ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃដ៏សាហាវកំពុងបំផ្លាញជីវៈចម្រុះនៅជិតឆ្នេរនៅភាគខាងត្បូងក្រិក
មនុស្ស២នាក់បានស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏ធំមួយជិតរមណីយដ្ឋានមាត់សមុទ្រមួយនៅភាគខាងត្បូងនៃប្រទេសក្រិក ដែលជាហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣០ខែកញ្ញានេះ។
ក្រុមពន្លត់អគ្គីភ័យ បានឲ្យដឹងថា អ្នកពន្លត់អគ្គីភ័យប្រហែល៣៥០នាក់ និងយន្តហោះទម្លាក់ទឹកចំនួន១៨បានគ្រប់គ្រងការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅជិត Xylokastro ក្នុងតំបន់ Peloponnese នៅព្រឹកថ្ងៃចន្ទនេះ។ ជាមួយគ្នានេះមនុស្សរាប់សិបនាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញពេញមួយយប់ ជាការប្រុងប្រយ័ត្ន បន្ទាប់ពីភ្លើងបានចាប់ផ្តើមរាលដាលកាលពីថ្ងៃអាទិត្យ។ ទោះបីជាភ្លើង បានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅតំបន់នោះក៏ដោយ ប៉ុន្តែផ្នែកខាងមុខធំត្រូវបានពន្លត់អស់ហើយ។
យោងតាមអាជ្ញាធរ បុរសពីរនាក់ដែលបានស្លាប់ជាអ្នកស្រុកដែលបានបាត់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យ។ គ្មានអ្នកណាផ្សេងត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនទេ រួមទាំងមិនមានរបាយការណ៍ភ្លាមៗអំពីផ្ទះដែលត្រូវបានឆេះនៅក្នុងតំបន់រងគ្រោះ ដែលស្ថិតនៅចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី Athens ប្រទេសក្រិកផងដែរ។
លើសពីនេះ ក៏មានភ្លើងឆេះព្រៃមួយផ្សេងទៀតនៅជិត ក្រុង Andravida ក៏ត្រូវបានគ្រប់គ្រងបានផងដែរ ប៉ុន្តែអ្នកពន្លត់អគ្គីភ័យនៅតែបន្តប្រកាសអាសន្ននៅក្នុងតំបន់នេះចំពោះការឆាបឆេះ។
ប្រទេសក្រិក ក៏ដូចជាបណ្តាប្រទេសនៅអឺរ៉ុបភាគខាងត្បូងផ្សេងទៀត កំពុងតែញាំញីដោយភ្លើងឆេះព្រៃដែលបំផ្លិចបំផ្លាញរៀងរាល់រដូវក្តៅ និងកើនឡើងដោយសារតែការឡើងកំដៅផែនដីកាន់តែខ្លាំង។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អាជ្ញាធរក្រិកបានទប់ទល់នឹងភ្លើងឆេះព្រៃជាង ៤៥០០កន្លែងនៅតំបន់ជនបទដែលរងគ្រោះរាំងស្ងួតអូសបន្លាយ និងរលកកំដៅនៅដើមរដូវក្តៅ ដែលត្រូវបានចាត់ទុកថាជារដូវដែលមានភ្លើងឆេះដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេលពីរទសវត្សរ៍នេះ។
កាលពីខែខែសីហា ភ្លើងឆេះព្រៃដ៏កាចសាហាវមួយបានលេបត្របាក់ភ្នំភាគខាងជើងនៃទីក្រុង Athens ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង និងបានសម្លាប់មនុស្សម្នាក់ ខណៈដែលរដូវក្តៅនេះភ្លើងឆេះព្រៃបានដុតបំផ្លាញផ្ទៃដីមានទំហំប្រហែល ២៥ភាគរយជាមធ្យមរាល់ឆ្នាំក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ