Connect with us

សេដ្ឋកិច្ច

សមាគមបារម្ភពីលទ្ធភាពកែច្នៃស្វាយចន្ទី ផ្គត់ផ្គង់ទៅទីផ្សារចិន

បានផុស

នៅ

សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញការព្រួយបារម្ភជុំវិញលទ្ធភាពកែច្នៃស្វាយ​ចន្ទី ដើម្បីផ្គត់​ផ្គង់​ទៅទីផ្សារ​ចិន បន្ទាប់ពីបានចុះអនុស្សារណៈយោគយល់ជាមួយភាគីចិន កាលពីពេលថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា សមាគម​​បារម្ភរឿងពីរយ៉ាងទី១ កង្វះទុនបង្វិលធ្វើឱ្យកម្ពុជាមិន​មានលទ្ធភាព​កែច្នៃ​​ផ្គត់ផ្គង់​ទំនិញឱ្យភាគីចិន បានគ្រប់តម្រូវការនាំចេញ។

ទី២ កម្ពុជាមិនទាន់អាចគ្រប់គ្រងស្វាយចន្ទីដែលមិនទាន់កែច្នៃ ក្រោយការប្រមូលផល​ប្រកបដោយ​គុណ​ភាព។ ត្រង់ចំណុចនេះ លោក អួន ស៊ីឡុត បានណែនាំថា កសិករខ្លួនឯងត្រូវតែ​ដឹងពីតម្រូវ​ការទីផ្សារពិភពលោក និងព្យាយាមបង្កើតហេដ្ឋារចនាសម្ព័ន្ធក្រោយ​ការប្រមូលផល ដូចជាឃ្លាំងស្តុក ទីលានហាល ជាដើម។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជា​សម្រេច​បាន​ប្រមា​ណ​ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញ​ទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹក​ប្រាក់​ប្រមា​ណ​ ១ ពាន់ ២ រយលានដុល្លារ។

កាលពីថ្ងៃទី ២៦ ខែកញ្ញា សប្ដាហ៍មុន សមាគមស្វាយចន្ទីកម្ពុជា បានចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋបាល​គយចិន នៅខេត្តគ័ងហ្ស៊ី ទីក្រុងណាននីង ប្រទេសចិន ដើម្បីសម្រួលការនាំចូលផលិតផលកសិកម្មមួយចំនួនចូលក្នុងខេត្តគ័ងស៊ីដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។

កន្លងមកការនាំចូលកសិផល​ស្រស់ពី​ប្រទេស​កម្ពុជា ចាំបាច់ត្រូវមានការអនុញ្ញាតឱ្យមាន​ការត្រួត​ពិនិត្យ​ពីរដ្ឋបាលគយ​ចិនទើបអាច​នាំចូលបាន។

ស្មារតីអនុស្សារណៈនេះគឺដើម្បីកាត់បន្ថយរបាំងមួយចំនួនដែលនាំឱ្យរាំងស្ទះដល់ដំណើរការនាំចូលកសិផល ចូលក្នុងខេត្តគ័ងហ្ស៊ីដែលមានប្រជាជនជាង៥០លាននាក់។

សូមជំរាបផងដែរថា ក្រៅពីសមាគមស្វាយចន្ទី ក៏មាន សមាគមចំនួន​២ ទៀតដែរគឺ សមាគមត្រ​ចៀក​​កាំខ្មែរ និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ក៏​បានចុះអនុស្សារណៈ​យោគយល់ជា​មួយ​រដ្ឋបាល​​គយចិន នៅខេត្តគ័ងហ្ស៊ី ទីក្រុង ណាននីង ប្រទេសចិន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម