Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

បានផុស

នៅ

សហរដ្ឋអាមេរិក បានប្រកាសជូនរង្វាន់ជាទឹកប្រាក់ចំនួន២០លានដុល្លារ ដល់អ្នកណាដែលផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនជនជាតិអ៊ីរ៉ង់ឈ្មោះ Shahram Poursafi ក្រោយទីក្រុងវ៉ាស៊ីនតោន ចោទរូបគាត់ថា រៀបផែនការធ្វើឃាតជំនួយការលោក ដូណាល់ ត្រាំ ឈ្មោះ John Bolton។

លោក Shahram Poursafi (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី២៧ខែកញ្ញាឆ្នាំ២០២៤, ក្នុងនាមជាសមាជិកឆ្មាំបដិវត្ដឥស្លាមអ៊ីរ៉ង់ លោក Poursafi មិនមែនរៀបគម្រោងធ្វើសកម្មភាពដោយផ្ទាល់ទេ ប៉ុន្តែគាត់បានជះលុយប្រមាណ ៣០ម៉ឺនដុល្លារ ដើម្បីជួលឃាតករនៅអាមេរិក ឲ្យទៅសម្លាប់លោក Bolton ដែលគេស្គាល់ថា ជាបុគ្គលនិយាយទិតៀនអ៊ីរ៉ង់ មិនសំចៃមាត់។

តាមការបញ្ជាក់ពីមន្ត្រីអាមេរិក, ចាប់ពីខែតុលាឆ្នាំ២០២១ដល់ខែមេសាឆ្នាំ២០២២ លោក Poursafi បានព្យាយាមជួលឃាតករនៅសហរដ្ឋអាមេរិក ឲ្យសម្លាប់លោក Bolton ក្នុងទីក្រុង Washington DC ឬរដ្ឋ Maryland ហើយបើគម្រោងនេះជោគជ័យ ឃាតករនឹងត្រូវជួលឲ្យទៅសម្លាប់មនុស្សម្នាក់ទៀត។

លោក John Bolton (រូបថត៖ Getty)

តាមរយៈផែនការនេះ អាមេរិកជឿថា វាគឺជាការសងសឹករបស់ទីក្រុងតេហេរ៉ង់ ទៅលើរង្វង់មន្ត្រីលោក ត្រាំ ដែលជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតមេទ័ពអ៊ីរ៉ង់ Qasem Soleimani កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២០។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានបដិសេធជាយូរមកហើយថា ខ្លួនមិនដែលរៀបគម្រោងសម្លាប់មន្ត្រីឬជ្រៀតជ្រែកក្នុងក្រុមរបស់លោក ត្រាំ ទេ ហើយក៏ទាត់ចោលការចោទប្រកាន់ទាំងឡាយផងដែរ។

ការប្រកាសផ្តល់រង្វាន់នេះកើតឡើង បន្ទាប់ពីយុទ្ធនាការរបស់លោក ត្រាំ និយាយកាលពីដើមសប្តាហ៍ថា ខ្លួនទទួលបានព័ត៌មានពីចារកម្មអាមេរិក អំពីផែនការអ៊ីរ៉ង់ សម្លាប់លោក ត្រាំ។ យ៉ាងណាក្តី ព័ត៌មាននេះមិនត្រូវបានអាមេរិក ទម្លាយឲ្យគេដឹងច្បាស់ជាងនេះឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់ បដិសេធការ​ជ្រៀតជ្រែកក្នុង​​ការបោះឆ្នោត​អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម