Connect with us

ព័ត៌មានជាតិ

បញ្ហាតម្លៃម្ហូបអាហារនៅកែប៖ អភិបាលខេត្តថាធ្លាប់ណែនាំកុំឱ្យលក់ថ្លៃ តែមួយក្ដាប់តូចមិនស្ដាប់នៅតែលួចលក់ថ្លៃ

បានផុស

នៅ

បន្ទាប់ពីខេត្តកែបកំពុងតែល្បីព្រោះរឿងអាស្រូវតម្លៃបាយឆា និងម្ហូបអាហារថ្លៃ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ចេញមុខអះអាងថា ជារឿយៗអាជ្ញាធរ តែងតែហៅអាជីវករមកណែនាំកុំឱ្យលក់ម្ហូបអាហារថ្លៃ ក៏ប៉ុន្តែអាជីវករមួយក្ដាប់តូចនៅតែរឹងរូស មិនស្ដាប់ លួចលក់ថ្លៃ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់អាជីវករត្រឹមត្រូវដែលលក់ក្នុងតម្លៃសមរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសំណេរលើទំព័រហ្វេសប៊ុក លោក សោម ពិសិដ្ឋ សរសេរអះអាងដូច្នេះ៖«ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ ខ្ញុំ​បាន​ឃើញ​បងប្អូន​មាន​លេីកឡេីងជាមតិយោបល់​ ជជែក​វែកញែក​អំពី​រឿងថ្លៃ​ម្ហូបអាហារ​នៅខេត្ត​កែប​ ។ ជាក់ស្ដែង​ខ្ញុំ​សូមជម្រាបជូន​បងប្អូនប្រជាពលរដ្ឋ​ និង​សាធារណជន​ជ្រាប​ថា​ កន្លងមក​ខ្ញុំ​ក៏ដូចជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ បាន​ធ្វើ​ការ​ណែនាំ​ជាប្រចាំ​ដល់​បងប្អូន​អាជីវករ​អំពី​បញ្ហា​នេះ​ ប៉ុន្តែ​មាន​អាជីវករ​មួយចំនួន​តូច​ បាន​ឆ្លៀតឱកាស​លក់​តម្លើង​ថ្លៃ​ ហេីយធ្វើឲ្យ​ប៉ះពាល់​ដល់​អាជីវករ​មួយចំនួន​ធំ​ ដែលបានគោរព​ និង​អនុវត្ត​តាមការ​ណែនាំ​របស់​អាជ្ញាធរ​។»

ក្រៅពីនេះ លោក សោម ពិសិដ្ឋ ក៏បាន ណែនាំ​អាជីវករ​ ដែលលក់ដូរ​ម្ហូបអាហារ​នៅតាម​បណ្ដោយឆ្នេរ​ក្នុង​ភូមិសាស្ត្រ​ក្រុងកែប​ ត្រូវលក់ដូរម្ហូបអាហារ​ ដែលមានគុណភាព អនាម័យ និងតម្លៃសមរម្យ ដោយមិនត្រូវឆ្លៀតឱកាសតម្លេីងថ្លៃឡើយ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិផ្សេងៗ។ លោកអភិបាលខេត្ត តម្រូវអាជីវករមានបញ្ជីរាយមុខម្ហូប និងវិក្កយបត្រ ឈ្មោះ​ហាង​ លេខទូរសព្ទទំនាក់ទំនងឲ្យបានត្រឹមត្រូវ

ហាមបក់ដៃហៅភ្ញៀវ ក្រាលកន្ទេល តុ កៅអី និងការតាំងអាហារ និងលក់សម្ភារៈផ្សេងៗតាមផ្លូវសាធារណៈ,ត្រូវមានសុជីវធម៌ល្អ ជាមួយភ្ញៀវ  និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច​ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថានឲ្យបានស្អាតជាប្រចាំ។ ទាំងនេះជាចំណុចដែលលោក អភិបាលខេត្តណែនាំដល់អាជីវករ បន្ទាប់ពីខេត្តដែលតូចជាងគេនៅកម្ពុជាមួយនេះ តែងតែមានបញ្ហារកាំរកូសកើតឡើងរវាងអាជីវករ និងភ្ញៀវទេសចរ លើបញ្ហាតម្លៃម្ហូបអាហារថ្លៃ យកថ្លៃកន្លែងអង្គុយតាមទីសាធារណៈ និងបញ្ហាជម្លោះរវាងអាជីវករ និងភ្ញៀវ។

​លោកអភិបាលខេត្ត ក៏ស្នើអាជីវករបន្ត​ចូលរួម​ សហការ​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ភាតរភាព​ខ្មែរ​និងខ្មែរ​ ដេីម្បី​មុខមាត់​ និង​កិត្តិយស​របស់ខេត្ត​ ពិសេស​​លេីកស្ទួយ​វិស័យទេសចរណ៍​ក្នុងខេត្ត​ សំដៅ​ស្រូបទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ ឲ្យ​ចូល​មក​សម្រាក​លម្ហែ​កម្សាន្ត​​ និង​​លេីកកម្ពស់​ជីវភាព​របស់​​ប្រជាពលរដ្ឋ​ក្នុងខេត្ត​ ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម