Connect with us

ព័ត៌មានអន្ដរជាតិ

​​​លោក Dissanayake ក្លាយ​ជា​ប្រធានាធិបតីថ្មី​របស់​​ស្រីលង្កា​ សន្យា​​ធ្វើ​នយោបាយស្អាតស្អំ លើក​កម្ពស់​ប្រជាធិបតេយ្យ

បានផុស

នៅ

ប្រទេសស្រីលង្កា​រក​ឃើញ​​ប្រធានាធិបតី​ថ្មី​ បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពីថ្ងៃ​សៅរ៍​​ ដោយ​​​ជ័យ​ជម្នះ​បាន​ទៅ​លើ​អ្នក​​តស៊ូ​​នយោបាយ​​ លោក​ Anura Kumara Dissanayake វ័យ​៥៥​ឆ្នាំ​ ដែល​បញ្ចប់​​​ការ​ដឹកនាំ​​​​របប​ចាស់​​ដឹកនាំ​ដោយ​ខ្សែ​ស្រឡា​យ​បងប្អូន​របស់​​អតីតប្រធានាធិបតី ​Ranil Wickremesinghe និង​ ត្រកូល​ Gotabaya Rajapaksa អស់រយៈពេល​​ជាង​៤​ទសវត្សរ៍​​​​។​

យោង​ទីភ្នាក់ងារ​ព័ត៌មាន BBC ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា Anura Kumara Dissanayake បានស្បថចូលកាន់តំណែងភ្លាម​ៗ​នៅ​ថ្ងៃចន្ទ​នេះ​ ដោយសន្យាថានឹងធ្វើនយោបាយ«​ស្អាតស្អំ» នៅពេលដែលប្រទេសនេះ​ទើប​​ងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន​ដែល​កើត​មាន​កាល​ពី​២​ឆ្នាំ​មុន​។

លោក Dissanayake ថ្លែង​ពេលស្បថ​ចូលកាន់​ដំណែង​​។ Snipping from live
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសស្រីលង្កា​​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​​សេដ្ឋកិច្ច​និង​សង្គម​​យ៉ាង​ធ្ងន់​ធ្ងរ​​កាល​ដើម​ឆ្នាំ​២០២២ ពេលដែល​ប្រទេស​នេះ​​​រួត​រឹត​ដោយ​វិបត្តិបំណុល​សាធារណៈ កង្វះសាច់​ប្រាក់​បរទេស​ដើម្បី​បញ្ជា​ការ​នាំ​ចូល​ទំនិញ​ចាំបាច់ មាន​ឥន្ធនៈ​និង​​​គ្រឿង​បរិភោគ​ ​ធ្វើឱ្យ​មាន​អតិផរណា​យ៉ាង​ខ្លាំង​លើ​តម្លៃ​ឧស្ម័ន​ចម្អិន និង គ្រឿងបរិភោគ​ រហូត​មាន​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​នៅខែកក្កដា។

​លោក Dissanayake ដែលប្រកាន់ឆ្វេង​បានចាត់ទុកខ្លួនឯងថាជាអ្នកបង្អាក់ស្ថានភាពបច្ចុប្បន្ន ហើយអ្នកវិភាគមើលឃើញថា ជ័យជម្នះរបស់គាត់ជាការបដិសេធអំពើពុករលួយ និង​បក្សពួក​​សែ​​ស្រឡាយ​និយម (Cronyism) ដែលបានញាំញីប្រទេស​​ជា​ច្រើន​ទសវត្សរ៍​។

ការបោះឆ្នោតកាលពីថ្ងៃសៅរ៍គឺជាការបោះឆ្នោតលើកដំបូងចាប់តាំងពី​វិបត្តិ​ក្នុង​ឆ្នាំ២០២២​នៅ​ពេលដែលការមិនសប្បាយចិត្តលើសេដ្ឋកិច្ចបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងបាន​បណ្តេញ​អតីតប្រធានាធិបតី Gotabaya Rajapaksa ចេញពីអំណាច។

BBC បាន​ស្រង់សម្តី​ លោក Dissanayake ​ដូច​ដែល​បាន​​ថ្លែង​ថា​៖«​យើង​ត្រូវ​បង្កើត​វប្បធម៌​នយោបាយ​ស្អាតស្អំ​ថ្មី​។ ខ្ញុំប្តេជ្ញាថានឹងសម្រេចឱ្យ​បាននូវចំណុចនេះ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីយក​ត្រឡប់​មកវិញនូវការគោរព និងការជឿទុកចិត្តរបស់ប្រជាជនចំពោះប្រព័ន្ធនយោបាយ»​។

​លោក Anura Kumara Dissanayake អាយុ៥៥​ឆ្នាំដែលត្រូវបានគេស្គាល់​និង​ហៅ​ថា «AKD» បានប្រាប់ប្រទេសស្រីលង្កាថា៖«លទ្ធិប្រជាធិបតេយ្យមិនបញ្ចប់ដោយការតែងតាំងអ្នកដឹកនាំទេ»។

លោក​បាន​ថ្លែង​ថា​៖«​យើង​ត្រូវ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​។​ ខ្ញុំ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំធ្លាប់បាននិយាយពីមុនថា ខ្ញុំមិនមែនជាគ្រូមន្តអាគមទេ ខ្ញុំជាពលរដ្ឋសាមញ្ញម្នាក់។ មានរឿងដែលខ្ញុំដឹង និងមិនដឹង។ គោលបំណង​ធំបំផុតរបស់ខ្ញុំគឺប្រមូលផ្តុំអ្នកដែលមានចំណេះដឹង និងជំនាញ ដើម្បីជួយលើកស្ទួយប្រទេសនេះ»។

​លោក ​Dissanayake បានទទួលពរជ័យពីព្រះពុទ្ធសាសនានៅចុងបញ្ចប់នៃសុន្ទរកថារបស់គាត់។ អ្នកតំណាងនៃសាសនាផ្សេងទៀតរបស់ប្រទេសស្រីលង្កា មាន​ ឥស្លាម ហិណ្ឌូ និងគ្រិស្តសាសនា ក៏មានវត្តមានក្នុងអំឡុងពេលស្បថ​ចូល​កាន់​តំណែង​នេះ​​ផងដែរ ដោយបានគូសបញ្ជាក់ពីការសង្កត់ធ្ងន់របស់ប្រធានាធិបតីថ្មីលើភាពចម្រុះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅមុនថ្ងៃនៃពិធីនេះ លោក Dissanayake ​​បាន​សង្កត់ធ្ងន់ថា​​ ការរួបរួម​​គ្នា​​របស់​​ក្រុម​ជន​ជាតិ​​ Sinhalese, ទមិឡ (Tamils), មូស្លីម (Muslims) និង ស្រីលង្កា​ ទាំងអស់គឺជាមូលដ្ឋានគ្រឹះនៃការចាប់ផ្តើមថ្មីនេះ។​

តំណាង​ពុទ្ធសាសនា មូស្លីម គ្រឹះសាសនា និង​សាសនាដទៃ​ទៀត​ដែលចូលរួ​ម​ពិធី​ចូល​កាន់​តំណែង​។​

​លោក Dissanayake បានឈ្នះបន្ទាប់ពីការរាប់សន្លឹកឆ្នោតបានឈានដល់ជុំទី២ កាលពីថ្ងៃអាទិត្យ ដោយសារគ្មានបេក្ខជនណាម្នាក់អាចឈ្នះលើសពី៥០ភាគរយ​​ នៃសម្លេងឆ្នោតសរុបនៅក្នុងជុំទីមួយ។

នៅពេលដែលការបោះឆ្នោតជ្រើសរើសទីពីរ និងទីបីសម្រាប់ប្រធានាធិបតីត្រូវបានបូកសរុប គណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា Dissanayake បានឈ្នះជាមួយនឹង​សន្លឹក​ឆ្នោតសរុបចំនួន ៥​ ៧៤០ ១៧៩ សំឡេង។

មេបក្សប្រឆាំង Sajith Premadasa ឈរនៅលេខរៀងទី២​ មាន​ចំនួន​ ៤ ៥៣០ ៩០២។ ប្រធានាធិបតីផុតអាណត្តិ Ranil Wickremesinghe ទទួលបាន​ការគាំទ្រ​ត្រឹមតែ​ ២ ២៩៩ ៧៦៧​ សំឡេង​ ក្នុងអំឡុងពេលនៃការរាប់ជុំទីមួយ ហើយត្រូវបានដកចេញពីជុំទីពីរ។

Ranil Wickremesinghe ដែល​​ផុត​អាណត្តិ​។​

លោក Wickremesinghe បានអបអរសាទរអ្នក​​ឈ្នះឆ្នោត​​ ដោយនិយាយថា៖«ដោយក្តីស្រឡាញ់ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះប្រជាជាតិជាទីស្រឡាញ់នេះ ខ្ញុំបានប្រគល់អនាគតរបស់ខ្លួនទៅឱ្យប្រធានាធិបតីថ្មី​»​។

រហូតមកដល់ការបោះឆ្នោតនៅចុងសប្តាហ៍​​កន្លង​ទៅ​នេះ ការបោះឆ្នោតប្រធានាធិបតីទាំងប្រាំបី​​លើក​របស់ប្រទេសស្រីលង្កា ចាប់តាំងពីឆ្នាំ១៩៨២​ បានឃើញអ្នកឈ្នះបានលេចឡើង​ក្នុងអំឡុងពេលនៃការរាប់ជុំទីមួយ។ ការបោះឆ្នោត​នេះត្រូវបានពិពណ៌នាថាជាការប្រកៀក​ប្រកិត​គ្នា​បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស​​ដែន​កោះ​ក្នុង​​អាស៊ី​ខាងត្បូង​នេះ​​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤៣ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤៣ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៤៩ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម