៅក្នុងឱកាសផ្សព្វផ្សាយពន្លកបៃតងក្នុងខេត្តមណ្ឌលគិរី ក៏មានការប្រគល់កូនត្នោតចំនួន ៣០០ ដើម ជូនអាជ្ញាធរស្រុកកែវសីមា ដាំតាមភូមិសាស្រ្តជាប់ព្រំដែន កម្ពុជា វៀតណាម ដើម្បីបង្កើនគម្របបៃតង ដើម្បីជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ និជួយការពារធនធានធម្មជាតិ និងអត្តសញ្ញាណវប្បធម៌របស់កម្ពុជា៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម