សន្តិសុខសង្គម
ម្ចាស់រៀបរាប់ពីហេតុការណ៍ឆេះឃ្លាំងស្តុកកង់ដែលសរុបជាទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លារ
ឃ្លាំងស្តុកកង់មួយកន្លែងនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ OCIC ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ជាច្រើនម៉ោងបណ្តាលអោយរងការខូចខាតទាំងស្រុងដែលគិតជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ។
បើតាមម្ចាស់ឃ្លាំងដែលជាអាជីវករលក់កង់នៅផ្សារអូឬស្សី បានអោយដឹងថា ករណីអគ្គិភ័យនេះបណ្តាលមកពីចរន្តអគ្គិសនីនៅកន្លែងដោតកង្ហារដែលកម្មករដេកយាមនៅផ្នែកខាងមុខ ហើយឆេះរាលដាលទៅគ្រែពូក និងកង់នៅក្នុងឃ្លាំងតែម្តង ខណៈពេលដែលកម្មករចាក់សោចេញទៅក្រៅ។
ម្ចាស់ឃ្លាំងបានអោយដឹងទៀតថា កង់ដែលត្រូវភ្លើងឆេះនោះ ជាកង់ជជុះ មានកង់កូនក្មេង និងកង់មនុស្សចាស់ដែលនាំចូលពីប្រទេសជប៉ុនដើម្បីលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត មិនមែនជាកង់អាគុយនោះទេ។ កង់ទាំងនោះបាននាំចូលតាំងពីកំឡុងឆ្នាំ២០២០ ដោយសារតែវិប្បត្តិកូវិដ១៩ និងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះលក់មិនសូវដាច់ចេះតែស្តុកក្នុងឃ្លាំងរហូតមក។ ម្ចាស់ឃ្លាំងបន្ថែមថា ឃ្លាំងដែលឆេះនេះបានកសាងនៅឆ្នាំ២០១៧អស់ប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ហើយកង់ប្រមាណ៤ពាន់គ្រឿងដែលរងការខូចខាតទៀតសរុបអស់ប្រមាណ២០ម៉ឺនដុល្លារ។
សូមបញ្ជាក់ផងដែរ កាលពីវេលាម៉ោងប្រមាណ ៥និង១០នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ មានគ្រោះអគ្គិភ័យឆេះឃ្លាំងមួយកន្លែងបង្កអោយមានការភ្ញាក់ផ្អើលនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ OCIC ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាប់ឆេះចេញពីក្នុងឃ្លាំងយ៉ាងសន្ធោសន្ធៅផ្សែងហុយទៅលើអាកាសបង្កឲ្យមានការភ្ញាក់ផ្អើលស្ទើរមួយចំហៀងក្រុង។ ភ្លាមៗអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ដោយសារតែឃ្លាំងបិតជិតដោយជញ្ជាំងសង្ក័សី និងទ្វាររ៉ូតហើយភ្លើងបានឆេះពេញបន្ទុករថយន្តមិនអាចទប់ស្កាត់បានទាន់ពេល។ នៅក្នុងការណ៍នោះសមត្ថកិច្ចបានប្រើគ្រឿងចក្រកាយទំលុះឃ្លាំងដើម្បីបាញ់ពន្លត់ទើបរលត់។
តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យបានទៅអន្តរាគមន៍ចំនួន២៦គ្រឿង ក្នុងនោះរថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគបាលរាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ,រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ០៧គ្រឿង រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០២គ្រឿង រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងអូឡាំព្យា ចំនួន ០១គ្រឿង, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៧និង១០នាទិយប់ថ្ងៃដដែល។
តាមនគរបាលអោយដឹងទៀតថា អគ្គិភ័យនេះបានបំផ្លាញឃ្លាំងធ្វើពីដែកប្រក់សង្ក័សី ទំហំ ១០ម៉ែត្រ X ៤០ម៉ែត្រ រួមទាំងកង់ចំនួន ៤០០០គ្រឿងអស់ទាំងស្រុង៕
អត្ថបទ៖ សុភា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ