Connect with us

ចរាចរណ៍

បញ្ហាចរាចរណ៍នៅកម្ពុជា នៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភនិងយកចិត្តទុដាក់ជាអាទិភាព

បានផុស

នៅ

ដោយ បណ្ឌិត ឈត ប៊ុនថង

ភ្នំពេញ ៖ យោងតាមរបាយការណ៍មួយដែលបង្ហាញក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ក្រោមអធិបតីភាពរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍​កើតឡើងចំនួន ១,៥២០ លើក បង្កឱ្យមានអ្នកស្លាប់ចំនួន ៧៩៣នាក់ និងអ្នករបួសចំនួន ២,០៧២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលនេះក៏បានបញ្ជាក់ដែរថា «ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទាំង១,៥២០លើក ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ៧៩៣នាក់នោះ គឺមានចំនួនកើនឡើង ៣៧នាក់ ស្មើនឹង ៥ភាគរយ ហើយចំនួនអ្នករបួសដែលមាន ២,០៧២នាក់នោះ គឺកើនឡើង ៤៤នាក់ ស្មើនឹង២ភាគរយ ដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់គ្រួសារ បងប្អូន និងរាជរដ្ឋាភិបាល‌‌‍»។

តួលេខនៃអ្នកស្លាប់ និងអ្នករងរបួសនេះ បានបង្ហាញឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោកទូទាំងប្រទេស​នៅតែបន្តកើនឡើងគួរឱ្យព្រួយបារម្ភ និងត្រូវតែ​យកចិត្ត​ទុកដាក់ជាអាទិភាព។ មានការលើកឡើងផ្សេងៗគ្នាអំពីមូលហេតុដែលនាំឱ្យមានការកើនឡើងនូវ​គ្រោះ​ថ្នាក់ចរាចរណ៍នេះ ដូចជា កត្តាមនុស្ស យានយន្ត និងបរិស្ថានផ្លូវថ្នល់ ជាដើម។

បណ្ឌិត ឈត ប៊ុនថង

កត្តាមនុស្ស មានដូចជា អ្នកបើកបរមិនទាន់គ្រប់អាយុ បើកបរក្រោមឥទ្ធិពលនៃ​គ្រឿងស្រវឹង គ្រឿងញៀន។ ការបើកបរដោយលើសល្បឿនកំណត់ វ៉ាជែងខុសរបៀប បើកបរដោយភាព​ព្រហើន ការប្រហែស ការប្រមាថ ចង់យកដងផ្លូវធ្វើជាទីប្រណាំងរថយន្ត ចង់ចាញ់ឈ្នះលើ​ដងផ្លូវសាធារណៈ ជាដើម។

កត្តាយានយន្ត សំដៅដល់ រថយន្តដែលមិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ដែល​អាច​ធ្វើចរាចរណ៍នៅលើដងផ្លូវដោយសុវត្ថិភាពបាន ដូចជា ហ្វ្រាំងមិនស៊ី ស៊ីផ្លេខូច ខូចភ្លើង​សំខាន់ៗ កង់ចាស់ពេក ជាដើម។

កត្តាបរិស្ថានដងផ្លូវ អាចសំដៅដល់ការគ្មានផ្លាកសញ្ញា ភ្លើងសញ្ញា និងគំនូសសញ្ញាចរាចរណ៍គ្រប់គ្រាន់ ផ្លូវបត់បែនខ្លាំងពេក ផ្លូវឡើង ឬចុះចំណោត ផ្លូវតូចចង្អៀត ផ្លូវរអិល ផ្លូវមានសត្វឆ្លងកាត់ ផ្លូវមមាញឹក ជាដើម។

ក្រៅពីនេះ ក៏នៅមានកត្តារួមផ្សំផ្សេងទៀតដែលត្រូវយកចិត្តទុកដាក់ដែរ ដូចជា កំណើន ចំនួន​យានយន្តធ្វើចរាចរណ៍លើដងផ្លូវ ចន្លោះ​ប្រហោងក្នុងការសម្របសម្រួលចរាចរណ៍របស់នគរបាលចរាចរណ៍នៅតាមដងផ្លូវ ជាពិសេស តាមដងផ្លូវដែលមានចរាចរណ៍មមាញឹក ឬពេលពិធីបុណ្យធំៗម្ដងៗ ដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យចូលឆ្នាំថ្មី ជាដើម។ ចំណែកឯច្បាប់ចរាចរណ៍វិញ ក៏នៅតែមិនទាន់អាច​គ្រប់ដណ្ដប់លើបទល្មើសចរាចរណ៍បានទាំងស្រុងនៅឡើយ​ ដែលរដ្ឋាភិបាលបច្ចុប្បន្ន​កំពុងធ្វើ​វិសោធនកម្មជាបន្តបន្ទាប់ ហើយការអនុវត្តច្បាប់នេះនៅក្នុងករណីខ្លះ ក៏ខ្វះសមភាព​ និងសមធម៌ នៅមានការប្រើខ្នងបង្អែកសម្រាប់ដោះស្រាយបញ្ហាចរាចរណ៍ និងនៅមានអំពើពុករលួយក្នុងការផាកពិន័យ ព្រមទាំងការគ្រប់គ្រង​សាលាបើកបរ ការប្រLgយកបណ្ណបើកបរ និងការផ្ដល់បណ្ណ​បើកបរ​អាចនៅមានភាពមិនប្រក្រតី ជាដើម។

កត្តាទាំងអស់ដូចបានរៀបរាប់ខាងលើនេះហើយ ដែលធ្វើឱ្យ​ចំនួនគ្រោះថ្នាក់​ចរាចរណ៍ ចំនួនអ្នករងរបួស និងអ្នកស្លាប់នៅតែបន្តកើនឡើង បើទោះបីជាឆ្នាំខ្លះមានការថយចុះខ្លះក៏ដោយ ក៏វាថយចុះតែបន្តិចបន្តួចប៉ុណ្ណោះ។

ចំនួនអ្នកស្លាប់ និងអ្នករងរបួសនៅក្នុងវិស័យ​ចរាចរណ៍ក្នុងមួយឆ្នាំៗ មានទំហំធំជាងចំនួនអ្នកឆ្លងមេរោគ និងអ្នកស្លាប់ដោយជំងឺ​ឆ្លងសកល​កូវីដ​១៩ នៅឆ្នាំ២០២០ ឬ២០២១ទៅទៀត ដែលពេលនោះ កម្ពុជាបានប្រកាសអាសន្ន និងបានបិទប្រទេសទាំងមូល ព្រម​ទាំងបាន​ប្រើកម្លាំងសរុប និងកញ្ចប់ប្រាក់ពិសេស​ដើម្បីទប់ទល់និងដោះស្រាយជំងឺ​ឆ្លង​ដ៏កាចសាហានោះ។

ខ្ញុំគិតថា បើយោងទៅលើស្ថានភាពនេះ កម្ពុជាក៏គួរប្រើកម្លាំងសរុប និងយុទ្ធនាការពិសេស​ដើម្បីទប់ទល់និងដោះស្រាយ​បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះឱ្យបានទាន់ពេលវេលា​ដែរ។ បើមិនដូច្នោះទេ បញ្ហានេះនៅតែមិនអាចដោះស្រាយបានទាន់ពេលឡើយ ដែលវានៅតែបន្តធ្វើឱ្យបាត់បង់ធនធានមនុស្ស ដែលធ្វើឱ្យអ្នករងគ្រោះក្លាយជាមនុស្សមានពិការភាពឬស្លាប់បាត់បង់ជីវិត ហិនហោចទ្រព្យសម្បត្តិរដ្ឋ និងឯកជន បែកបាក់គ្រួសារ ធ្វើឱ្យបាត់បង់ជនបង្គោលក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ហើយជាយថាហេតុអាចនាំទៅដល់ភាពក្រីក្រ ការធ្លាក់ចុះចំនួនទេសចរ និងសេដ្ឋកិច្ចថយចុះ ជាដើម។

ដើម្បី​ដោះស្រាយ​បញ្ហាគ្រោះថ្នាក់ចរាចរណ៍ឱ្យល្អជាងសព្វថ្ងៃនេះ គឺត្រូវតែផ្ដើមចេញពីការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយ​ ដោយស្វែងរកឱ្យឃើញស្ថានភាពពិត មូលហេតុអ្វីខ្លះដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៍​កើនឡើង ពិនិត្យមើលខ្លឹមសារនៃ​ច្បាប់ចររាចរណ៍ដែលកំពុងមានជាធរមានថាតើវាសមស្របដែរឬទេ ការផ្សព្វផ្សាយ ការអប់រំ និងការអនុវត្តច្បាប់ចរាចរណ៍កន្លងមកបានល្អហើយឬនៅ ផ្នត់គំនិតនិងឥរិយាបថរបស់អ្នកបើកបរ ក៏ដូចជា បុគ្គលភាព សីលធម៌ គុណធម៌ សមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់នៅលើដងផ្លូវនិង​ប្រតិបត្តិការរបស់ពួកគេយ៉ាងម៉េចដែរ។

ក្រៅពីនេះ ត្រូវពិនិត្យឡើងវិញដើម្បីបំពេញបន្ថែម ឬកែលម្អនូវផ្លាកសញ្ញា ភ្លើងសញ្ញា និងគំនូសសញ្ញាចរាចរណ៍ឱ្យកាន់តែល្អប្រសើរជាងសព្វថ្ងៃ។ រឹតបន្តឹងការការគ្រប់គ្រង​សាលាបើកបរ ការប្រលងយកបណ្ណបើកបរ និងការផ្ដល់បណ្ណ​បើកបរ។ លើសពីនេះ ត្រូវលុបបំបាត់ឱ្យអស់នូវការប្រើខ្នងបង្អែក និងអំពើពុករលួយដើម្បីដោះស្រាយបទល្មើសចរាចរណ៍ ព្រមទាំងង្កើនការជួយសម្របសម្រួលចរាចរណ៍ ការបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ការអប់រំនិងការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍និងសីលធម៌ក្នុងការបើកបរឱ្យបានច្រើននិងគ្រប់មធ្យោបាយតាមដែលអាចធ្វើទៅបាន ជាជាងផ្ដោតខ្លាំងពេកតែទៅលើការទោសទណ្ឌ ការផាកពិន័យ ឬការពួនស្ទាក់ចាំថតល្បឿន ឬចាំចាប់អ្នកបើកបរទាំងឡាយណាដែលមានកំហុសបន្តិចបន្តួច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម