Connect with us

ព័ត៌មានជាតិ

ចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ​ដូច​គ្នា រថយន្តអគ្គិសនី​ចាយ​ថវិកាប្រមាណ ៩ ៦៣៣ រៀល ធៀប​ ៣៥ ៧២៣ រៀល រថយន្ត​ដុត​ដោយ​​ឥន្ធនៈ

បានផុស

នៅ

លោក ផន រឹម​ មន្រ្តី​អ្នកនាំពាក្យ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន បាន​ពន្យល់​ពី​គោលនយោបាយ​អភិវឌ្ឍន៍យានយន្តអគ្គិសនី ដែល​ជួយ​កាត់បន្ថយការ​បញ្ចេញឧស្ម័នពុល រួមទាំង​ផ្តល់អត្ថប្រយោជន៍​ជាច្រើន​ក្នុង​ទិដ្ឋភាព​បរិស្ថាន សេដ្ឋកិច្ច សន្តិសុខ​ថាមពល។

លោកក៏​ប្រៀបធៀប​ការ​​ចំណាយ​លើ​ការ​ប្រើប្រាស់​រថយន្តដុត​ដោយ​ប្រេង​ឥន្ធនៈ ធៀប​រថយន្ត​ដំណើរដោយ​អគ្គិសនី​គឺ​ខុស​គ្នា​គុណ ១ ជា ៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តី​អ្នកនាំពាក្យ​រូបនេះបានលើក​ពី​​គោលនយោបាយជាតិ​អភិវឌ្ឍន៍យានយន្តអគ្គិសនី មិនមែនជារឿងថ្មីសម្រាប់មនុស្សជាតិ​នោះ​ទេ។

បើតាម​​លោក ផន រឹម រថយន្ត​អគ្គិសនី​ត្រូវបានបង្កើតឡើងនិងប្រើប្រាស់​តាំងពី​មុនពេល​មាន​ការអភិវឌ្ឍខ្លាំង​​លើម៉ាស៊ីនចំហេះ​​ក្នុង​ដោយប្រើប្រាស់ប្រេងឥន្ធនៈមកម៉្លេះ និងចាប់ផ្តើមតាំងពីយុគសម័យនៃការរីកចម្រើននិង​ប្រើប្រាស់​ចរន្តអគ្គិសនី​។

លោក​ថា សម្រាប់កម្ពុជា យាយន្ត​អគ្គិសនីជានិន្នាការថ្មីមួយ ដែលមានការវែកញែក​ជាហូរហែក្នុងចំណោម​សាធារណមតិ និង​ចំណែកខ្លះ នៃជនដែល​មានឥទ្ធិពលលើការផ្សព្វផ្សាយផងដែរ។

ការប្រើប្រាស់យានយន្តអគ្គិសនីត្រូវបានគេមើលឃើញជាទូទៅថា បានផ្តល់អត្ថប្រយោជន៍​ជាច្រើន​ក្នុង​ទិដ្ឋភាព​បរិស្ថាន សេដ្ឋកិច្ច សន្តិសុខ​ថាមពល និងជាពិសេសការឈោង​ចាប់នូវ​បច្ចេកវិទ្យា​ថ្មីៗ​ស្រប​នឹងនិន្នាការ​តំបន់ និង​ពិភពលោក ដែលកំពុងតម្រង់ទិសទៅរកឧស្សាហកម្មបៃតង។

មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​រូបនេះ​បាន​លើកពី​គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ គឺជាត្រីវិស័យ និង​ជា​ឧបករណ៍គោល​នយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ​តម្រង់​ទិស និងជំរុញ​ការអភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនីនៅកម្ពុជា។

រាជរដ្ឋាភិបាលផ្តល់សេរីភាព និងជម្រើស​កាន់តែសំបូរបែប សម្រាប់ការប្រើប្រាស់យានយន្ត ដើម្បី​សម្រួល​ការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង អត្រានៃការប្រើប្រាស់​យានយន្ត​កើន​យ៉ាងខ្លាំង ជាពិសេស​ទោចក្រ​យានយន្ត​​និង​រថយន្ត។

អត្ថប្រយោជន៍ នៃការប្រើប្រាស់យានយន្តអគ្គិសនី

លោក ផន រឹម បានអះអាង​ថា ការប្រើប្រាស់​យានយន្តអគ្គិសនី នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាព​បរិស្ថាន សេដ្ឋកិច្ច សន្តិសុខ​ថាមពល​ និងជាពិសេសការឈោង​ចាប់នូវបច្ចេកវិទ្យាថ្មីៗ​ស្របនឹងនិន្នាការ​តំបន់​និង​សកលលោក។

រថយន្តអគ្គិសនី​ការកាត់បន្ថយការ​បំភាយឧស្ម័នកាបូនិក៖ ការប្រើប្រាស់យាន​យន្តអគ្គិសនី​នឹងរួមចំណែក​កាត់បន្ថយការប្រែប្រួល​អាកាសធាតុ តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ដែលជាប្រភព​នៃការបំភាយ​ឧស្ម័នផ្ទះកញ្ចក់​ដ៏ចម្បង។ យានយន្តអគ្គិសនី គ្មានការបញ្ចេញឧស្ម័នពុលតាមបំពង់​ស៊ីម៉ាំង​ដូចយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូន​ម៉ូណូអុកស៊ីដ នីត្រូសែនអុកស៊ីដ និង​ភាគល្អិតនានា ដែលកត្តាទាំងនេះរួមចំណែក​ក្នុងការពង្រឹងគុណភាព​ខ្យល់ក្នុង បរិយាកាស​។

ការបង្កើនការ​ប្រើប្រាស់យានយន្ត​អគ្គិសនី នឹងកាត់បន្ថយការ​បញ្ចេញឧស្ម័នពុលក្នុង សកលលោក​ប្រមាណ​ពាក់កណ្តាលនៅឆ្នាំ ២០៥០ ធៀបនឹងបច្ចុប្បន្ន និង​កាត់បន្ថយ​ការស្លាប់​មុន​អាយុ​ពី​ប្រមាណ ៥,៤ លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ ២,៨ លាននាក់ នៅឆ្នាំ២០៥០។

តាមការវិភាគ​នៃការបញ្ចេញឧស្ម័នពុលនៅក្នុងវដ្ដជីវិត​នៃយានយន្ត ការប្រើប្រាស់​រថយន្តអគ្គិសនី​សុទ្ធមាន​ការបញ្ចេញឧស្ម័នពុលតិចជាង​រថយន្ត ដែលប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់ទៅជិត ៤០%។ រីឯការប្រើប្រាស់ទោចក្រយាន​យន្តអគ្គិសនីបញ្ចេញឧស្ម័ន​ពុលតិច​ជាងទោចក្រ​យានយន្ត​ដែល​ប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ ១០ ដង។

-សន្តិសុខថាមពល៖ ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី នឹងចូលរួមចំណែកក្នុង​ការកាត់បន្ថយការប្រើប្រាស់​ប្រេងឥន្ធនៈ។ ដោយហេតុថា កម្ពុជា​ជាប្រទេស​ពឹងផ្អែក​ទាំងស្រុង​លើការ​នាំចូល​ប្រេង​ឥន្ធនៈ​ពីទីផ្សារអន្តរជាតិ និងបណ្តាប្រទេស​ក្នុងតំបន់ ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈនឹង​ជួយ​ពង្រឹងសន្តិសុខថាមពល​របស់កម្ពុជា ​តាមរយៈការកាត់បន្ថយការ​ពឹងផ្អែកលើការនាំចូល​ប្រេង​ឥន្ធនៈ ព្រមទាំងការ​កាត់បន្ថយ​ហានិភ័យ​នៃការប្រែប្រួល​ថ្លៃប្រេងឥន្ធនៈ​ដែលមាន​ភាពមិនប្រាកដ​ប្រជាខ្ពស់។ បន្ថែមលើនេះ ​អស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ បាន​ដាក់សម្ពាធ​យ៉ាងខ្លាំងលើ​ការគ្រប់គ្រង​ទុន​បម្រុង​​រូបិយប័ណ្ណ​អន្តរជាតិ។

-ការសន្សំសំចៃ៖ ការប្រើប្រាស់យានយន្តអគ្គិសនី​ មានលក្ខណៈសន្សំសំចៃខ្ពស់​ជាងការ​ប្រើប្រាស់​យានយន្ត​ប្រើប្រាស់ប្រេងឥន្ធនៈ។ យានយន្តអគ្គិសនីមានប្រសិទ្ធផល ឬ ខ្ពស់ជាងថាមពលម៉ាស៊ីន ប្រើប្រាស់​ប្រេងឥន្ធនៈ​ប្រមាណ ៥ ទៅ ៦ ដង នៅក្នុងការបំប្លែងថាមពល​ទៅជាចលនា​ ដែលធ្វើឱ្យ​ចំណាយទាប​ក្នុងការផ្លាស់ទី។

ជាក់​ស្ដែង នៅក្នុងចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ ការប្រើប្រាស់រថយន្តអគ្គិសនីត្រូវចាយថវិកាប្រមាណ ៩ ៦៣៣រៀល។ ចំណែកឯការប្រើប្រាស់យានយន្តបើប្រាស់ប្រេងឥន្ធនៈ ត្រូវចាយថវិការហូតដល់ ៣៥ ៧២៣ រៀល។

-ការឈោងចាប់យកនូវបច្ចេកវិទ្យាថ្មីៗ៖ បណ្ដា​ប្រទេសក្នុងតំបន់ និងសកលលោក​កំពុងផ្ដោតការយក​ចិត្តទុកដាក់ខ្ពស់​ក្នុង​ការជំរុញ​វិស័យ​យានយន្ត​អគ្គិសនី ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត ​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផ្សេងៗទៀត ដែលពង្រឹងសុវត្ថិភាព​ដល់អ្នកប្រើប្រាស់។ កម្ពុជាក៏ត្រូវសម្របខ្លួន​ក្នុងនិន្នាការថ្មី​នេះ ដើម្បី​រក្សាភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​របស់​ខ្លួន។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់ ​ដែល​បង្ក​ឡើង​ដោយ​ការ​បំភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ចេញ​ពី​ប្រភេទ​យានយន្ត​ដែល​ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ។

ថ្លែង​នៅ​ក្នុង «សិក្ខា​សាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ ស្តីពី​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី ២០២៤-​២០៣០» នា​ព្រឹក​ថ្ងៃ​ទី​ ១៨ ខែ​កញ្ញា​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លោក​ ប៉េង ពោធិ៍នា បានគូសបញ្ជាក់​ថា ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា បាន​កំពុង​ដើរ​ទន្ទឹម​នឹង​ការ​អភិវឌ្ឍន៍​វិស័យ​យានយន្ត​អគ្គិសនី​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​និន្នាការ​សកល ​ដែល​កំពុង​មាន​សន្ទុះ​យ៉ាង​លឿន​គួរ​ឱ្យ​កត់សម្គាល់​។

បើ​ទោះ​បី​ជា​ការ​កំណើន​នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ក៏​ពិត​មែន រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មើល​ឃើញ​ការអភិវឌ្ឍ​​វិស័យ​យានយន្ត​អគ្គិសនី​​ ចាំបាច់​​ត្រូវ​ទាម​ទារ​នូវ​ការ​គាំ​ទ្រ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ថែម​ទៀត​ ព្រម​ទាំង​ការ​ដាក់​ចេញ​នូវ​គោលការណ៍​ជាក់លាក់​ និង​គោលការណ៍​​លើក​ទឹក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់ ក៏​ដូច​ជា​វិនិយោគិន​ ដើម្បី​បង្កើន​សន្ទុះ​នៃ​ការ​ប្រើប្រាស់ និង​ការ​វិនិយោគ​លើ​យានយន្ត​អគ្គិសនី​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ​និងដឹកជញ្ជូន ការប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅកម្ពុជា គិតត្រឹមខែ​សីហា ឆ្នាំ​២០២៤ ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​សរុប​ជាង ៣ ៦៧៦ គ្រឿង ខណៈ​ដែល​ទី​កន្លែង​បញ្ចូល​ថាមពល​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ២១ ​កន្លែង​ ដែល​មាន​ទូ​បញ្ចូល​អគ្គិសនី​បាន​លឿន​បំផុត​ចំនួន ២៧ ​ទូ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានជាតិ៦ ម៉ោង មុន

មនុស្សយ៉ាងច្រើនកុះករ បានមកចូលរួមទស្សនា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅថ្ងៃចុងក្រោយនេះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វៀតណាមត្រូវការ​លុយ ១៤ ប៊ីលាន​ដុល្លារ​ ដើ​ម្បី​សាងសង់ស្ថានីយសាកថ្ម EV ទូទាំងប្រទេស​

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ត្រៀមៗ Miss Mera អាចមានថ្នាក់អន្តរជាតិ ក្រោយ Kate Cat ឲ្យតម្រុយចំនួនប្រទេសដែលចូលរួម

Sokha Hotels

ព័ត៌មានពេញនិយម