Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ អំពាវនាវពលរដ្ឋខ្មែរ ទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនចុះបញ្ជិកាជាមួយក្រសួង

បានផុស

នៅ

នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​បំណង​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​ប្រទេស​ថៃ សូម​ទៅ​ធ្វើ​ការងារ​ដោយ​ស្របច្បាប់​តាមរយៈ​ភ្នាក់ងារ​ជ្រើស​រើស​ពលករ​ឯកជន​ដែល​បាន​ចុះ​បញ្ជិកា​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដោយ​ស្រប​ច្បាប់។

លោក​រដ្ឋលេខាធិការ ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជៀសវាង​ការ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់​តាមរយៈ​មេខ្យល់​ដែល​គ្មាន​ច្បាប់​គាំពារ​ត្រឹមត្រូវ នាំ​ឲ្យ​បាត់បង់​អត្ថប្រយោជន៍ ឬ​មាន​ការ​រំលោភបំពាន​ផ្លូវច្បាប់ ជាពិសេស​នោះ​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​បរទេស​ទៀត​ផង។

ទន្ទឹម​នេះ លោក​រដ្ឋលេខាធិការ ស្នើ​ឲ្យ​ពលរដ្ឋ​ឈប់​ជាបន្ទាន់​ក្នុង​ការ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់។ ករណី​មាន​ការ​បបួល ឬ​លួងលោម​ពី​សំណាក់​មេខ្យល់​ដើម្បី​ចេញទៅ​ធ្វើការ​ដោយ​ខុសច្បាប់ សូម​រាយការណ៍​ជូន​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​មាន​វិធានការ​ច្បាប់​ចំពោះ​ជនល្មើស​ទាំងនោះ។

លោក​រដ្ឋលេខាធិការ បាន​សង្កត់ធ្ងន់​ថា បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​កម្ពុជា​មាន​តែ​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ដែល​បាន​ចុះ​បញ្ជិកា​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​សិទ្ធិ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្របច្បាប់​បាន ក្រៅពីនោះ​គឺជា​ការ​បញ្ជូន​ពលករ​ដោយ​ខុសច្បាប់។ ទន្ទឹម​នេះ អាជ្ញាធរ​ក៏​ព្រមាន​ពី​វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​ប្រសិនបើ​រក​ឃើញ​ថា មាន​បុគ្គល ឬ​ទីភ្នាក់ងារ​ណាមួយ​ដែល​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់។

លោក​រដ្ឋលេខាធិការ បន្ថែម​ថា ជុំវិញ​ព័ត៌មាន​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្របច្បាប់ ពលរដ្ឋ​អាច​ទាក់ទង​ផ្ទាល់​មក​ក្រសួង ឬ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រាជធានី ខេត្ត ឬ ទូរ​សព្ទ​មក​លេខ ១២៩៧ ឬ ១២៨៦។

លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បាន​គាំទ្រ​ទៅដល់​ការ​អំពាវនាវ​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ ក្នុង​នោះ លោក​បណ្ឌិត ក៏បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​បំណង​ចង់​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ត្រូវ​មាន​ការ​ស្វែង​យល់​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​ដែល​បញ្ជូន​នោះ ជៀសវាង​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់។

លោក​បណ្ឌិត យង់ ពៅ បាន​គូស​បញ្ជាក់​បន្ថែម​ថា «​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ត្រូវ​ជៀសវាង​ឲ្យ​ផុត​ពី​ការ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​តាមរយៈ​មេខ្យល់ ព្រោះ​វា​ជា​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់។ កាលណា​យើង​ទៅ​តាមរយៈ​មេខ្យល់​នោះ យើង​នឹង​មាន​បញ្ហា​ហើយ ដូច​ជា ការ​រំលោភបំពាន​កម្លាំង​ពលកម្ម ការ​រំលោភ​សិទ្ធិ និង​អំពើ​ខុសច្បាប់​ផ្សេងៗ ទៀត​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត​រូប​នេះ បន្ថែម​ថា ការ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​តាមរយៈ​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជិកា​ជាមួយ​រដ្ឋាភិបាល ដែល​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពលករ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា ប្រាក់បៀវត្សរ៍​ល្អ ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ​ពី​និយោជក​បរទេស និង​ទទួល​បាន​ចំណេះ​ជំនាញ​ត្រឹមត្រូវ​នៅ​ពេល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​អស់​អាណត្តិ។

លោក​បណ្ឌិត យង់ ពៅ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​យន្តការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ជា​និច្ចកាល​តែងតែ​បាន​អំពាវនាវ និង​ដាក់​ចេញ​នូវ​វិធានការ​ថ្មីៗ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់។ ជាង​នេះ​ទៅ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ការងារ តែងតែ​ស្វែងរក​ដៃគូ​ជា​ក្រុមហ៊ុន​ជ្រើសរើស​ឯកជន​ដោយ​ស្របច្បាប់ ដើម្បី​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្របច្បាប់​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ។

ទន្ទឹម​នឹង​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្របច្បាប់​នេះ​ផង​ដែរ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​មាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ក៏​តែង​រៀបចំ​ឱកាស​ការងារ​ក្នុងស្រុក​ជាច្រើន​ម៉ឺន​កន្លែង​រៀងរាល់​សប្ដាហ៍ សម្រាប់​ប្រជាពលរដ្ឋ​មាន​បំណង​ធ្វើ​ការងារ​ក្នុង​វិស័យ​សំខាន់ៗ ដូចជា វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម និង​សេវា​កសិកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ វិនាទី មុន

ក្រសួងការងារ អំពាវនាវពលរដ្ឋខ្មែរ ទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនចុះបញ្ជិកាជាមួយក្រសួង

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

តៃវ៉ាន់ ប្រកាស​អាសន្ន ក្រោយ​ចិន​បាញ់​សាកល្បង​មីស៊ីល

ព័ត៌មានជាតិ១៣ នាទី មុន

សម្ដេចធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដូចជាGumball 3000 ដោយជោគជ័យ

សេដ្ឋកិច្ច២៩ នាទី មុន

សមាគមបារម្ភពីលទ្ធភាពកែច្នៃស្វាយចន្ទី ផ្គត់ផ្គង់ទៅទីផ្សារចិន

ព័ត៌មានជាតិ៣០ នាទី មុន

យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ព្រះមហាក្សត្រនឹងមានជំនួបជាមួយប្រធានាធិបតី ម៉ាក្រុង

Sokha Hotels

ព័ត៌មានពេញនិយម