Connect with us

ព័ត៌មានអន្ដរជាតិ

 តើ​«ផែនការជ័យជម្នះ​» របស់​អ៊ុយក្រែន​​ផ្តោ​តលើ​អ្វីខ្លះ​?​

បានផុស

នៅ

​ស្រប​ពេល​ដំណើរ​ទៅ​ចូលរួម​​​​ប្រជុំ​មហាសនិ្នបាត​របស់​អង្គការ​សហប្រជាជាតិ​នៅ​​ទីក្រុង​ញូវយ៉ក ប្រធានាធិបតី​​ អ៊ុយក្រែន​​ បាន​បង្ហើប​ប្រាប់​​ពី«​ផែន​ការ​​ជ័យ​ជម្នះ​» របស់​លោក​ត្រឹមតែ​​ប្រហែល​មួយសប្តាហ៍​ប៉ុណ្ណោះ ដែល​បង្កើត​ជាចម្ងល់​ជាច្រើន​ជុំវិញ​ផែន​ការ​ជ័យជម្នះ​​ក្នុង​ពេលដែលរុស្ស៊ី​កំពុង​កាន់​កាប់​ដឹកដី​ខ្លះ​ប្រហែល​១ភាគ៥​នៃ​ទឹកដី​អ៊ុយក្រែន​ទាំងមូល​។ តើ​ផែន​ការជ័យ​ជម្នះ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ផ្តោត​លើ​​អ្វី​ខ្លះ?​

​លោក វ៉ុលឌីមៀ ហ្សេឡេនស្គី ថ្លែង​នៅ​ក្នុង​សន្និបាតអង្គការ​សហប្រជាជាតិ។​ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈដែល​មាន​ការ​តាមប្រមាញ់​ចង់​ដឹង​ពី​​តផែន​ការ​ជ័យ​ជម្នះ​នោះ​មានបង្កប់​​នៅ​ខ្លឹមសារ​អ្វីខ្លះ កាសែត The Times រាយការណ៍ពីខ្លឹមសារដំបូងនៃ«ផែនការជ័យជំនះ» របស់ ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky​) ដែល​ ​ពឹងផ្អែក​ស្ទើរតែ​ទាំង​ស្រុង​​​លើ​បស្ចឹមប្រទេស និង​គ្មាន​ឡើយ​ការ​សម្បទាន​ជាមួយភាគី​រុស្ស៊ី។  

​​សេចក្តី​រាយការណ៍​នោះ ​បាន​បង្ហាញ​​​​​​នូវ​​មាតិកា​សំខាន់ៗផែន​ការ​ជ័យ​ជម្នះ​នោះ​រួម​មាន​៖​ការធានាសន្តិសុខរបស់បស្ចឹមប្រទេស​សម្រាប់អ៊ុយក្រែនគឺ ស្រដៀង​គ្នា​ទៅនឹងកតិកាសញ្ញាការពារទៅវិញទៅមកនៅពេលចូលរួមណាតូ។ ​ការ​ទទួល​ជំនួយហិរញ្ញវត្ថុអន្តរជាតិសម្រាប់ការស្តារសេដ្ឋកិច្ច; ការផ្តល់អាវុធទំនើបពីលោកខាងលិច; ការបន្តនៃប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងតំបន់ Kursk​ នៃ​ទឹកដី​រុស្ស៊ី​។​

​​ប្រធានាធិបតី​អ៊ុយក្រែន វ៉ុលឌីមៀ ហ្សេឡេនស្គី ​ក៏​​​ស្នើ​ឱ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ចូ បៃ​ដិន ផ្តល់​នូវ​ការធានាសន្តិសុខបែបនេះ ដែលថាគាត់មិនអាចរងឥទ្ធិពលពី​​លោក​ដូណាល់ ត្រាំ​ នាពេលអនាគត ប្រសិនបើលោក​ត្រាំ​ឈ្នះការបោះឆ្នោត។

​ការ​ធានា​ពី​​​ប្រភព​ខាងក្រៅ ជាពិសេស សម្ព័ន្ធ​មិត្ត​ណាតូ និង ប្រទេស​​ក្នុង​ប្លុក​សេរី​ដទៃ​ទៀត ត្រូវ​តែ​​ធ្វើដើម្បីការពារអ៊ុយក្រែនពីការបង្ខំឱ្យចូលទៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលមិនអំណោយផល​ណាមួយ​។

​ខណៈពេល​​សង្គ្រាម​អ៊ុយក្រែន​​​-រុស្ស៊ី​បាន​ចំណាយ​ពេល​ជិត​​៣​ឆ្នាំ​ទៅ​ហើយ ការ​បង្កើន​ការ​ប្រយុទ្ធ​គ្នា​​​ក៏​អាច​​ជា​ការ​បង្កើន​ប្រៀប​​លើ​គូ​ភាគី​​​​​ដោយ​ការ​បង្ខំ​ឲ្យ​ទទួល​យក​ការ​ចរចា​​ពីសំណាក់​ប្រទេស​ស្ថិតនៅ​ក្នុងជំហរ​អព្យាក្រិត្យ​​ ដូចជា​ ចិន ឬ​ឥណ្ឌា​ ឬ​ក៏​តួកគី​ ដែលប្រទេស​ទាំងនេះ​​​បង្ហាញ​ជំហរ​ផ្សះផ្សារសង្គ្រាម​តាំង​ពី​ដើម​មក។

មេដឹកនាំសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី តាមរយៈសេចក្តី​ថ្លែងការ​របស់​ពួក​គេ​ក្នុង​កិច្ច​ប្រជុំ​សន្ទនា​សន្តិសុខ​​ចតុភាគី  (QSD ​ឬ​គេស្គាល់​ជាទូទៅ​ថា Quad)   បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសង្គ្រាមនៅអ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានសន្តិភាពត្រឹមត្រូវ។

សេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃ​ដិន និងនាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុន បាន​និយាយអំពីតម្រូវការដើម្បីសម្រេច​បាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ដែលស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ពួក​​គេ​ក៏​នៅ​យល់​ឃើញ​ថា សង្គ្រាម​ជះ​ផលប៉ះពាល់អវិជ្ជមាន​លើសន្តិសុខស្បៀង និងថាមពលសកល ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

លោក ហ្សេលេនស្គី បាន​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​។ FB

ដោយ​លើក​ឡើង​ពីជម្លោះអ៊ុយក្រែន-រុស្ស៊ីនៅថ្ងៃទី២៤​ខែកញ្ញាលោក Radosław Sikorski រដ្ឋមន្ត្រីការបរទេសប៉ូឡូញ បាន​និយាយថា៖«សង្រ្គាមនៅអ៊ុយក្រែននឹងបញ្ចប់នៅពេលដែល​លោកពូទីនសម្រេចចិត្តថាការឈ្លានពានគឺជាកំហុស និង​ថា គាត់ [​ពូទីន​]នឹងមិនសម្រេចបាននូវគោលដៅរបស់គាត់ក្នុងតម្លៃដែលអាចទទួលយកបាន»។

​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់ លោក Boris Pistorius បាន​បន្ទរ​​សម្តី​​​​រដ្ឋមន្ត្រី​ការ​​បរទេសប៉ូឡូញ​ ដោយ​​និយាយ៖«ការ​គាំទ្រ​អ៊ុយក្រែន​ថ្លៃ​ណាស់ ប៉ុន្តែ​ការ​បរាជ័យ​នឹង​ត្រូវ​ចំណាយ​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស»។

រដ្ឋាភិបាល​អ៊ុយក្រែន បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ឆ្នាំ​ក្រោយ​រុស្ស៊ី​នឹង​ផលិត​សព្វាវុធ​ច្រើន ឬ​ច្រើន​ជាង​អឺរ៉ុប​ទៅ​ទៀត​ ដោយបាន​លើក​ឧទាហរណ៍ថា នៅ​រុស្ស៊ីមាន​រោងចក្រ​សំខាន់ៗ​ចំនួន៣០ ដែល​ផលិត​អាវុធ និង​ឧបករណ៍​នោះ ហើយ​ពួកគេ​បង្កើន​ការផលិត​នេះ ដោយ​រំលង​​ការ​ដាក់​ទណ្ឌកម្ម។ ហើយ​នៅ​អឺរ៉ុប ក្នុង​សហភាព​អឺរ៉ុប ខ្ញុំ​គិត​ថា មាន​រោងចក្រ​​ផលិត​អាវុធ​​ប្រហែល៤២​ប៉ុណ្ណោះ​​៕​

ដោយ រ៉ាន់ រើយ​

លោក ហ្សេលេនស្គី ជួប​អធិការ​បតី​អាល្លឺម៉ង់​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម