Connect with us

ព័ត៌មានជាតិ

តើការ​លក់ឥណទានកាបូនពីព្រៃឈើ មានដំណើរការ​យ៉ាង​ដូចម្តេច?

បានផុស

នៅ

មន្រ្តីក្រសួង​បរិស្ថាន​បានពន្យល់​ពី​ដំណើរការ​លក់​ឥណទាន​កាបូន ខណៈ​កម្ពុជា​បានជោគជ័យ​លើការ​លក់ឥណទានកាបូន តាមរយៈ​ការ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ ដែល​បាន​ចូលរួម​​ទប់ស្កាត់​ការប្រែប្រួលអាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយ​តប​សំណួរ​ «កម្ពុជា​ថ្មី» ក្នុង​ដំណើរ​ទស្សនកិច្ច​កម្មវិធីពន្លកបៃតងនៅ​ខេត្តមណ្ឌលគិរី​កាលពីពេលថ្មីៗនេះ លោក ជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន​បានគូស​បញ្ជាក់​ថា ការ​លក់​ឥណទាន​កាបូន​មាន​ភាព​ស្មុគស្មាញ​​ មិន​ងាយ​ស្រួល​ដូច​ការ​គិតនោះ​ទេ។ ដើម្បី​អាច​លក់​កាបូន​បាន មន្រ្តីជំនាញរូបនេះ​បានពន្យល់ថា ​ទាមទារ​ឱ្យ​មាន​ការ​​ចូលរួមពី​ផ្នែក​ពាក់ព័ន្ធ​ចំនួន​ ៣ ត្រូវធ្វើការ​​រួមគ្នា។

«បើ​និយាយ​ឱ្យ​ខ្លី ការ​លក់​កាបូន​អាច​ធ្វើ​ទៅ​បាន គឺ​ត្រូវ​ទាម​ទារ​ឱ្យ​មាន​ផ្នែក​​ចូល​រួម​​ពាក់ព័ន្ធ​សំខាន់​ៗចំនួន​ ៣ ៖ ទី១ គឺ​អាជ្ញាធរ​រដ្ឋ ដែល​មាន​​ក្រសួង​បរិស្ថាន ក្នុង​នាម​រាជ​រដ្ឋាភិបាល​ជា​ម្ចាស់​។ ទី​២ អ្នក​ធ្វើ​គម្រោង ដូច​ជា​នៅ​កែវសីមា មាន​អង្គការ WCS ដែល​ជា​អ្នក​ជួយ​លើក​គម្រោង​នេះ​ឡើង​មក​ និង​ទី​៣​ អ្នក​ពិនិត្យ និង​វាយ​តម្លៃ ផ្ទៀងផ្ទាត់​ និង​ផ្តល់​សុពលភាព​ ថា​តើ​កាបូន​ដែល​កម្ពុជា​​អាច​លក់​បាន​ ត្រូវ​តាម​​តម្រូវ​ការ​ស្តង់ដារ​របស់​អន្តរជាតិឬនៅ? ដូច្នេះ​ហើយ​ធាតុ​ផ្សំ​ទាំង ៣ នេះ ទើប​អាច​ឱ្យ​កម្ពុជា​អាច​ឈាន​ទៅ​ដល់​ការ​លក់ឥណទាន​កាបូនបាន​»។ លោក ជួប បារីស៍ ពន្យល់​បែប​នេះ​។

រដ្ឋលេខាធិការ​រូប​នេះ ក៏​បានលើកឧទាហរណ៍​ជាក់ស្តែង​ការលក់ឥណទាន​កាបូន​គម្រោង​រេដបូកកែវសីមា​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​កម្ពុជា​ជា​ម្ចាស់ ហើយ​អង្គការ ​WCS ជា​អ្នក​អនុវត្ត​នៅ​ខាង​ក្រោម​ និង​​អ្នក​ដែល​ផ្តល់​តម្លៃ​ឱ្យ​កាបូន​គឺក្រុមហ៊ុន​​វីរ៉ា។ ប្រសិន​បើ​ក្រុមហ៊ុន​ ​វីរ៉ា គណនា​មើល​ឃើញ​ថា​​កាបូន​មិន​ស្រប​តាម​ស្តង់​ដារ​ និង​ត្រូវ​តាម​លក្ខណៈ​អន្តរជាតិ​​ទេ ​ក៏​កម្ពុជា​មិន​អាច​លក់​កាបូន​នោះ​ចេញ​បាន​ដែរ​។

មន្រ្តីជំនាញ​បរិស្ថានរូបនេះ​ក៏​បានពន្យល់​បន្ថែម​​កុំ​ឲ្យ​យល់​ច្រឡំ​លើ​ដំណើរការ​​លក់ឥណទាន​​កាបូន​ មិន​មែន​បានន័យ​ថា​កម្ពុជា​លក់​ព្រៃ​ឈើ​នោះ​ទេ គឺ​កម្ពុជា​លក់​​មុខ​ងារ​ស្រូប​ឧស្ម័នកាបូនិច​ បាន​ន័យ​ថា​លក់​ឧស្ម័ន​កាបូនិច​ដែល​ព្រៃឈើ​បាន​ស្រូប​ចូល​​ ដូច្នេះ​​ប្រសិន​បើ​ស្រូប​បាន​ច្រើន កម្ពុជា​​ក៏​អាច​លក់​កាបូន​បានកាន់​ច្រើន ហេតុ​ដូច​នេះ​ហើយ​យើង​ត្រូវ​តែ​ថែរក្សា​​ការពារ​ព្រៃ​ឈើ​ឱ្យ​ខាន​តែ​បាន។

ព្រៃ​ឈើ​មាន​តួនាទី​ជា​អ្នក​ស្រូប​យក​នូវ​ឧស្ម័ន​កាបូនិច ហើយ​បញ្ចេញ​អុកស៊ីហ្សែន។ ការថែរក្សា​ទុក​ព្រៃ​ឈើ​កាន់​តែ​ច្រើន​ កម្ពុជា​ត្រូវ​ទទួល​បាន​ផល​ប្រយោជន៍ចំនួន​​ ២ ទី១ ព្រៃ​ឈើ​ ជា​អ្នក​​ផ្ទុក​កាបូន​ដោយ​ដើម​ឈើ​មួយ​ដើម​ស្ងួតមាន​ផ្ទុក​កាបូន ៥០​% ហើយ​ប្រសិន​បើ ១០០ ​គីឡូ​ឈើ​ស្ងួត មាន​កាបូន ៥០​ គីឡូ និង​ទី​២​ ព្រៃ​ឈើ​បាន​ស្រូប​ឧស្ម័នកាបូនិច​ពី​បរិយាកាស​​។

​ពាក់ព័ន្ធ​ដំណើរការ​លក់​ឥណទាន​កាបូន ក្នុង​សិក្ខាសាលា​អភិវឌ្ឍន៍​សមត្ថភាព​របស់អ្នក​សារព័ត៌មានពី​ការប្រែប្រួល​អាកាសធាតុ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ក៏​បានពន្យល់​ពី​ដំណើរការ​លក់​​ឥណទានកាបូន​គឺ​ការ​លក់មុខងារ​នៃ​គម្រប​ព្រៃឈើ ដែល​ព្រៃឈើ​មាន​មុខងារ​ស្រូប​យក​ឧស្ម័ន​កាបូនិក ​ជួយ​បន្សុទ្ធ​ខ្យល់​នៅក្នុង​​បរិយាកាស​។

បើតាមលោក ​ខ្វៃ អាទិត្យា ប្រទេស​ឧស្សាហកម្ម​ជា​អ្នក​បំភាយ​ឧស្ម័ន​កាបូនិក​​ចូល​បរិយាកាស ​ដែលនាំ​ឲ្យកើន​កម្តៅ​​ផែនដី​។ ដូច្នេះ​​ព្រៃឈើ​មាន​តួនាទី​សំខាន់ ស្រូប​កាបូន បន្សុទ្ធ​ទឹក រក្សា​ទឹក​ក្រោម​ដី​ជាដើម។

ប្រទេស​កម្ពុជា​បាន​អនុវត្ត​ដោយ​ជោគជ័យ​ ការ​លក់​ឥណទាន​កាបូន​នៅ​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ពីរ​ គឺនៅ​​ដែន​ជម្រក​សត្វព្រៃ​កែវសីមា និង​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ។ ការ​ធ្វើ​ពាណិជ្ជកម្ម​កាបូន​ ក្រៅ​ពី​ចូលរួម​គ្រប់គ្រង​ព្រៃឈើ​នៅ​តាម​តំបន់​ការពារ ក៏​បាន​ចូលរួម​​អភិវឌ្ឍ​ជីវភាព​របស់​ពលរដ្ឋ​ក្នុង​សហគមន៍ ដោយ​បង្កើត​មុខរបរ​ផ្សេង​ៗ​ក្រៅពី​ចូល​ព្រៃ​កាប់​ឈើ។

លោក ​ខ្វៃ អាទិត្យា បាន​ឲ្យ​ដឹងថា នៅ​ក្នុង​ឆ្នាំ ២០២៣ ប្រទេស​​កម្ពុជា​នឹង​ចាប់ផ្តើម​បន្ត​ដំណើរការ​លក់​ឥណទាន​កាបូន​ដោយ​ស្ម័គ្រចិត្ត​​ឡើង​វិញ​ ក្រោម​ការ​ត្រួត​ពិនិត្យ ​វាយ​តម្លៃ ផ្ទៀងផ្ទាត់ (Verified) ​ពី​អង្គការ វីរ៉ា ដែល​ថវិកា​ទទួល​បាន​ពី​គម្រោង​នេះ​ នឹងអាច​យកទៅ​​អភិវឌ្ឍ​ដល់សហគមន៍​ដែល​ចូលរួម​ថែរក្សា​ការពារធនធាន​ព្រៃឈើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម