Connect with us

ព័ត៌មានអន្ដរជាតិ

Agoda៖ ទីក្រុងអាស៊ីអាគ្នេយ៍/បូព៌ា ចំនួន៥ ជាទិសដៅ​ទេសចរណ៍កំពូលៗសម្រាប់ភ្ញៀវចិន ក្នុងអំឡុង «សប្ដាហ៍មាស»

បានផុស

នៅ

ទីភ្នាក់ងារដំណើរកំសាន្ត​អន្តរជាតិតាម​ប្រព័ន្ធឌីជីថល​ Agoda បាន​ឱ្យដឹង​ថា​ ការ​ស្វែង​រក​កន្លែង​ស្នាក់​នៅ​​​សម្រាប់​ដំណើរកំសាន្ត​ពី​ប្រជាជន​ចិន ក្នុង​អំឡុង «​សប្ដាហ៍​មាស» ទី២​ប្រចាំ​ឆ្នាំ​ ចន្លោះ​ពី​ថ្ងៃ​ទី​ ១-៧ តុលា​ ខាង​មុខ​​ បាន​កើន​ឡើង​ខ្លាំង​ប្រមាណ​ ១៣៧ ភាគរយ​ ធៀប​នឹង​ឆ្នាំ​មុន​​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ The Nation ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ទិន្នន័យបង្ហាញ​ថា​​ ទីក្រុង​នៅ​អាស៊ីអាគ្នេយ៍​ និង​អាស៊ីបូព៌ា​ ចំនួន​ ៥ ធំៗ​ បានគ្រង​ដំណែងទិសដៅ​​ទេសចរណ៍​កំពូល​ៗ​សម្រាប់​​ភ្ញៀវទេសចរ​ចិន​។

បើ​តាម​ Agoda ទិន្នន័យស្វែងរកកន្លែងស្នាក់នៅ បង្ហាញពីការផ្លាស់ប្តូរចំណូលចិត្ត​លើ​ទិសដៅ​របស់​ភ្ញៀវទេសចរ​ចិន​ ​​​អំឡុង​សប្តាហ៍មាស​នៃ​ខែ​តុលា ​​នៅ​ឆ្នាំ​នេះ​។ កាល​ពី​ឆ្នាំ​មុន​ ទិសដៅ​បរទេស​​​សំខាន់​ៗ​ទាំង​ ៥ ​រួម​មាន​ ទីក្រុង​តូក្យូ ដែល​ឈរ​នៅ​លើ​កំពូល​តារាង បន្ទាប់​មកជា​បន្ត​បន្ទាប់​គ្នា​​គឺ​ទីក្រុង​ សេអ៊ូល និង​ទីក្រុង​អូសាកា ក៏ដូច​ជា​ទីក្រុង​ក្យូតូ (ជប៉ុន) និងទីក្រុង​​បាងកក​។

នៅ​ឆ្នាំ​នេះ​ ទីក្រុង​សេអ៊ូល​របស់​កូរ៉េខាង​ត្បូង​ បាន​ក្លាយ​ជា​គោលដៅ​​កំពូល​បំផុត​​ ដោយ​វ៉ាដាច់​ទីក្រុង​តូក្យូ របស់​ជប៉ុន​។ ​​ទីក្រុង​បាលី របស់​ឥណ្ឌូណេស៊ី​ បាន​ហក់​ចូល​ក្នុង​តារាង​កំពូល​ទាំង​៥ថ្មី​ ដោយ​ឈរ​នៅ​លេខ​ ៣ ហើយ​បន្ទាប់​មក​ ទីក្រុង​បាងកក និង​ក្រុង​អូសាកា ដែល​ឈរ​នៅ​លេខ​បន្ត​បន្ទាប់​គ្នា​។ ​

​នេះ​មាន​ន័យ​ថា បាងកក និង​បាលី គឺ​ទីក្រុង​តែ​២​គត់​នៅ​អាស៊ីអាគ្នេយ៍​ ដែល​ឈរ​នៅ​លើ​កំពូល​តារាង​ ខណៈ​ប្រទេស​ក្នុង​តំបន់​​ប្រកួត​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង​លើ​ការ​ទាក់​ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ ជា​ពិសេស​ភ្ញៀវចិន​ ដែល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​នីមួយៗ​ រួម​មាន​ថៃ​ វៀតណាម​ ឥណ្ឌូណេស៊ី​ និង​ម៉ាឡេស៊ី​ជាដើម​។

គួរ​គូស​បញ្ជាក់​ថា​ ​សប្ដាហ៍​មាស​ គឺ​ជា​​ពេលវេលា​ដ៏​​សំខាន់​ដែល​ប្រជាជន​ចិន​ចេញ​ធ្វើ​ដំណើរ​កំសាន្ត​ទាំង​ក្នុង​ស្រុក​ និង​នៅ​បរទេស​ ជា​ពិសេស​ជា​លក្ខណៈ​គ្រួសារ​ សម្រាប់​ការ​ឈប់​សម្រាក​រយៈ​ពេល​មួយ​សប្ដាហ៍​។ ជាធម្មតា ចិន​មាន​សប្តាហ៍មាស​២​ដង​ក្នុង​មួយ​ឆ្នាំ​ ​ម្ដង​នៅ​អំឡុង​បុណ្យចូលឆ្នាំថ្មី និងម្ដង​នៅ​អំឡុង​ទិវាជាតិរបស់ប្រទេសចិន។

វា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ពេល​វេលា​ដ៏​សំខាន់​សម្រាប់​ប្រទេស​ជា​ច្រើន​ ក្នុង​ការ​​ទាញ​យក​ឱកាសដើម្បី​​ទាក់​ទាញ​ភ្ញៀវទេសចរ​ចិន​ ឱ្យ​ទៅលេង​ប្រទេស​របស់​ខ្លួន​ ដែល​ក្នុង​នោះ​រួម​មាន​​គោលនយោបាយ​រយៈពេល​វែង​ និង​ខ្លី ​និង​ការ​ធានា​​​ទំនុក​ចិត្ត​លើ​​សុខសុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​ជាដើម​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម