Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ពិនិត្យស្ថានភាព​ទឹកជំនន់ទន្លេមេគង្គ នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ឆ្នាំ ២០២៤ លោក អ៊ុន ចាន់ អភិបាល​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត អម​ដំណើរ​ដោយ លោក​អភិបាល​រង​ខេត្ត និង​សហការី​ជាច្រើន​នាក់ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទន្លេ​មេគង្គ និង​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់សៀម និង​ស្រុក​ស្ទឹងត្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៩ កញ្ញា ទឹកទន្លេ​មេគង្គ បាន​ស្រក ០,៤០ ម៉ែត្រ ស្ថិត​នៅ​កម្ពស់ ១៣,៨៨ ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ម្សិលម្ង៉ៃ។ ទោះ​យ៉ាងណា កម្ពស់​ទឹកជំនន់ នា​ឆ្នាំនេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​បាក់​ច្រាំងទន្លេ ប្រវែង ១០.៤៤៧ ម៉ែត្រ ក្នុងស្រុក ចំនួន ៥ នៃ​ខេត្ត​កំពង់ចាម លិច​ផ្លូវថ្នល់ ប្រវែង ៣៧.៣២៣ ម៉ែត្រ ក្នុង​នោះ ផ្លូវ​ដី​ប្រវែង ២២.៤៨៩ ម៉ែត្រ បេតុង​ប្រវែង ១៤.៣២០ ម៉ែត្រ ផ្លូវ​កៅស៊ូ ២៦០ ម៉ែត្រ។ លិច​ស្ពាន ០២ កន្លែង សាលារៀន ១៣ កន្លែង វត្ត​អារាម ០៧ វត្ត ផ្ទះសម្បែង ២៦ ខ្នង។ ប៉ះពាល់​ផល​ដំណាំ​ស្រូវ ២.៩២៥,៩០ ហិតា ពោត ចំនួន ២៣៨,៤០ ហិតា ដំណាំ​ផ្សេងៗ សរុប​ចំនួន ៥២៧,០៩ ហិតា។ ករណី​លង់ទឹក​មាន ០៣ ករណី ស្លាប់​មនុស្ស ០៣ នាក់។ ដោយឡែក ក្នុងចំណោម​ឃុំ​ទាំង ០៩ របស់​ស្រុក​កំពង់សៀម មាន​ឃុំ​លិចលង់​ទឹក ចំនួន ០៧ ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ៦៥២ គ្រួសារ ខូចខាត​ដំណាំ​ពោត ៣៧២ ហិតា ស្រូវ ២.០៩៥ ហិតា ដំណាំ​រួមផ្សំ ០៦ ហិតា ផ្លូវ​បេតុង ១២ ម៉ែត្រ បាក់​ស្រុត​ច្រាំង​ប្រវែង ៥.៩៩៤ ម៉ែត្រ និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។ ចំពោះ ស្រុក​ស្ទឹងត្រង់ វិញ មាន​ឃុំ​ចំនួន ០៧ ក្នុងចំណោម​ឃុំ​ទាំង ១២ ទទួលរង​ផល​ប៉ះពាល់​ទឹកជំនន់ ដែល​មាន​ប្រជាពលរដ្ឋ ចំនួន ២.៧៩៣ គ្រួសារ ប៉ះពាល់​វិស័យ​កសិកម្ម ចំនួន ៦៥៩,៦៣ ហិតា និង​ដំណាំ​រួមផ្សំ​ផ្សេងៗ ទៀត ចំនួន ៥៣,៥០ ហិតា ផង​ដែរ។

នា​ឱកាស​នោះ លោក អ៊ុន ចាន់ដា បាន​មាន​ប្រសាសន៍​ថា នា​ប៉ុន្មាន​ថ្ងៃនេះ ទឹកជំនន់​ទន្លេ​មេគង្គ បាន​ហក់​ឡើង​កម្ពស់ ១៤.៣០ ម៉ែត្រ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ស្រុក នៃ​ខេត្ត​កំពង់ចាម ចំនួន ៥ នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ គឺ ៖ ស្រុក​ស្ទឹងត្រង់ កំពង់សៀម កងមាស កោះសូទិន និង​ស្រុក​ស្រី​សន្ធរ។

ទោះ​មក​ដល់​ពេលនេះ​ស្ថានភាព​ទឹក​បាន​ស្រក​បន្តិច​ហើយ​ក្ដី លោក​អភិបាល​ខេត្ត បាន​ដាក់​វិធានការ​ដល់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​បន្ត​ការ​យកចិត្តទុកដាក់​ខ្ពស់ ៖ ទី​១.​តាមដាន​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់។ ទី​២.​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​សិក្សា​លម្អិត​ទៅ​លើ​ផល​ប៉ះពាល់ និង​ទំហំ នៃ​ការ​ខូចខាត​នានា ដើម្បី រាយការណ៍​ជូន​ថ្នាក់ដឹកនាំ។ និង​ទី​៣.​ត្រូវ​ធ្វើ​របាយការណ៍ នៃ​ទំហំ​ខូចខាត​នៅ​តាម​បណ្ដា​ស្រុក ដែល​ទទួល​រង​ផល​ប៉ះពាល់ ឲ្យ​បាន​លឿន​បំផុត ដើម្បី​ស្នើសុំ​ជួយ​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ក្រសួងមហាផ្ទៃ ផង​ដែរ។

សូម​ជម្រាប​ដែរ​ថា នា​ឱកាស​ដែល លោក​អភិបាល​ខេត្ត​កំពង់ចាម និង​សហការី អម​ដំណើរ ចុះ​បំពេញ​បេសកកម្ម​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ទាំង ២ ខាងលើ​នេះ​ដែរ ថ្នាក់ដឹកនាំ​ខេត្ត ក៏បាន​អញ្ជើញ​ជួប និង​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ចែក​ជូន​ពលរដ្ឋ ១ គ្រួសារ រស់នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម ដែល​ទទួលរង​គ្រោះ ដោយសារ​ទឹក​ហូរ បណ្ដាល​ឲ្យ​រលើង​ផ្ទះ​ហូរ​តាម​ទឹក។

ជាមួយ​នោះ លោក អ៊ុន ចាន់ដា ក៏​បន្ត​ដំណើរ​ចុះ​ពិនិត្យ​ដំណាំ​រួមផ្សំ​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ការ​លិចលង់​ស្ថិតនៅ​ភូមិ​ត្នោត​ទន្សាយ និង​អញ្ជើញ​សំណេះសំណាល ចែក​អំណោយ​កាកបាទ​ក្រហម​ជូន​ប្រជាពលរដ្ឋ ចំនួន ០៦ គ្រួសារ ដែល​ទទួលរង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ស្ថិតនៅ​អូរ​ប្រាំ នៃ​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់។

ដោយឡែក​ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ លោក​អភិបាល​ខេត្ត និង​សហការី អម​ដំណើរ ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​សង្កែ និង​បន្ត​ដំណើរ​ពិនិត្យមើល​ស្រូវ​លិច​ទឹក ស្ថិតនៅ​ភូមិ​ដី​លើ ក្នុង​ឃុំ​ពាម​កោះ​ស្នា នៃ​ស្រុក​ស្ទឹងត្រង់ ផង​ដែរ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម