Connect with us

ព័ត៌មានជាតិ

ការដោះដូរទំនិញរវាងកម្ពុជា-អាស៊ានសម្រេចទឹកប្រាក់បានជាង១០ប៊ីលានដុល្លារក្នុង​រយៈពេល៨ខែនេះ

បានផុស

នៅ

ប្រទេសកម្ពុជាបានធ្វើការផ្លាស់ប្តូរទំនិញជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន​ផ្សេងទៀត សម្រេចបានទឹកប្រាក់សរុបចំនួន ១០,៤៩ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ១១,៨ ភាគរយពី ៩,៣៨ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃអង្គារបានឱ្យដឹងថា ការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ានមានចំនួន ១០,៤៩ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ១១,៨ ភាគរយពី ៩,៣៨ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ ៣,៤៣ ពាន់លានដុល្លារទៅកាន់ប្រទេសអាស៊ានផ្សេងទៀតក្នុងអំឡុងពេលពីខែមករាដល់ខែសីហាឆ្នាំនេះ កើនឡើង ១០ ភាគរយពី ៣,១១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

​ជាមួយគ្នានេះដែរ កម្ពុជាក៏បាននាំចូលពីប្រទេសជាសមាជិកអាស៊ាន មានតម្លៃ ៧,០៦ ពាន់លានដុល្លារ កើនឡើង ១២,៥ ភាគរយពី ៦,២៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

លោក ប៉ែន សុ​វិជាតិ រដ្ឋ​​លេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែងប្រាប់កាលពី​ថ្ងៃទី ​២៧ ខែកញ្ញាថា ការ​កើនឡើង​នៃ​ការដោះដូរ​ទំនិញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃតម្រូវការក្នុង ​​ក្នុង​តំបន់ និង​ពិភពលោក​។

​លោក​បាន​ថ្លែងថា​៖ «​​បើយើងងាកមកមើលអំពីកត្តាសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលហាក់មានសភាពប្រសើរជាងមុន ជាហេតុធ្វើអោយមានកំណើននៃតម្រូវការ​​​របស់​ប្រជាជន ខណៈដែល​ទីផ្សារ​អាស៊ាន​ភាគច្រើន​យើង​បំពេញ​គ្នា​ទៅវិញទៅមក​​»​។​

បើតាម​លោក សុ​វិជាតិ ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ភាគច្រើន​រវាង​កម្ពុជា និង​ប្រជាជាតិ​អាស៊ាន​ផ្សេងទៀត ភាគច្រើន​ជា​ផលិតផល​កសិកម្ម និង​សម្ភារ​កាត់ដេរ​មួយចំនួន​ស្របពេលដែល​ការនាំ​ចូល​ផលិត​ផល​កសិកម្ម​សម្រេច សម្ភារ​ម្ហូបអាហារ គ្រឿង​អេឡិចត្រូនិក និង​រថយន្ត​។​

បើ​យោងតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​កសិផល សម្លៀកបំពាក់ ស្បែក​​ជើង កាបូប គ្រឿង​អេ​ឡិច​​ត្រូ​និក និង​កង់ ទៅកាន់​ប្រទេស​អាស៊ាន ខណៈដែល​ការនាំ​​ចូល​មានដូចជា​ចំណីអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក សម្ភារ​សំ​​ណង់ គ្រឿងយន្ត​កសិកម្ម និង​យានជំនិះ​។

របាយការណ៍បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយអាស៊ានមានទំហំ ចំនួន២៨,៤​ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាដែលមានតម្លៃជិត៣៧​ ពាន់លានដុល្លារក្នុងរយៈពេល៨ខែដើមឆ្នាំនេះ។

​សម្រាប់ប្រទេសដៃគូពាណិជ្ជកម្មកំពូលទាំង៥របស់ប្រទេសក្នុងអាស៊ានរួមមាន វៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម